ក្ដោបក្ដាប់អាហ្វហ្កានីស្ថានជាថ្មី ក្រុមតាលីបង់ក៏គ្រប់គ្រងធនធានរ៉ែតម្លៃ១ទ្រីលានដុល្លារដែរ
ក្ដោបក្ដាប់អាហ្វហ្កានីស្ថានជាថ្មី ក្រុមតាលីបង់ក៏គ្រប់គ្រងធនធានរ៉ែតម្លៃ១ទ្រីលានដុល្លារដែរ
បញ្ហាមិនចេះមិនចប់ហើយក្នុងប្រទេស ធ្វើឱ្យអាហ្វហ្កានីស្ថានមិនអាចគាស់យកទ្រព្យសម្បត្តិធម្មជាតិក្រោមដីរបស់ខ្លួនមកជំរុញសេដ្ឋកិច្ចប្រទេសបាន។ ក្នុងរបាយការណ៍មួយចេញនៅខែមករាដោយទីភ្នាក់ងារស្រាវជ្រាវភូមិសាស្រ្តអាមេរិក (USGS) រ៉ែជាច្រើនប្រភេទកប់ក្រោមដីនៅអាហ្វហ្កានីស្ថានមានបុកស៊ីត លីចូម ទង់ដែង ដែក និងរ៉ែកម្រ។
ទង់ដែងដែលជាវត្ថុធាតុដើមសំខាន់ក្នុងការផលិតខ្សែកាប ជាទំនិញកំពុងមានតម្លៃថ្លៃលើទីផ្សារនៅឆ្នាំ២០២១នេះ ដោយមួយតោនលក់បានជាងម៉ឺនដុល្លារ។ ឯលីចូមវិញ ជារូបធាតុសំខាន់បំផុតក្នុងឧស្សាហកម្មឡានអគ្គិសនីដោយប្រើក្នុងការផលិតអាគុយ។ លីចូមក៏ត្រូវប្រើក្នុងការផលិតបន្ទះស្រូបយកពន្លឺព្រះអាទិត្យ និងកង្ហារខ្យល់។ បើតាមទីភ្នាក់ងារថាមពលអន្តរជាតិ តម្រូវការលីចូម នឹងកើនឡើងខ្លាំងនៅត្រឹមឆ្នាំ២០៤០ ស្របពេលប្រទេសជាច្រើនងាករកថាមពលកកើតឡើងវិញ។
មិនត្រឹមរ៉ែទូទៅឡើយ អាហ្វហ្កានីស្ថាន ក៏សម្បូរដោយរ៉ែកម្រច្រើនមុខមាន Neodymium, praseodymium និង dysprosium ដែលសុទ្ធសឹងជាវត្ថុធាតុដើមក្នុងការផលិតថាមពលស្អាតផងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ ក្រៅពីនោះ ប្រទេសនេះ ក៏នៅមានធនធានថ្មម៉ាប ដែក និងធ្យូថ្មថែមទៀត។
ការវាយតម្លៃរបស់ USGS បញ្ជាក់ថា ធនធានរ៉ែទាំងនេះ មានតម្លៃដល់ទៅ១ទ្រីលានដុល្លារ។ ប៉ុន្តែអាហ្វហ្កានីស្ថានធ្លាប់អះអាងថា តម្លៃរ៉ែខ្ពស់ជាងការវាយតម្លៃនេះបីដង។
ទោះមានធនធានសម្បូរបែបនេះក្ដី ជម្លោះប្រដាប់អាវុធក្នុងស្រុកមិនចេះចប់ ធ្វើឱ្យធនធានទាំងនោះកប់ក្រោមនៅឡើយ។ បញ្ហាសន្តិសុខ ជាកត្តាសំខាន់ដែលក្រុមហ៊ុនជាច្រើនមិនហ៊ានដាក់ជើងចូលរកស៊ីក្នុងវិស័យនេះ។ យ៉ាងណាមិញ ចិនហាក់កំពុងសម្លឹងឃើញធនធានទាំងនេះ។ នៅឆ្នាំ២០០៧ ចិនទទួលបានសិទ្ធិរុករកទង់ដែងចំនួន១១,៥លានតោន ប៉ុន្តែប្រតិបត្តិការជីករ៉ែនេះ មិនទាន់ចាប់ផ្ដើមនៅឡើយទេ ព្រោះតែបញ្ហាស្ថិរភាពក្នុងអាហ្វហ្កានីស្ថាន៕