ពិធីប្រកាសដាក់ប្រើប្រាស់ជាផ្លូវការ “ផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥”
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) និង ក្រសួងមហាផ្ទៃ បានរៀបចំពិធីប្រកាសដាក់ប្រើប្រាស់ជាផ្លូវការ ”ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥” តាមរយៈកម្មវិធីអនឡាញ ZOOM។
នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់វិស័យកិច្ចការពារកុមារ អ្នកធ្វើការពាក់ព័ន្ធ ជាពិសេសសម្រាប់កុមារ និងយុវជនគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងទទួលបានការការពារសុវត្ថិភាពកាន់តែប្រសើរ នៅពេលកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប នាយុគ្គសម័យឌីជីថលនេះ ។
ជាការពិត ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ជាបញ្ហាសកល និងកំពុងបង្កហានិភ័យដល់កុមារគួរព្រួយបារម្ភ ។ នាឆ្នាំ ២០២០ របាយការណ៍របស់មជ្ឃមណ្ឌលជាតិសម្រាប់កុមារបាត់ខ្លួននិងត្រូវបានកេងប្រវ័ញ្ច (NCMEC) របស់សហរដ្ឋអាមេរិក បានបង្ហាញពីចំនួនករណីនៃការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញដែលកើនឡើងដល់ជាង ២១.៧លាន ករណី ក្នុងនោះ ជនល្មើសភាគច្រើនជាមនុស្សដែលកុមារមិនស្គាល់។ ទន្ទឹមគ្នានេះ របាយការណ៍របស់សមាគមន៍បណ្តាញរាយការណ៍បន្ទាន់អន្តរជាតិ (INHOPE) ឆ្នាំ២០២០ បានបង្ហាញថា ៧៦% នៃកុមាររងគ្រោះពីរូបភាពរំលោភបំពានផ្លូវភេទមានអាយុពី ៣ ទៅ ១៣ឆ្នាំ ១%ជាកុមារមានអាយុពី ០ ទៅ ២ឆ្នាំ និង ៩៣% ជាក្មេងស្រី ។
ដោយឡែក នៅកម្ពុជា មិនទាន់មានទិន្នន័យផ្លូវការជាក់លាក់បញ្ជាក់ពីទំហំនៃការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញ នៅឡើយទេ ប៉ុន្តែតាមរយៈការរាយការណ៍ពីសាធារណៈជនមកកាន់សមត្ថកិច្ច និងបណ្តាញរាយការណ៍តាមអ៊ីនធើណិត (Internet Hotline) ជាមធ្យម មានចំនួនរាយការណ៍ជាង ១៥០ករណី ក្នុងមួយឆ្នាំៗ ដែលជាករណីសង្ស័យទាក់ទងនឹងការលួងលោមកុមារតាមអនឡាញ ការផលិត និងចែកចាយរូបភាព- សម្ភារអាសអាភាសកុមារ និងការគំរាមខាងផ្លូវភេទ ជាដើម។ យោងតាមការសិក្សាស្រាវជ្រាស្តីពីការវិភាគស្ថានភាពដំបូងនៃការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញនៅកម្ពុជា ឆ្នាំ២០២០ ដែលក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានដឹកនាំ និងសម្របសម្រួល ប្រមាណ ៦០% នៃកុមារកម្ពុជាដែលបានចូលរួមក្នុងដំណើរការអង្កេតត្រូវបានរាយការណ៍ថា ធ្លាប់បានជួបប្រទះហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ នៅពេលពួកគេប្រើប្រាស់អ៊ីនធឺណិត ដូចជាការលួងលោមក្នុងគោលបំណងផ្លូវភេទ និងការបង្ខំផ្ញើរូបអាក្រាតរបស់កុមារជាដើម។
ឆ្លើយតបនឹងបញ្ហាខាងលើ ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាបានកំពុងយកចិត្តទុកដាក់ និងរួមកម្លាំងគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព។ នៅក្នុងបរិបទនៃការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ (ICT) និងកំណើននៃការប្រើប្រាស់ កម្ពុជាបានបោះជំហានទៅមុខក្នុងការប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងខិតខំប្រឹងប្រែង ធ្វើឱ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាពអ៊ីនធឺណិត ដើម្បីផ្តល់បិរយាកាសឌីជីថលវិជ្ជមាន និងប្រកបដោយសុវត្តិភាព ដល់អ្នកប្រើប្រាស់ ជាពិសេសកុមារ ដែលជាអ្នកប្រើប្រាស់យ៉ាងសកម្ម រួមទាំងការប្រើប្រាស់សម្រាប់ការសិក្សាអប់រំរបស់ពួកគេទាំងនៅទីក្រុង និងទីជនបទ ដែលធ្វើឱ្យវិស័យបច្ចេកវិទ្យាព័ត៌មានមួយនេះ រឹតតែទទួលបាននូវការពេញនិយមសម្រាប់ការទំនាក់ទំនង និងអភិវឌ្ឍន៍គ្រប់វិស័យ។ ក្រោមការឆ្លើយតបជាសកល រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចូលជារដ្ឋភាគីហត្ថលេខីនៃសេចក្តីថ្លែងការណ៍សកម្មភាពសកល)WePROTECT) ដែលបានចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងអាប៊ុយដាប៊ី កាលពីឆ្នាំ២០១៥ ដែលមានក្រសួងមហាផ្ទៃ ជាអ្នកសម្របសម្រួល។ សេចក្តីថ្លែងការណ៍សកម្មភាពសកលនេះបានបង្កើតយន្តការឆ្លើយតបថ្នាក់ជាតិគំរូ (MNR) ដែលកម្ពុជាបានទទួលយកមកបញ្ចូលក្នុងផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥នេះ។ កម្ពុជាក៏បានចូលជាសមាជិកនៃប្រទេសភាពជាដៃគូសកល ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ (PathFinding Country) កាលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ និងបានរៀបចំផែនការសកម្មភាពទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០១៧-២០២១ ដែលបានលើកទឹកចិត្តមានសកម្មភាពទប់ស្កាត់អំពើហិង្សា និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ផងដែរ។ លើសពីលើនេះទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមអនុម័តសេចក្តីថ្លែងការណ៍រួមរបស់សមាគមន៍អាស៊ាន នាកិច្ចប្រជុំកំពូលនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងអំពាវនាវរដ្ឋជាសមាជិកអាស៊ានទាំងអស់ប្រើប្រាស់បទដ្ឋានកម្រិតខ្ពស់ ដើម្បីការពារកុមារទាំងអស់នៅក្នុងអាស៊ានពីការកេងប្រវ័ញ្ច និងរំលោភបំពានតាមប្រព័ន្ធអនឡាញ។
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំផែនការសកម្មភាព ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ ដោយមានការឧបត្ថម្ភថវិកា និងបច្ចេកទេសពីអង្គការដែនដីមនុស្ស-ហូឡង់ដ៍ (Terre des Homme Netherlands) អង្គការសកម្មភាពដើម្បីកុមារ (APLE) ។ ផែនការសកម្មភាពនេះគឺជាការចូលរួមចំណែកដ៏ធំ បង្ហាញអំពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែង ជាពិសេស ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការការពារកុមារពីគ្រោះថ្នាក់ និងការកេងប្រវ័ញ្ចគ្រប់រូបភាពមកលើកុមារ។ ផែនការនេះបានកំណត់នូវគោលដៅយុទ្ធសាស្រ្តសំខាន់ៗ រួមមាន៖
- ពង្រឹងប្រសិទ្ធភាពការអនុវត្តគោលនយោបាយ និងអភិបាលកិច្ច
- លើកកម្ពស់យុត្តិធម៌ព្រហ្មទណ្ឌ
- លើកកម្ពស់វិធានការបង្ការ ទប់ស្កាត់ និងស្តារនីតិសម្បទាជនរងគ្រោះដោយអំពើកេងប្រវ័ញ្ចផ្លូវតាមប្រព័ន្ធអនឡាញ
- ពង្រឹងសុវត្ថិភាពសហគមន៍ពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ
- ពង្រឹងលក្ខន្តិកៈសម្រាប់ការផ្តល់សេវាអ៊ីនធឺណិត
- បង្កើនការផ្សព្វផ្សាយ និងការយល់ដឹងត្រឹមត្រូវអំពីបញ្ហាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។
ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ មានសារៈសំខាន់ក្នុងការបន្តអនុវត្តគោលនយោបាយរបស់រាជដ្ឋាភិបាលសំដៅ៖
- ការពារសិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ រួមទាំងការពារផលប្រយោជន៍របស់ជនរងគ្រោះ សហគមន៍ និងសង្គម
- បង្កើននូវការអប់រំ ទប់ស្កាត់ និងកាត់បន្ថយនូវភាពអសកម្ម ឆ្លើយតបទៅនឹងវិធានការនានា ដែល រាជរដ្ឋាភិបាល រួមជាមួយគ្រួសារ សហគមន៍ ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលនានា ក្នុងការអភិវឌ្ឍអនីតិជនឱ្យក្លាយជាពលរដ្ឋល្អ និងជាអ្នកបន្តវេនរបស់ប្រទេសជាតិ
- បង្កើនកិច្ចសហការរវាងក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការនីតិប្រតិបត្តិ និងតុលាការ ក្នុងការដោះស្រាយបញ្ហាអនីតិជនឱ្យស្របទៅនឹងបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិកុមារ
- បំពេញកាតព្វកិច្ចជាប្រទេសសមាជិកនៃអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ និងបង្កើនកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជាជាមួយស្ថាប័នអន្តរជាតិផ្សេងៗ ក្នុងការការពារសិទ្ធិកុមារ។
ផែនការសកម្មភាពនេះ ក៏បានរួមបញ្ចូលនូវភាគីពាក់ព័ន្ធ ស្ថាប័នពហុជំនាញដែលទទួលខុសត្រូវលើកិច្ចការការពារកុមារលើប្រព័ន្ធអនទ្បាញ ដែលមានដូចជាសង្គមស៊ីវិល និងវិស័យឯកជន ក្រោមកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា “ពិធីប្រកាសជាផ្លូវការនាពេលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញ លើកកម្ពស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសតួអង្គ យុត្តិធម៌ព្រហ្មទណ្ឌ អ្នកអនុវត្តន៍ច្បាប់ និងអង្គការដៃគូពាក់ព័ន្ធ ទទួលយកផែនការសកម្មភាព ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ មកអនុវត្ត ដោយផ្សារភ្ជាប់និងផែនការយុទ្ធសាស្រ្តរបស់ក្រសួងស្ថាប័នសាម៉ី។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា “ស្របពេលនឹងវិបត្តិកូវីដ-១៩ កំពុងរាតត្បាតទូទាំងពិភពលោក ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន រឹតតែមានសារសំខាន់ ក្នុងការប្រាស្រ័យទាក់ទង និងដោះស្រាយគ្រប់បញ្ហា រួមទាំងការសិក្សាអប់រំរបស់កុមារ និងយុវជន យុវនារី ទាំងនៅទីក្រុង ទាំងជនបទ ដែលធ្វើឱ្យវិស័យបច្ចេកវិទ្យាព័ត៌មាននេះ រឹតតែទទួលបាននូវការពេញនិយមសម្រាប់ទំនាក់ទំនង និងអភិវឌ្ឍន៍គ្រប់វិស័យ។ ទោះបីជាយ៉ាងនេះក្តី ការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ក៏មានជ្រុងអវិជ្ជមានមួយចំនួន ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ខុសគោលដៅ និងដោយមានការជ្រៀតចូលពីក្រុមឧក្រឹដ្ឋជន ឆ្លៀតឱកាសទាញយកផលប្រយោជន៍ដោយខុសច្បាប់ និងប្រាសចាកពីគន្លងសីលធម៌ និងការអភិវឌ្ឍន៍ ដោយបង្កើតមានការកេងប្រវ័ញ្ច និងឧក្រឹដ្ឋកម្មគ្រប់រូបភាព រួមទាំងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដែលជាទម្រង់ថ្មីមួយកំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារនៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។”
