ប្រអប់ខ្មៅបានបង្ហាញថា អាជ្ញាធរទីក្រុងតេហេរ៉ង់ពិតជាបានដឹងភ្លាមៗថា ខ្លួនបានបាញ់ទម្លាក់យន្តហោះអ៊ុយក្រែននេះ
(អន្តរជាតិ)៖ យោងតាមភស្តុតាងដែលរកឃើញនៅក្នុងប្រអប់ខ្មៅបានបង្ហាញថា អ្នកបើកបរយន្តហោះជនជាតិអ៊ីរ៉ង់បាននិយាយទៅកាន់ប៉មត្រួតពិនិត្យការហោះហើរក្នុងទីក្រុងតេហេរ៉ង់ បានន័យថាអាជ្ញាធរទីក្រុងតេហេរ៉ង់ពិតជាបានដឹងភ្លាមៗថា ខ្លួនបានបាញ់ទម្លាក់យន្តហោះអ៊ុយក្រែននេះ។ ប៉ុន្តែក្នុងពេលនោះពួកគេបានបដិសេធន៍យ៉ាងដាច់អហំកា។ នេះជាការបញ្ជាក់អះអាងរបស់លោកប្រធានាធិបតីអ៊ុយក្រែនVolodymyr Zelenskiy។ស្ថានីយ៍ទូរទស្សន៍រដ្ឋរបស់ប្រទេសអ៊ុយក្រែន បានចាក់ផ្សាយទាំងស្រុងសម្លេងនៅក្នុងប្រអប់ខ្មៅលឺអាកាសយានិកនៃយន្តហោះមួយផ្សេងទៀតដែលហោះក្បែរគ្នាដែរនោះនិយាយថា គាត់បានឃើញពន្លឺនៃគ្រាប់មីស៊ីលនៅលើអាកាសមុនពេលដែលយន្តហោះនៃក្រុមហ៊ុនអាកាសចរអន្តរជាតិអ៊ុយក្រែនជើងហោះហើរ752បានធ្លាក់បន្ទាប់ពីមានការផ្ទុះដ៏ខ្លាំង។ អ្នកដំណើរលើយន្តហោះចំនួន១៧៦នាក់ស្លាប់ទាំងអស់។ ក្រោយពេលទូរទស្សន៍អ៊ុយក្រែនផ្សព្វផ្សាយព័ត៌មាននេះភ្លាមបានធ្វើឲ្យទីក្រុងតេហេរ៉ង់មានការខឹងសម្បារជាខ្លាំង ព្រោះនេះជាភស្តុតាងសម្ងាត់បំផុតមិនត្រូវធ្វើការផ្សព្វផ្សាយ។ជាមួយគ្នាទីក្រុងតេហេរ៉ង់បានប្រកាសថាខ្លួននឹងមិនចែករំលែកនូវព័ត៌ណាមួយទៀតទាក់ទងទៅនឹងការបាញ់ទម្លាក់យន្តហោះដោយអចេតនានេះទៅឲ្យប្រទេសអ៊ុយក្រែនទេ៕