មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង០២នាក់ផ្សេងទៀតរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

(បាត់ដំបង) សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង០២នាក់ផ្សេងទៀតរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តធុនធ្ងន់ពីរគ្រឿងបុកគ្នាពេញទំហឹង នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវជាតិលេខ០៥ ត្រង់ចំណុចក្រុមទី០៤ ភូមិប៉ោយសំរោង ឃុំតាពូង  ស្រុកថ្មគោល ខេត្តបាត់ដំបង។

ករណីនេះដែរ បានកើតឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខAT18(3-0819) អ្នកបើកបរឈ្មោះ សាំ ថាន ភេទប្រុសអាយុ៣១ ឆ្នាំ រស់នៅភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង  ខេត្តបាត់ដំបង (ស្លាប់នៅកន្លែងកើតហេតុ) ចំណែករថយន្តម្ខាងទៀតម៉ាក ហ៊្វុយសូ(FUSO) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-33.00 អ្នកបើកបរឈ្មោះ ឈុំ ភារិន ភេទប្រុស អាយុ ៣៧ឆ្នាំ (របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ខៀវ សុថាត់ភេទប្រុស អាយុ ២១ឆ្នាំ(របួសធ្ងន់)ទាំងពីរនាក់ រស់នៅភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ប្រភពចេញពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកបរក្នុងទិសដៅពីត្បូងទៅជើង (បាត់ដំបងបន្ទាយមានជ័យ) លុះមកដល់ចំណុចកើតហេតុខាងលើ បានឡើងជែងរថយន្តនៅពីមុខស្របទិសគ្នាផ្សេងមួយទៀត ក៏ស្រាប់តែបានជ្រុលចង្កូតទៅបុករថយន្តម៉ាកហ្វ៊ុយសូ បើកបរទិសដៅផ្ទុយគ្នាពេញទំហឹងបណ្តាលឱ្យអ្នកបើកបររថយន្តទាំងសងខាងស្លាប់ម្នាក់ និងរបួសធ្ងន់០២ នាក់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើការវាស់វែង និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ។ ចំណែកសាកសពត្រូវបានប្រគល់ឱ្យខាងក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក រថយន្តទាំងពីរ សមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង