ប្រធាន CIA៖ សង្គ្រាមអ៊ុយក្រែន ធ្វើឱ្យចិនគិតឡើងវិញថាត្រូវឈ្លានពានតៃវ៉ាន់ពេលណា
អ៊ុយក្រែន ៖ ប្រធានភ្នាក់ងារស៊ើបអង្កេតកណ្តាលអាមេរិក (CIA) បាននិយាយកាលពីថ្ងៃពុធ ទី ២០កក្កដាថា ចិនទំនងជាមានការប្តេជ្ញាចិត្តលើការប្រើកម្លាំងទ័ពលើតៃវ៉ាន់ ជាមួយនឹងបទពិសោធន៍របស់រុស្ស៊ីនៅអ៊ុយក្រែន ដែលប៉ះពាល់ដល់ការគណនារបស់ទីក្រុងប៉េកាំងថាតើ ត្រូវឈ្លានពានដោយរបៀបណា។
នៅក្នុងវេទិការសន្តិសុខ Aspen លោក William Burns ប្រធាន CIA បានលើកឡើងពីការរំពឹងទុកថា ប្រធានាធិបតីចិន Xi Jinping អាចនឹងចាប់ផ្តើមលើតៃវ៉ាន់ បន្ទាប់ពីកិច្ចប្រជុំបក្សកុម្មុយនិស្តដ៏សំខាន់មួយនៅចុងឆ្នាំនេះ។
លោកថ្លែងថា «ហានិភ័យនៃរឿងនោះកាន់តែខ្ពស់»។ លោកនិយាយថា ចិនមិនស្ងប់ចិត្តទេ នៅពេលសម្លឹងមើលសង្គ្រាមរុស្សីរយៈពេល ៥ខែនៅអ៊ុយក្រែន ដែលលោកចាត់ទុកថាជាការបរាជ័យជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតី Vladimir Putin ខណៈដែលលោក Putin រំពឹងថានឹងទម្លាក់រដ្ឋាភិបាលអ៊ុយក្រែនបានត្រឹមមួយសប្តាហ៍។
«ការយល់ដឹងរបស់យើងគឺថា វាប្រហែលពាក់ព័ន្ធនឹងសំណួរថាតើមេដឹកនាំចិនអាចជ្រើសរើសឆ្នាំណាដើម្បីប្រើប្រាស់កម្លាំងទ័ពដើម្បីគ្រប់គ្រងតៃវ៉ាន់ ប៉ុន្តែតើពួកគេនឹងធ្វើដោយរបៀបណា និងនៅពេលណា»។
លោក William Burns និយាយទៀតថា ចិនត្រូវបានគេជឿជាក់ថាបានសង្កេត និងរៀនពីអ៊ុយក្រែនថា «អ្នកមិនទទួលបានជ័យជន្នះភ្លាមៗ និងសម្រេចនោះទេដោយប្រើកម្លាំងទ័ពលើសលប់»។
«ខ្ញុំសង្ស័យថា មេរៀនដែលមេដឹកនាំចិន និងយោធាកំពុងទាញយកនោះគឺថា អ្នកត្រូវប្រមូលកម្លាំងដ៏លើសលប់ ប្រសិនអ្នកគិតរឿងនោះនៅថ្ងៃអនាគត»។
ប្រធាន CIA ថ្លែងបន្តទៀតថា ចិនក៏ទំនងជារៀនដែរថា វាត្រូវគ្រប់គ្រងលំហព័ត៌មាន និងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីពង្រឹងសេដ្ឋកិច្ចប្រឆាំងនឹងការដាក់ទណ្ឌកម្ម។
សូមបញ្ជាក់ថា មហាយក្សចិនតែងចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយរបស់ខ្លួន និងប្រកាសរួបរួមគ្នាវិញនៅថ្ងៃណាមួយ ប៉ុន្តែមេដឹកនាំតៃវ៉ាន់ប្រកាសថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារសេរីភាព និងប្រជាជន។
អ្នកជាតិនិយមបានភៀសខ្លួនទៅកាន់តៃវ៉ាន់នៅក្នុងឆ្នាំ ១៩៤៩ បន្ទាប់ពីចាញ់សង្គ្រាមស៊ីវិលនៅចិនដីគោល ប៉ុន្តែចាប់តាំងពីពេលនោះមក តៃវ៉ាន់បានអភិវឌ្ឍន៍ទៅជាប្រជាធិបតេយ្យដ៏រស់រវើក និងជាមហាអំណាចបច្ចេកវិទ្យាឈានមុខគេ៕ (យោងតាមប្រភព៖ AFP)