ជនសង្ស័យចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាប បញ្ជូនទៅតុលាការខេត្ដសៀមរាបករណីជាប់ពាក់ព័ន្ធមនុស្សឃាតដោយចេតនា
(សៀមរាប)៖ ជនសង្ស័យចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាប បញ្ជូនទៅតុលាការខេត្ដសៀមរាប កាលពីល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ករណីជាប់ពាក់ព័ន្ធមនុស្សឃាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០កន្លងទៅ។នគរបាលមូលដ្ឋានបានឲ្យដឹងថា ក្រោយមានការសហការជាមួយស្នងការនគបាលខេត្ដសៀមរាប បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ បានកំណត់មុខសញ្ញាបានធ្វើការចាប់ខ្លួនបានចំនួន០៦នាក់ជាបន្ដបន្ទាប់ ព្រមទាំងវត្ថុតាងផងដែរ។ ជនសង្ស័យចំនួន០៦នាក់ បានសារភាពថា ពួកគេ ពិតជាបានធ្វើសកម្មភាពជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះខាងលើពិតប្រាកដមែន។ ជនសង្ស័យមានឈ្មោះ គង់ សូរិយា; វ៉ន វ៉ែន; លុន ចំរើនរិទ្ធ និង ឈ្មោះ ងួន ធារ៉ា -ឈ្មោះ ចិន មិនស្គាល់ត្រកូល ភេទប្រុស អាយុ ប្រហែល១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិវាល សង្កាត់គោកចក ឈ្មោះសិទ្ធិ មិនស្គាល់ត្រកូល ភេទប្រុស អាយុប្រហែល១៨ឆ្នាំ មិនស្គាល់ទីលំនៅ។ វត្ថុតាងដែលបានធ្វើសកម្មភាព រួមមាន កាំបិតខ្វែវមួយដើម។ លោកបានបន្ដថា ជនសង្ស័យទាំង៦នាក់នោះ បានឃាត់ខ្លួនជាបន្ដបន្ទាប់ ក្រោយពួកគេបានព្រួតគ្នាកាប់ជនរងគ្រោះម្នាក់ បណ្ដាលឲ្យស្លាប់ដែលបានកើតឡើងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ តាមបណ្ដឹងក្រុមគ្រួសារជនរងគ្រោះ។ ក្នុងកិច្ចប្រតិបត្តិការនេះ ធ្វើអស់រយៈពេល០៧ថ្ងៃចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី០២កុម្ភៈឆ្នា២០២០ ទើបចាប់ជនសង្ស័យបានចំនួន០៦នាក់នោះ។ ការចាប់ខ្លួនជនសង្ស័យទាំង៦នាក់នេះ លោកឧត្ដមសេនីយ៍ត្រី ភឹង ចិន្ដារ៉េត ស្នងការរង តំណាងលោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង យកថវិកាចំនួន២លានរៀន មកលើទឹកចិត្តដល់កម្លាំងនគរបាល និងថវិកាឧត្ដមសេនីយ៍ត្រី ភឹង ចិន្ដារ៉េត ចំនួន១លានរៀលផងដែរ។សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ជនរងគ្រោះឈ្មោះ ហេង វិឆាយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករទិញ-លក់អេតចាយ រស់នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប និងបក្ខពួកចំនួន៣នាក់ទៀត បាននាំគ្នាចូលទៅផឹកស៊ី និងរាំលេងនៅក្នុងក្លិប កាឡាក់ស៊ី ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។ នៅពេលរាំលែងក្នុងក្លិប ជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយនឹងបក្ខពួកក្រុមក្មេងស្ទាវម្ខាងទៀត ដែលគេពុំធ្លាប់ស្គាល់ ហើយមានការវាយតប់គ្នាទៅវិញទៅមក ដោយមិនបណ្ដាលឲ្យអ្នកណាមួយរងរបួសនោះទេ។ ប៉ុន្ដែនៅវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រថ្ងៃដដែល ជនរងគ្រោះឈ្មោះ ហេង វិឆាយ និងបក្ខពួករបស់គេខាងលើ បាននាំគ្នាចេញពីក្លិបក្នុងគោលបំណងទៅផ្ទះ ពេលជិះដល់ចំណុចខាងក្រោយសណ្ឋាគារសូហ្វីតែល ស្ថិតនៅភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំ ក៏មានមនុស្សមួយក្រុម ដែលជាក្មេងស្ទាវស្ទាវ មានគ្នាជាច្រើននាក់ ពុំធ្លាប់ស្គាល់គ្នា និងម៉ូតូប្រហែល០៦គ្រឿង បានធ្វើសកម្មភាព ប្រើកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះឈ្មោះ ហេង វិឆាយ ត្រូវចំក្បាលប៉ែកខាងស្ដាំ បណ្ដាលឲ្យមុតរយះប្រវែង១៥សង់ទីម៉ែត្រ។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់ បានជិះម៉ូតូគេចខ្លួនបាត់ ចំណែកជនរងគ្រោះ ត្រូវបានស្លាប់បាត់បង់ជីវិត ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប។ ជនសង្ស័យ ត្រូវបានបញ្ជូនទៅតុលាការខេត្ដសៀមរាប ដើម្បីចាត់ការបន្ត៕