បុរសម្នាក់ត្រូវដីបាក់សង្កត់លើបណ្តាលឲ្យស្លាប់ចោលគូដណ្តឹង ដែលនឹងត្រូវចូលរោងការខាងមុខនៅពេលឆាប់ៗ!
(សៀមរាប)៖ បុរសម្នាក់ត្រូវដីបាក់សង្កត់លើបណ្តាលឲ្យស្លាប់ចោលគូដណ្តឹង ដែលនឹងត្រូវចូលរោងការនាថ្ងៃ១៨ ខែមីនាខាងមុខនេះ។ ហេតុការណ៍គួរឲ្យសោកសង្រេងនេះ បានកើតឡើងកាលពីថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិត្រាំកង់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
បើតាមលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណិត ចាប អាយុ២៣ឆ្នាំ មុររបរកសិករ រស់នៅភូមិត្រាំងកង់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ លោកបានឲ្យដឹងទៀតថា កាលពីថ្ងៃទី១២ ខែកុម្ភៈម្សិលមិញ ជនរងគ្រោះ បាននាំគូដណ្តឹងដែលត្រូវរៀបការនៅខែមីនាខាងមុខនេះ ទៅជីកដីដំបូកយកធ្វើឡដុតធ្យូង នៅចំណុចគោកស្រែសាម៉ ខាងជើងភូមិចម្ងាយ១០០០ម៉ែត្រ។លោកបានបន្តថា ពេលដែលជនរងគ្រោះកំពុងជីកដី ស្រាប់តែដីបាក់ធ្លាក់សង្កត់បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង។ ក្រោយទទួលព័ត៌មាននេះ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្លែងស្ពាន បានចុះដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យ។ ក្រោយពិនិត្យរួចមក សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ពិតជាត្រូវដីបាក់សង្កត់បណ្តាលឲ្យស្លាប់ ពិតប្រាកដមែន៕