លោកស្រី ហ្សូអ៊ី ឌឺ ម៉ែលទ្បូ អ្នកគ្រប់គ្រងគម្រោងប្រចាំកម្ពុជារបស់អង្គការ Terre des Hommes Netherlands បានមានប្រសាសន៍ថា “អង្គការ Terre des Hommes Netherlands មានមោទកភាពយ៉ាងខ្លាំងក្នុងការជួយគាំទ្រក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ចាប់តាំងពីចាប់ផ្តើមដំបូង រហូតមកដល់ការអនុម័តលើផែនការសកម្មភាព OCSE នេះ។ ដោយសារភាពស្មុគស្មាញនៃការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត និងការគិតគូរពីបញ្ហាប្រឈមកើតចេញពីបច្ចេកវិទ្យាថ្មីៗដើម្បីកំណត់ រាយការណ៍ និងស៊ើបអង្កេតការរំលោភបំពានទាំងនោះ វាយទាមទារយើងមាននូវការឆ្លើយតបច្បាស់លាស់ មួយ។ ផែនការសកម្មភាពជាតិដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា គឺជាជំហានទៅមុខដ៏អស្ចារ្យមួយ ក្នុងគោលបំណងរបស់យើងទាំងអស់គ្នា បង្កើតនូវការប្រើប្រាស់អ៊ីនធឺណិតប្រកដោយសុវត្ថិភាពសម្រាប់កុមារ។”
លោក ចាទ្បាក់ អាប់ឌុលវ៉ាហាប់ នាយកស្តីទីយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា “យូនីសេហ្វជឿជាក់យ៉ាងម៉ុតមាំទៅលើសារៈសំខាន់នៃកិច្ចសហការគ្នា ដើម្បីបង្ការ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារ និងការកេងប្រវ័ញ្ច ការរំលោភបំពាន ហើយយូនីសេហ្វសង្ឃឹមថានឹងបន្តធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាល ស្ថាប័នអង្គការសហប្រជាជាតិដទៃទៀត វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល តំណាងក្មេងជំទង់ និងយុវជនដែលមានវត្តមាននៅថ្ងៃនេះ ដើម្បីធានាថាគ្មានកុមារណាម្នាក់ត្រូវចម្រើនវ័យជាមួយនឹងការរំលោភបំពាន និងភាពភ័យខ្លាចទ្បើយ ទោះនៅលើប្រព័ន្ធអនទ្បាញ ឬក្រៅប្រព័ន្ធនេះក៏ដោយ។ យើងអាចសម្រេចនូវគោលដៅនេះបានតាមរយៈការធ្វើការរួមគ្នា ដើម្បីពន្លឿននូវការអនុវត្តផែនការសកម្មភាពទាំងពីររបស់ប្រទេសកម្ពុជា គឺផែនការសកម្មភាពដើម្បីបង្ការ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារឆ្នាំ ២០១៧-២០២១ និងផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥។”
ចំនួនថវិកាប៉ាន់ស្មានសម្រាប់អនុវត្តផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញគឺប្រមាណជាង ៣,៨លានដុល្លារអាមេរិក សម្រាប់រយៈពេលជាង៥ឆ្នាំ ដែលគ្របដណ្តប់ទៅលើវិស័យយុទ្ធសាស្រ្តទាំង៦។ ថវិកាចំនួន ៣៦ភាគរយ គឺជាថវិកាផ្តល់ដោយរាជរដ្ឋាភិបាល និងថវិកា ៦៤ភាគរយទៀត គឺជាការចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍នានា។
កម្មវិធីដាក់ប្រើប្រាស់ជាផ្លូវការនូវផែនការសកម្មភាព OCSE នេះគឺបានប្រព្រឹត្តទៅតាមរយៈអនទ្បាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួមទាំងមានការចូលរួមប្រមាណជាង៥០០នាក់ ដែលអញ្ជើញមកពី៖ ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី ក្រសួងស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា អគ្គព្រះរាជអាជ្ញានៃមហាអ្យការអមសាលាឧទ្ធរណ៍ សមាជិក សមាជិកាក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានពន្ធនាគារ, សាលាបណ្ឌិតសភានគរបាលកម្ពុជា អភិបាល នៃគណៈអភិបាល រាជធានី ខេត្ត ចៅក្រម ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីខេត្ត និងគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត និងតំណាងកុមារ