ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនខ្វល់ទេនូវការសម្រេចចិត្តរបស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ ក្នុងការបញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយសហរដ្ឋអាម៉េរិក
(អន្តរជាតិ)៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា លោកមិនខ្វល់ទេនូវការសម្រេចចិត្តរបស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ ក្នុងការបញ្ចប់កិច្ចព្រមព្រៀងយោធា ដែលមានអាយុកាលរាប់ទសវត្សរ៍ ជាមួយសហរដ្ឋអាម៉េរិក ជាគោលជំហរផ្ទុយពីរដ្ឋមន្រ្តីក្រសួងការពារជាតិរបស់លោក ដែលបានមើលការផ្លាស់ប្តូរនេះ ដោយភាពស្រងាកចិត្ត។
កាលពីថ្ងៃអង្គារ លោក Duterte បានប្រកាសពីការបញ្ចប់កិច្ចព្រមព្រៀង ស្តីពីកងកម្លាំងធ្វើទស្សនកិច្ច (VFA) ដែលមានអាយុកាលពីរទសវត្សរ៍។ រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិក លោក Mark Esper បានហៅការសម្រេចនេះថា ជាភាពស្រងាកចិត្ត នៅពេលដែលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត បានជំរុញប្រទេសចិនឱ្យគោរពតាម “ច្បាប់អន្តរជាតិ” នៅក្នុងទ្វីបអាស៊ី។ ស្ថានទូតអាម៉េរិកនៅទីក្រុងម៉ានីល បានហៅការសម្រេចចិត្តរបស់ហ្វីលីពីនថាជា “ជំហានដ៏ធ្ងន់មួយ ដែលមានការជាប់ជំពាក់ដ៏ធំ” ។ ការសម្រេចចិត្តរបស់លោក Duterte បង្កឡើងដោយការដកហូតទិដ្ឋាការបស់អាម៉េរិក ទៅលើអតីតមេប៉ូលិសដែលដឹកនាំសង្គ្រាមបង្ហូរឈាម ប្រឆាំងគ្រឿងញៀនរបស់លោក Duterte ដែលនឹងចូលជាធរមាន ក្នុងរយៈពេល ១៨០ ថ្ងៃ ហើយមន្ត្រីសហរដ្ឋអាម៉េរិកបានសម្តែងក្តីសង្ឃឹមថា វាអាចវិលមកវិញ ឬពន្យារពេល។នៅពេលសួរអំពីការផ្លាស់ប្តូររបស់លោក Duterte លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “ខ្ញុំពិតជាមិនខ្វល់ទេ បើពួកគេចង់ធ្វើហើយ វានឹងជួយសន្សំប្រាក់បានច្រើន”។ ជារឿយៗលោក Trump បានបង្ហាញនូវបំណងចង់នាំកងកម្លាំងយោធាសហរដ្ឋអាម៉េរិក ចូលប្រទេសវិញ បន្ទាប់ពីដាក់ពង្រាយជាច្រើនទសវត្សមកហើយនៅឯបរទេស និងមានសម្ព័ន្ធមិត្តរឹងមាំមួយចំនួន ក្នុងការចំណាយកាន់តែច្រើនសម្រាប់សិទ្ធិក្នុងការការពារសហរដ្ឋអាម៉េរិក។ លោក Trump បាននិយាយថា សហរដ្ឋអាម៉េរិកបានជួយហ្វីលីពីន កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម ។ លោកបន្តថា លោកមានទំនាក់ទំនងល្អជាមួយលោក Duterte ហើយបានបន្ថែមទៀតថា “យើងនឹងឃើញមានអ្វីកើតឡើង” ។ ការសម្រេចចិត្តរបស់លោក Duterte អាចធ្វើឱ្យស្មុគស្មាញដល់ផលប្រយោជន៍យោធារបស់សហរដ្ឋអាម៉េរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅពេលមហិច្ឆតារបស់ចិនកើនឡើង។ សមាជិកព្រឹទ្ធសភាហ្វីលីពីនខ្លះ បានស្វះស្វែងរារាំងការផ្លាស់ប្តូរនេះ ដោយលើកហេតុផលថា លោក Duterte គ្មានសិទ្ធិធ្វើកោសល្យវិច័យអន្តរជាតិ ដោយឯកតោភាគីទៅលើកិច្ចព្រមព្រៀងអន្តរជាតិ ដែលព្រឹទ្ធសភារបស់ប្រទេសនេះ បានផ្តល់សច្ចាប័ននោះទេ។ ការបញ្ចប់ VFA ធ្វើឱ្យស្មុគស្មាញដល់កិច្ចប្រឹងប្រែងរបស់ក្រុងវ៉ាស៊ីនតោន ក្នុងការរក្សាវត្តមានកងទ័ពនៅ អាស៊ី-ប៉ាស៊ីហ្វិក ចំពេលមានការទាស់ទែងគ្នា ចំពោះវត្តមានបុគ្គលិកអាម៉េរិកនៅជប៉ុន និងកូរ៉េខាងត្បូង និងការព្រួយបារម្ភអំពីសន្តិសុខចេញពីប្រទេសចិន និងកូរ៉េខាងជើង៕