នារី​វៀតណាម​ម្នាក់ ធ្លាក់​ពីលើ​អាគារ​ជាន់​ទី​២៥ បាត់បង់​ជីវិត នៅ​ក្រុងព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​ជនជាតិ​បរទេស​ម្នាក់ បាន​ធ្លាក់​ពីលើ​អាគារ​ជាន់​ទី​២៥ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២២ ស្ថិត​នៅ​ចំណុច​អាគារ​ស្នាក់នៅស៊ីងហ្សាវ័ន ក្បែរ​ស្ពាន​ស្តេច​មឹក ក្នុងភូមិ​០៤ សង្កាត់​០៤ ក្រុងព្រះសីហនុ ។

ករណី​នេះ សមត្ថកិច្ច​ជំនាញ បានអោយ​ដឹង​ជាបឋម​ថា ជន​រង​គ្រោះ​មានឈ្មោះ NGUYEN THILAN ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​វៀតណាម កាន់​លិខិតឆ្លងដែន មាន​សុពលភាព​ដល់​ឆ្នាំ​២០៣២ ។ទោះជា​យ៉ាងណា សមត្ថកិច្ច​ជំនាញ នៅ​ពុំ​ទាន់​អាច​បញ្ជាក់​ពី​មូលហេតុ នៃ​ស្ត្រី​រង​គ្រោះ ដែល​បាន​ធ្លាក់​ស្លា​.​ប់​ដោយសារ​អ្វី​នៅឡើយ​ទេ ។ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ក៏​បាន​នាំ​ខ្លួន​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ JIAO TIANCI ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ កាន់​លិខិតឆ្លងដែន​ស្របច្បាប់ ដែល​ស្នាក់​នៅ​បន្ទប់លេខ២៥២០ រស់​នៅជាមួយ​នារី​រង​គ្រោះ នាំ​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ។បច្ចុប្បន្ន សាកស​.​ព ត្រូវ​បាន​បញ្ជូន​ចេញ​ទៅ​រក្សា​ទុក​នៅ​សាល​តម្កល់​ស​.​ព នៃ​មន្ទីរពេទ្យ​ចំការ​ចេក ដើម្បី​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ ពិនិត្យ​ធ្វើ​កោសល្យវិច័យ និង​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ស្លា​.​ប់​ខាងលើ​នេះ ៕

អត្ថបទដែលជាប់ទាក់ទង