អាមេរិកសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នានៅតាមតំបន់ខ្លះនៃអេត្យូពី 🇪🇹នងជំរុញឱ្យរដ្ឋាភិបាល និងកងកម្លាំងបះបោរមកពីតំបន់ទីហ្រ្កេផ្តើមការចរចាក្នុងពេលឆាប់ៗនេះ ដើម្បីឈានទៅដល់បទឈប់បាញ់ដែលប្រកបដោយនិរន្ដរភាព ។

របាយការណ៍នៃការរំលោភសិទ្ធិមនុស្ស និងអំពើឃោរឃៅដោយភាគីជម្លោះ កំពុងធ្វើឱ្យមានការព្រួយបារម្ភ រួមទាំងការវាយប្រហារលើជនស៊ីវិលនៅភូមិមួយក្នុងតំបន់ Amhara ដែលសម្លាប់មនុស្សជាង ១២០នាក់ក្នុងរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ។

កងកម្លាំងទីហ្រ្កេ ហៅរបាយការណ៍អាជ្ញាធរមូលដ្ឋាន Amhara ស្ដីពីការវាយប្រហារលើជនស៊ីវិលថាជា “ការចោទប្រកាន់ដោយប្រឌិតរឿង” និងបដិសេធថាខ្លួនមិនមានការជាប់ពាក់ព័ន្ធក្នុងការសម្លាប់ជនស៊ីវិលឡើយ។

មកទល់ពេលនេះ មិនទាន់មានភាគីណាមួយមកពីអេត្យូពីឆ្លើយតបទៅនឹងការស្នើសុំរបស់អាមេរិកនៅឡើយទេ។

សង្រ្គាមរវាងកងទ័ពសហព័ន្ធអេត្យូពី និងកងកម្លាំង TPLF ដែលគ្រប់គ្រងតំបន់ទីហ្រ្កេ បានផ្ទុះឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ខណៈពេលមនុស្សជាង ២ លាននាក់ទៀតបានភៀសខ្លួនចេញទាំងបង្ខំ។ ការប្រយុទ្ធនេះក៏បានរាលដាលចូលទៅតំបន់ Amhara និង Afar ដែលស្ថិតនៅភាគខាងជើងអេត្យូពីផងដែរ។

អត្ថបទដែលជាប់ទាក់ទង