គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ ដោយមានបុរសម្នាក់ ជិះម៉ូតូដួលខ្ទាតចូលក្រោមរថយន្តកុងតឺន័រ កិនស្លាប់ភ្លាមៗនៅនឹងកន្លែង

(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុងផ្សារទួលពង្រ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ ដោយមានបុរសម្នាក់ ជិះម៉ូតូដួលខ្ទាតចូលក្រោមរថយន្តកុងតឺន័រ កិនស្លាប់ភ្លាមៗនៅនឹងកន្លែង។

បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍នោះ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CF-4750 ធ្វើដំណើររឿងពីត្បូងទៅជើង ក្នុងល្បឿនលឿន។

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែទាក់ដៃចង្កូតគ្នា ជាមួយនឹងម៉ូតូ១គ្រឿងទៀត ដែលមិនស្គាល់ម៉ាក បណ្ដាលឲ្យដួលម៉ូតូ ហើយជនរងគ្រោះ បានខ្ទាតចូលទៅក្រោមរថយន្តកុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-3581 ដែលធ្វើដំណើរស្របគ្នា ក្នុងល្បឿនយ៉ាងលឿន ក៏កិនក្បាលជនរងគ្រោះ បែកទាំងមួកសុវត្ថិភាព ស្លាប់មួយរំពេច។ ភ្លាមៗនោះដែរ តៃកុងរថយន្ដបង្ក បានចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុក រង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង