ចំនួនមនុស្សស្លាប់ដោយសារវីរុស កូរ៉ូណាថ្មី ឬ Covid-19 បានកើនឡើងដល់ ១,១១០នាក់ និងឆ្លងជាង ៤៤,២០០នាក់

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចុះផ្សាយថា បើយោងតាមទិន្និន័យចេញពីគណៈកម្មការសុខាភិបាលចិន បានបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារវីរុស កូរ៉ូណាថ្មី ឬ Covid-19 បានកើនឡើងដល់ ១,១១០នាក់ និងឆ្លងជាង ៤៤,២០០នាក់។

សូមបញ្ជាក់ផងដែរថា តួលេខខាងលើនេះត្រូវបានស្រង់ចេញពីតាមបណ្តាខេត្ត និងតំបន់នានាចំនួន ៣១ នៅទូទាំងប្រទេសចិន ដែលមានការផ្ទុះឡើងនូវវីរុសនេះ។

គួរម្លឹកផងដែរថាកាលពីម្សិលមិញ មនុស្ស ៩៤នាក់បន្ថែមទៀតបានបាត់បង់ជីវិត និង ១,៦៣៨នាក់ផ្សេងទៀតត្រូវបានរកឃើញថា មានផ្ទុកវីរុស Covid-19 ឬកូរ៉ូណាថ្មី។

ដោយឡែកនាពេលថ្មីៗនេះ បើតាមទីភ្នាក់ងារព័ត៌មានបារាំង AFP បានបញ្ជាក់ថាវីរុសកូរ៉ូណាថ្មីដែលបានផ្ទុះឡើងដំបូងចេញពីទីក្រុង Wuhan នៃខេត្ត Hubei ភាគកណ្តាលប្រទេសចិន កាលពីចុងឆ្នាំ ២០១៩ ទីបំផុតត្រូវបានដាក់ឈ្មោះឲ្យជាផ្លូវការហើយ គឺហៅថា «Covid-19»។

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នាថ្ងៃអង្គារនេះ បានប្រកាសអំពីការដាក់ ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាប្រភេទថ្មី ដែលកន្លងមកមានត្រឹមឈ្មោះសម្គាល់បណ្តោះអាសន្នថា 2019-nCoV។

បើតាមលោក Tedros ក្នុងនោះ Co និង Vi គឺតំណាងឲ្យពាក្យ «កូរ៉ូណាវីរុស (Coronavirus) ឬ វីរុសកូរ៉ូណា» រីឯ D តំណាងឲ្យពាក្យថា «ជំងឺ (Disease)» ហើយលេខ 19 តំណាងឲ្យឆ្នាំ២០១៩ ជាពេលដែលវីរុសកូរ៉ូណាថ្មីនេះ ត្រូវបានរកឃើញជាលើកដំបូង។

លោកប្រមុខអង្គការ WHO បានគូសបញ្ជាក់ថា ឈ្មោះផ្លូវការ «Covid-19» នេះ គឺមិនមានភ្ជាប់ទៅនឹងទីតាំងភូមិសាស្រ្ត សត្វ ក្រុមបុគ្គល ឬជាតិសាសន៍ណាមួយឡើយ ដែលវាជាកត្តាប្រសើរបំផុត ហើយងាយស្រួលហៅថែមទៀតផងគឺ «ខូវីដ-១៩»៕

អត្ថបទដែលជាប់ទាក់ទង