អាមេរិកនិងឥណ្ឌូនេស៊ីធ្វើសមយទ្ខរូមគ្នាធំបំផុតរយះពេល២សប្តាហ៍
សមយុទ្ធរួមគ្នារវាងកងទ័ពឥណ្ឌូណេស៊ី និងអាមេរិក ធ្វើនៅកោះបីមានកោះស៊ូម៉ាត្រា, កាលីម៉ាន់តាន់ និងស៊ូឡវេស៊ី។ សមយុទ្ធដែលចាប់ផ្ដើមតាំងពីថ្ងៃទី១ ខែសីហា នឹងបញ្ចប់នៅថ្ងៃទី១៤ ខែសីហាខាងមុខ។ នេះបើតាមការប្រកាសរបស់យោធាឥណ្ឌូណេស៊ីកាលពីពេលថ្មីៗនេះ។
កងយោធាឥណ្ឌូណេស៊ីចំនួនជាង២,១០០នាក់ និងកងយោធាអាមេរិកចំនួន១,៥០០នាក់ចូលរួមក្នុងលំហាត់យោធាដែលជាផ្នែកមួយនៃសមយុទ្ធប្រចាំឆ្នាំ Garuda Shield ដែលប្រារព្ធឡើងតាំងពី ឆ្នាំ២០០៩ មក។ ទាហានអាមេរិក ទៅដល់នៅឥណ្ឌូណេស៊ីនៅចុងខែកក្កដា ហើយឆ្លងកាត់ការធ្វើ តេស្តរកជំងឺកូវីដ-១៩ មុនចាប់ផ្ដើមសមយុទ្ធ។
អគ្គមេបញ្ជាការកងទ័ពឥណ្ឌូណេស៊ី ឧត្តមសេនីយ៍ Andika Perkasa បញ្ជាក់ថា សមយុទ្ធខាងលើ មានគោលបំណងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជំរុញជំនាញយោធាឱ្យប្រសើរឡើង ។ សកម្មភាពសម្រាប់សមយុទ្ធរួមមាន ការហ្វឹកហាត់លើទីវាល ការបាញ់គ្រាប់ពិត សមយុទ្ធផ្លូវអាកាស និងលំហាត់វេជ្ជសាស្ត្រជាដើម។
លោក Perkasa ក៏បានរំពឹងថា សមយុទ្ធយោធានេះនឹងជួយឱ្យយោធាឥណ្ឌូ ណេស៊ីក្លាយជាអ្នកដឹកនាំ និងមានទាំងជំនាញវិជ្ជាជីវៈច្បាស់លាស់ និងមានសមត្ថភាពស្របតាមស្តង់ដារអន្តរជាតិ។
គួរបញ្ជាក់ថា អាមេរិកកំពុងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងទាក់ទាញប្រទេសនានាឱ្យសហការជាមួយខ្លួន ខណៈការប្រកួតប្រជែងជាមួយអំណាចចិនកាន់តែក្តៅឡើង។ ចំពោះ ឥណ្ឌូណេស៊ី ទោះបីជាមានទំនាក់ទំនងសន្តិសុខរឹងមាំជាមួយទីក្រុងវ៉ាស៊ីនតោន ឥណ្ឌូណេស៊ីបាន បង្ហាញឆន្ទៈរក្សាតុល្យភាពនៅក្នុងទំនាក់ទំនងរវាងអាមេរិក និងចិនដែលជាដៃគូសេដ្ឋកិច្ច សំខាន់មួយរបស់ខ្លួន៕