រដ្ឋាភិបាលឥណ្ឌូណេស៊ី ថា ប្រសិទ្ធភាពវ៉ាក់សាំង Sinovac ធ្លាក់ចុះនៅរយៈពេល៣ខែបន្ទាប់
រដ្ឋាភិបាលឥណ្ឌូណេស៊ី ថា ប្រសិទ្ធភាពវ៉ាក់សាំង Sinovac ធ្លាក់ចុះនៅរយៈពេល៣ខែបន្ទាប
ឥណ្ឌូណេស៊ី បានរកឃើញថា ប្រសិទ្ធភាពវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Sinovac បានធ្លាក់ចុះនៅរយៈពេល៣ខែបន្ទាប់។ លោកស្រី Siti Nadia Tarmizi អ្នកនាំពាក្យក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលឥណ្ឌូណេស៊ីនិយាយបែបនេះនៅថ្ងៃទី១៣ ខែសីហា។
ឥណ្ឌូណេស៊ី ជាប្រទេសដែលមានករណីឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ាន និងមានស្ថានការណ៍កូវីដ-១៩ កាន់តែធ្ងន់ធ្ងរ។ ក្រសួងសុខាភិបាលប្រទេសមួយនេះ នៅថ្ងៃទី១៣ ខែសីហា បានរាយការណ៍ករណីឆ្លងចំនួន ៣០៧៨៨ករណី និងអ្នកស្លាប់ ១៤៣២នាក់។ វីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា ក៏កំពុងរីកសាយនៅឥណ្ឌូណេស៊ីផងដែរ។
ក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩ លោកស្រី Siti Nadia Tarmizi មានបញ្ជាក់ថា ប្រសិទ្ធភាពវ៉ាក់សាំងក្រុមហ៊ុន Sinovac ក្នុងការបង្ការករណីស្លាប់ បានធ្លាក់មកត្រឹម៧៩ភាគរយប៉ុណ្ណោះ និងបង្ការការព្យាបាលនៅមន្ទីរពេទ្យចុះមកចំនួន៥៣ភាគរយក្នុងការសិក្សាចន្លោះខែមេសា ដល់ខែមិថុនា។
បើធៀបនឹងបីខែដំបូងចន្លោះខែមករា ដល់ខែមីនា វ៉ាក់សាំងក្រុមហ៊ុន Sinovac មានប្រសិទ្ធភាពបង្ការករណីស្លាប់បានរហូតដល់ទៅ៩៥ភាគរយ និងចូលព្យាបាលនៅមន្ទីរពេទ្យបានចំនួន៧៤ភាគរយ។ យ៉ាងណាមិញ មន្រ្តីជាន់ខ្ពស់ឥណ្ឌូណេស៊ីរូបនេះ មិនបានបញ្ជាក់ពីហេតុផល ដែលប្រសិទ្ធភាពវ៉ាក់សាំងក្រុមហ៊ុន Sinovac មានការធ្លាក់ចុះឡើយ។