ក្រុមតាលីបង់វាយប្រហារទីក្រុងសំខាន់៣ នៅអាហ្វហ្កានីស្ថាន

ិតចាប់តាំងពីថ្ងៃទី១ខែសីហាមក ការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមតាលីបង់បានកើតឡើងជាបន្តបន្ទាប់នៅទីក្រុងសំខាន់ៗ៣នៅភាគខាងត្បូង និងខាងលិចអាហ្វហ្កានីស្ថាន។ ក្រុមឧទ្ទាមតាលីបង់ បានបើកយុទ្ធនាការដណ្តើមទីក្រុង Herat, Lashkar Gah និង Kandahar ដែលស្ថិតក្រោមការគ្រប់គ្រងរដ្ឋាភិបាលកាប៊ុល។

ទីក្រុង Lashkar Gah ទីរួមខេត្ត Helmand កំពុងស្ថិតក្រោមការវាយប្រហារខ្លាំងពីសំណាក់ក្រុមឧទ្ទាមតាលីបង់ ហើយគេកំពុងបារម្ភថា ទីក្រុងនេះ អាចក្លាយជាទីរួមខេត្តទី១ ធ្លាក់ចូលដៃក្រុមឧទ្ទាមមិនខានគិតតាំងពីឆ្នាំ២០១៦ មក។ កងកម្លាំងរដ្ឋាភិបាលអាហ្វហ្កានីស្ថានរាប់រយនាក់ ត្រូវបានដាក់ពង្រាយដើម្បីប្រយុទ្ធជាមួយក្រុមឧទ្ទាមតាលីបង់នៅទីក្រុងសំខាន់ៗទាំងបីនេះ។ មេបញ្ជាការយោធាម្នាក់ព្រមានថា ជ័យជម្នះរបស់ក្រុមតាលីបង់នឹងមានឥទ្ធិពលដែលបំផ្លិចបំផ្លាញសន្តិសុខពិភពលោក។

ស្របគ្នានេះ ក្រុមឧទ្ទាមតាលីបង់ ក៏ប៉ុនប៉ងកាប់ទីក្រុង Kandahar ដែលជាទីក្រុងធំទី ២ របស់អាហ្វហ្គានីស្ថានទៀត ដោយបានវាយប្រហារអាកាសយានដ្ឋាននៃទីក្រុងនេះនៅថ្ងៃទី១ ខែសីហាកន្លងទៅដោយប្រើប្រាស់គ្រាប់រ៉ុក្កែត។ ការកាន់កាប់ទីក្រុងនេះ នឹងក្លាយជាជ័យជម្នះយ៉ាងធំធេងសម្រាប់ក្រុមតាលីបង់ និងកាន់តែផ្តល់ភាពងាយស្រួយដល់ក្រុមឧទ្ទាមនេះក្នុងការក្តាប់យកខេត្តផ្សេងៗនៅភាគខាងត្បូងអាហ្វហ្កានីស្ថាន។

ក្រោយអាមេរិក និងសម្ព័ន្ធមិត្តចម្រុះចាប់ផ្ដើមដកទ័ព ក្រុមតាលីបង់បានវាយលុកយ៉ាងឆាប់រហ័ស និងកាន់កាប់បានតំបន់ជាច្រើនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani បានរិះគន់ចំៗលើការដកទ័ពភ្លាមៗនេះ ដែលបើកផ្លូវឱ្យក្រុមតាលីបង់បង្កើនការវាយប្រហារកាន់តែខ្លាំងលើកម្លាំងរដ្ឋាភិបាលកាប៊ុល។ លោក Ghani ធ្លាប់បានព្រមានទីក្រុងវ៉ាស៊ីនតោនរួចមកហើយថា ការដកទ័ពនេះនឹងផ្តល់ផលវិបាកនៅអាហ្វហ្គានីស្ថាន។

គួរបញ្ជាក់ផងដែរថា ទោះបីជាកងកម្លាំងយោធារបស់អាមេរិកស្ទើរតែទាំងអស់បានចាកចេញក៏ដោយ ក៏អាមេរិកនៅតែបន្តការវាយប្រហារតាមផ្លូវអាកាសទៅលើក្រុមតាលីបង់ដើម្បីគាំទ្រដល់កងកម្លាំងរដ្ឋាភិបាលផងដែរ៕

 

 

អត្ថបទដែលជាប់ទាក់ទង