ឥណ្ឌា បញ្ជូននាវាចម្បាំងមកសមុទ្រចិនខាងត្បូង ដើម្បីប្រឆាំងឥទ្ធិពលចិន

ឥណ្ឌា នឹងបញ្ជូនកម្លាំងទ័ពជើងទឹករបស់ខ្លួន មកក្នុងសមុទ្រចិនខាងត្បូង នៅក្នុងខែនេះ ដើម្បីពង្រឹងទំនាក់ទំនងផ្នែកសន្តិសុខជាមួយប្រទេសជាមិត្តនៅក្នុងតំបន់។ កងទ័ពជើងទឹកឥណ្ឌា បានបញ្ជាក់បែបនេះ នៅថ្ងៃទី៤ ខែសីហា។ ការបញ្ជូននាវាចម្បាំងទៅក្នុងសមុទ្រចិនខាងត្បូងបែបនេះ ទំនងជាចង់ទប់ នឹងឥទ្ធិពលចិន នៅក្នុងតំបន់។
នាវាចំនួន ៤គ្រឿង ក្នុងនោះរួមមាននាវាពិឃាដផង នឹងបញ្ជូនមកសមុទ្រចិនខាងត្បូង, អាស៊ីអាគ្នេយ៍ និងតំបន់សមុទ្របាស៊ីហ្វិកខាងលិច ក្នុងរយៈពេលពីរខែ។ ក្នុងរយៈពេលនោះ នាវាចម្បាំងឥណ្ឌា នឹងចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំដៃគូសន្ទនាសន្តិសុខចតុភាគី (Quad) ដែលមានអាមេរិក ជប៉ុន និងអូស្រា្តលី នៅក្បែរកោះហ្គាមផងដែរ។

«ការបញ្ជូននាវាចម្បាំងនេះ ជាការស្វះស្វែងរកប្រតិបត្តិការ, សន្តិភាព, និងសាមគ្គីភាពជាមួយប្រទេសជាមិត្ត»។ កងទ័ពជើងទឹកឥណ្ឌា បានសង្កត់ធ្ងន់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថា ប្រតិបត្តិការខាងលើ នឹងជួយធានាសណ្តាប់ធ្នាប់ល្អ នៅក្នុងដែនសមុទ្រ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ស្របគ្នានេះ កងទ័ពជើងទឹកឥណ្ឌា បានបន្តថា គំនិតផ្តួចផ្តើមមួយនេះ នឹងពង្រឹងភាពស៊ីសង្វាក់ និងសហការរវាងកងទ័ពឥណ្ឌា ជាមួយប្រទេសជាមិត្ត ដោយផ្អែកលើផលប្រយោជន៍រួមលើដែនសមុទ្រ និងការប្តេជ្ញាលើសេរីភាពនៃនាវាចរណ៍ក្នុងដែនសមុទ្រ។

សូមបញ្ជាក់ថា សមុទ្រចិនខាងត្បូង បានក្លាយជាតំបន់ជម្លោះមួយ ដែលមានភាគីជាច្រើនពាក់ព័ន្ធ ក្នុងនោះមានដូចជាបណ្តាប្រទេសអាស៊ានមួយចំនួន និងអាមេរិកជាដើម។ អាមេរិក បានបញ្ជូននាវាដឹកយន្តហោះចម្បាំង ជាច្រើនលើកមកក្នុងតំបន់មួយនេះ ដើម្បីប្រឆាំងនឹងសកម្មភាពចិន ដែលធ្វើសមយុទ្ធយោធាជាច្រើនលើក៕

អត្ថបទដែលជាប់ទាក់ទង