ក្រុមអ្នកតវ៉ាថៃ​ ជំរុញឲ្យគណៈកម្មការរៀបចំបោះឆ្នោត លាលែងចេញពីតំណែង

រាជធានីបាងកក៖ ក្រោយពេលលទ្ធផលបោះឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើល អំពីជ័យជម្នះមិនទាន់ផ្លូវការ បានទៅលើគណបក្សភូមិចៃថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្ដីចាំផ្ទះ លោក អនុទិន ដោយផ្ទុយពីលទ្ធផល នៃការស្ទង់មតិជាសាធារណៈទាំងស្រុងនោះមក អ្នកតវ៉ាជនជាតិថៃ​ បានប្រមូលផ្ដុំនាំគ្នា នៅមុខទីស្នាក់ការកណ្ដាលរបស់គណៈកម្មការរៀបចំបោះឆ្នោត (EC) កាលពីថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីជំរុញឲ្យស្ថាប័នកាត់ក្ដី លើការបោះឆ្នោតមួយនេះ រាប់សន្លឹកឆ្នោតឡើងវិញ នៅទូទាំងប្រទេស។

សារព័ត៌មានរបស់ថៃ The Nation បានផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ថា មានប្រជាជនថៃមួយក្រុម បានប្រមូលផ្ដុំគ្នា នៅមុខទីស្នាក់ការកណ្ដាលរបស់គណៈកម្មការរៀបចំបោះឆ្នោត ដោយបានអំពាវនាវឲ្យរាប់សន្លឹកឆ្នោតឡើងវិញ នៅទូទាំងប្រទេស ចំពេលមានការចោទប្រកាន់ អំពីភាពមិនប្រក្រតី និង គ្មានតម្លាភាព នៅក្នុងការរាប់សន្លឹកឆ្នោត។

ក្រុមអ្នកតវ៉ាទាំងនោះ មានប្រជាជនថៃ និង ក្រុមសកម្មជនជានិស្សិត ដឹកនាំដោយលោក ធីរ៉ាផប់ ថែនហ្ក្រាផ្រាវ៉ាត់​ (Thirapop Tengraprawat) បានបញ្ជាក់ ថា ពួកគេមិនពេញចិត្តនឹងអ្នកបោះឆ្នោត ហើយ​​បាន​លើកឡើង ថា​ ​គណបក្ស​ប្រជាជន ដែលជាគណបក្សប្រឆាំងដ៏ធំរបស់ថៃ គួរតែជា​អ្នក​ឈរ​លេខ​រៀង​ទី១​​ ​នៃ​ការ​បោះឆ្នោតនេះ ហើយបាន​​រិះគន់​យ៉ាងខ្លាំង​ ​អំពី​លទ្ធផល ​មិន​ស្ថិត​នៅ​ពី​ក្រោយ​ការ​តវ៉ា​នោះ​​។​

ជាមួយគ្នានេះដែរ ក្រុមនិស្សិត និងសាធារណជនថៃ​ទាំងនោះ បាន​ស្រែកទាមទារឱ្យសមាជិកនៃគណៈកម្មការរៀបចំការបោះឆ្នោត លាលែងចេញពីតំណែង ជាមួយនឹងការ​ទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ និងរៀបចំការបោះឆ្នោត នៅមណ្ឌលមួយចំនួន ដែលមានភាពមិនប្រក្រតី។

ទន្ទឹមគ្នានេះ បក្សប្រជាជន និងភឿថៃ បានស្នើឱ្យ EC ស៊ើបអង្កេតពីភាពមិនប្រក្រតីដែលបានចោទប្រកាន់ និងពិចារណាលើការរាប់សន្លឹកឆ្នោតឡើងវិញ នៅតាមមណ្ឌលបោះឆ្នោតជាច្រើន ខណៈ EC អះអាង ថា នីតិវិធីអនុវត្តតាមច្បាប់ ហើយបានបញ្ជូនក្រុមស៊ើបអង្កេតទៅកាន់ខេត្តឈុនបុរី​៕

 

អត្ថបទដែលជាប់ទាក់ទង