មហាយក្សចិន បង្កើនចំនួននាវាមុជទឹក ធ្វើឲ្យលោកខាងលិចភ្ញាក់ផ្អើល
រដ្ឋធានីប៉េកាំង៖ ប្រទេសចិន កំពុងតែបង្កើនការផលិតនាវាមុជទឹក កើនឡើងចំនួន៥ដង ដោយកើនច្រើនជាងសម្ពន្ធមិត្តរបស់លោកខាងលិច រួមទាំងចក្រភពអង់គ្លេសផងដែរ ហើយក្នុងរយៈពេលមិនដល់១៥ឆ្នាំខាងមុខ អាចនឹងគំរាមកំហែង ដល់ដែនទឹករបស់លោកខាងលិច។ នេះបើតាមសារព័ត៌មានរបស់អង់គ្លេស Daily Mail (ដេលី មេល) បានផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។
ការព្រមានយ៉ាងសម្ងាត់នេះ ត្រូវបានផ្តល់ដល់សមាជិកសភារបស់លោកលិច កាលពីថ្ងៃទី១០ ខែកុម្ភៈ តាមអ្វីដែលត្រូវគេប្រាប់ ថា នៅឆ្នាំ២០៤០ តំបន់ប៉ូលបៃតង នឹងអនុញ្ញាតឱ្យនាវារបស់ចិន ចូលកាន់កាប់នៅតំបន់សមុទ្រភាគខាងជើង។
ដោយឡែក ក្រុមអ្នកជំនាញ បានអះអាង ថា ប្រទេសចិន បានរៀបចំផែនការយ៉ាងល្អ ក្នុងការទប់ស្កាត់រាល់ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ឈប់កងកម្លាំងប្រដាប់អាវុធរបស់ចិន ដណ្តើមកាន់កាប់កោះតៃវ៉ាន់។
ប្រទេសចិន កំពុងតែពង្រីកកងនាវាមុជទឹករបស់ខ្លួនយ៉ាងឆាប់រហ័ស រួមទាំង នាវាដើរដោយថាមពលនុយក្លេអែរ និងថាមពលម៉ាស៊ូតកម្រិតខ្ពស់ ហើយកំពុងតែស្ថិតលើផ្លូវ សម្រាប់ជំនួសរុស្ស៊ី ដែលជាប្រទេសមាននាវាមុជទឹកដ៏មានឥទ្ធិពលបំផុតលំដាប់ទី២របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ សមត្ថភាពរបស់ប្រទេសចិន ក្នុងការផលិតនាវាមុជទឹកជាច្រើន បង្ហាញឱ្យឃើញយ៉ាងឆាប់រហ័សនូវការបរាជ័យរបស់ចក្រភពអង់គ្លេស នៅក្នុងការសាងសង់នាវាមុជទឹកបន្ថែមទៀត។
បច្ចុប្បន្ន កងនាវាមុជទឹករបស់ចក្រភពអង់គ្លេស បាននិងកំពុងតែចំណាយពេលវេលាដ៏ច្រើនបំផុត លើការល្បាតយ៉ាងសម្ងាត់ ដើម្បីការបំពេញនូវកង្វះខាតនាវា ដែលអាចបម្រើនៅក្នុងសេវាកម្មនេះ។ នាវាមុជទឹកប្រភេទ Vanguard (វ៉ាងហ្កាត) បានបញ្ចប់ដំណើរនាវាចរណ៍ ដែលមានរយៈពេលជាង២00 ថ្ងៃ ហើយនៅទីបំផុត បានត្រឡប់ទៅកាន់កំពង់ផែវិញ ជាមួយនឹងការបញ្ចប់នូវបេសកកម្មរបស់ខ្លួន។
ក្រុមអ្នកជំនាញ ក៏បានគណនាពីចលនាយុទ្ធសាស្ត្រ ដែលចិនត្រូវធ្វើ ដើម្បីកាត់បន្ថយឱកាសរបស់សហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ការឈ្លានពានទៅលើកោះតៃវ៉ាន់។
ការបង្ហាញខ្លួន នៅចំពោះមុខគណៈកម្មាធិការជ្រើសរើសការពារជាតិ លោកសាស្ត្រាចារ្យ ផេធើរ រ៉ូប៊ឺតស៍ (Peter Roberts) បានបញ្ជាក់ ថា៖«កម្រិតនាវាមុជទឹក ដែលចិន កំពុងតែបង្កើនល្បឿនផលិត ពិតជាគួរឱ្យភ្ញាក់ផ្អើល។ ខ្ញុំគិត ថា យើងមិនធ្លាប់ឃើញរឿងបែបនេះទេ បើនិយាយពីរដ្ឋ អភិវឌ្ឍសមត្ថភាពលើបច្ចេកវិទ្យាការពារជាតិ។ ចិនបានចាប់ផ្តើមពីល្បឿនយឺត ប៉ុន្តែឥឡូវបានបង្កើនល្បឿន និងរីកចម្រើនយ៉ាងលឿនជាងអ្វីដែលយើងបានឃើញ នៅក្នុងសង្គ្រាមនាវាមុជទឹក កាលពីមុន។
សាស្រ្ដាចារ្យ រូបនេះបានបន្ថែម ថា សមត្ថភាពរបស់ចិនក្នុងការរុញនាវាមុជទឹក ទាំងមូលក្នុងអត្រា ៣, ៤, ៥ ទល់នឹង១ដែលលោកខាងលិច ផលិតជារៀងរាល់ឆ្នាំ។ ការពង្រីកកងទ័ពជើងទឹករបស់ចិន បានដំណើរការលើសពីការព្យាកររបស់លោកខាងលិច ខណៈរុស្ស៊ីកំពុងតែសាងសង់នាវាមុជទឹកដ៏ល្អឥតខ្ចោះ ត្រឹមកម្រិតទី១៕ ប្រែសម្រួល ដោយលោក ណុប ស៊ីនួន