រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអាមេរិក អាចនឹងជួបមុខគ្នានៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី និងអាមេរិកអាចនឹងជួបគ្នានៅកម្ពុជា នៅពេលដែលពួកគេមកចូលរួមប្រជុំវេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីនៅដើមខែសីហាខាងមុខនេះ ។
លោកជុំ ស៊ុន្នរី អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានប្រាប់កោះសន្តិភាព កាលពីថ្ងៃសុក្រថា ការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antont J.Blinken ត្រូវបានបញ្ជាក់ ដោយឧបការីរដ្ឋមន្ត្រី គឺលោក Daniel Kritenbrink ក្នុងជំនួបនាពេលថ្មីៗនេះជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ។
ប៉ុន្តែ អ្នកនាំពាក្យរូបនេះបាននិយាយបន្ថែមពីលើនេះថា យើងមិន ទាន់ទទួលបានការបញ្ជាក់ជាលាយលក្ខណ៍អក្សរនៅឡើយទេ ។ ក្នុងករណីនេះ ខ្ញុំគិតថា អ្នកគួរតែសុំការបញ្ជាក់ចុងក្រោយពីស្ថានទូតសហរដ្ឋអាមេរិក ។
អ្នកនាំពាក្យស្ថានទូតអាមេរិកវិញបាននិយាយថា យើងនឹងប្រកាស អំពីការចូលរួមរបស់យើងនៅជិតដល់ពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរេទសអាស៊ាន ។
ចំណែករដ្ឋមន្ត្រីការបរទេសរុស្ស៊ីវិញក៏នឹងមកកាន់ប្រទេសកម្ពុជាផងដែរ ដើម្បីចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹងធ្វើឡើងចាប់ពីចុងខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ។ នេះបើយោងតាមសម្តីរបស់ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាដែលបាន ប្រាប់ដល់ទីភ្នាក់ងារព័ត៌មានខ្មែរ ឬហៅកាត់ថាAKP ។ បើតាមសម្តីរបស់លោកប្រាក់ សុខុន ស្ថានទូតរុស្ស៊ីនៅកម្ពុជាបានធ្វើការអះអាង បញ្ជាក់ពីការចូល រួមរបស់រដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ។
រដ្ឋមន្ត្រីការបរទេសអាមេរិក និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនឹងជួបមុខគ្នានៅក្នុងកិច្ចប្រជុំសំខាន់ពីររបស់រដ្ឋមន្ត្រីការបរទេសអាស៊ានដោយក្នុងនោះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីខាងកើត ដែលមានសមាជិក១៨ប្រទេស និងវេទិកាតំបន់អាស៊ាន ឬ ARF ដែលមាន សមាជិក២៧ ប្រទេស។
តាមទម្លាប់កិច្ចប្រជុំទាំងពីរនេះនឹងមានការពិភាក្សាដល់បញ្ហាសន្តិសុខ។ ដូច្នេះ សង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាកូរ៉េខាងជើង ជាដើម ទំនងជានឹងត្រូវគេពិភាក្សាផងដែរ ៕