ធនាគារកណ្តាលចិន បាននិយាយថា ខ្លួននឹងបញ្ចូលទឹកប្រាក់ចំនួន ១,២ ទ្រីលានយ័ន (១៧៣ ពាន់លានដុល្លារ) ទៅក្នុងសេដ្ឋកិច្ច សម្រាប់ការប្រយុទ្ធប្រឆាំងនឹងវីរុសដ៏សាហាវ
កាលបរិច្ឆេទ ថ្ងៃទី 3 ខែ កុម្ភៈ ឆ្នាំ 2020
(អន្តរជាតិ)៖ ធនាគារកណ្តាលចិន បាននិយាយកាលពីថ្ងៃអាទិត្យ ទី២ ខែកុម្ភៈថា ខ្លួននឹងបញ្ចូលទឹកប្រាក់ចំនួន ១,២ ទ្រីលានយ័ន (១៧៣ ពាន់លានដុល្លារ) ទៅក្នុងសេដ្ឋកិច្ច សម្រាប់ការប្រយុទ្ធប្រឆាំងនឹងវីរុសដ៏សាហាវ ដែលគេរំពឹងថានឹងជះឥទ្ធិពលដល់កំណើន ។
ធនាគារកណ្តាលប្រជាជនចិន (PBOC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ធនាគារនឹងចាប់ផ្តើមប្រតិបត្តិការបញ្ចូលសាច់ប្រាក់ ១,២ ទ្រីលានយន់ នៅថ្ងៃច័ន្ទនេះ ដើម្បីរក្សានូវ “សាច់ប្រាក់ឲ្យមានសមតុល្យ” នៅក្នុងប្រព័ន្ធធនាគារ ក៏ដូចជា ទីផ្សាររូបិយប័ណ្ណដែលមានស្ថេរភាព អំឡុងពេលមានការរីករាលដាលនៃវីរុស ។
ធនាគារបានបន្ថែមទៀតថា សាច់ប្រាក់សរុបនៅក្នុងប្រព័ន្ធធនាគារ នឹងមានចំនួន ៩០០ ពាន់លានយន់ (១២៩ ពាន់លានដុល្លារ) ច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ការផ្លាស់ប្តូរនេះ នឹងចាប់ផ្តើមនៅថ្ងៃដែលទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិនបានបើកដំណើរការឡើងវិញ បន្ទាប់ពីការឈប់សម្រាកនៅរដូវបុណ្យនិទាឃរដូវ ។ បច្ចុប្បន្ន វីរុសនេះបានឆ្លងដល់ប្រជាជនជាង ១៧.០០០ នាក់នៅក្នុងប្រទេសចិន ហើយបានសម្លាប់មនុស្ស ៣៦១ នាក់ ។
កាលពីថ្ងៃសៅរ៍ PBOC ក៏បានប្រកាសពីវិធានការណ៍មួយចំនួន ដើម្បីបង្កើនការគាំទ្រផ្នែករូបិយវត្ថុ និងឥណទានដល់សហគ្រាស ដែលកំពុងជួយក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគ ដូចជា ក្រុមហ៊ុនវេជ្ជសាស្ត្រ ជាដើម ។
ធនាគារកណ្តាលរបស់ប្រទេសចិន បានជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុ ផ្តល់នូវប្រភពឥណទានឲ្យបានគ្រប់គ្រាន់ដល់មន្ទីរពេទ្យ និងអង្គការវេជ្ជសាស្ត្រដទៃទៀតក្នុងចំណោមវិធានការណ៍ផ្សេងទៀត ។
វិធានការក្នុងការបញ្ចូលសាច់ប្រាក់ទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន កើតឡើងនៅពេលវីរុសគំរាមធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ។ប្រទេសចិនមានកំណើនសេដ្ឋកិច្ច ៦,១ ភាគរយកាលពីឆ្នាំមុន ដែលជាអត្រាទាបបំផុតក្នុងរយៈពេល ៣ ទសវត្សកន្លងមក ។ ក្រុមអ្នកវិភាគកំពុងព្រមានថា បញ្ហាកំណើនអាចចុះខ្សោយបន្ថែមទៀត ប្រសិនបើការរីករាលដាលនៃវីរុស បន្តទៅមុខទៀត ៕