WHO ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត​នៃ​ការ​រាត​ត្បាត​​ជំងឺ​អ៊ុត​ស្វា

ស្វី​ស ៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត ពាក់ព័ន្ធ​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​អ៊ុត​ស្វា (Monkeypox)​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២២​។

ការ​ចាត់​ថ្នាក់​នេះ បាន​កើតឡើង​នៅ​ការ​បញ្ចប់​នៃ​កិច្ចប្រជុំ​លើក​ទី​២ គណៈកម្មាធិការ​សង្គ្រោះ​បន្ទាន់​របស់ WHO ស្តី​ពី​មេរោគ​។ ហើយ​ក៏​ជា​ការ​ជូនដំណឹង​កម្រិត​ខ្ពស់​បំផុត ដែល WHO ត្រូវ​ប្រកាស និង​អនុវត្ត​តាម ផ្អែក​លើ​ការ​កើនឡើង​ករណី​ឆ្លង​ជំងឺ​អ៊ុត​ស្វា នៅ​ទូ​ទាំង​ពិភពលោក​។

លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ដែល​ជា​ប្រធាន WHO បាន​និយាយ​ថា​ជាង​១៦,០០០​ករណី​ឆ្លង ត្រូវ​បាន​រាយការណ៍​ពី​ប្រទេស​ចំនួន​៧៥​។ រហូត​មក​ដល់​ពេល​នេះ មាន​អ្នក​ស្លា.ប់​ចំនួន​៥​នាក់​ហើយ ដែល​ជា​លទ្ធផល​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​។

គណៈកម្មាធិការ​សង្គ្រោះ​បន្ទាន់​មិន​អាច​ឈាន​ដល់​ការ​ឯកភាព​គ្នា​លើ​ថា តើ​ការ​ផ្ទុះ​ឡើង​ជំងឺ​ស្វា​គួរ​ត្រូវ​ចាត់​ថ្នាក់​ថា​ជា​គ្រាអាសន្ន​សុខភាព​សកល ឬ​យ៉ាងណា​នោះ​ទេ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា លោក Tedros បាន​អះអាង​ថា ការ​ផ្ទុះ​ឡើង​បាន​រីក​រាលដាល​ពាសពេញ​ពិភពលោក​យ៉ាង​រហ័ស ហើយ​លោក​បាន​សម្រេចចិត្ត​ថា​វា​ពិតជា​កង្វល់​ជាស​កល​ពិតប្រាកដ​មែន​។ ហើយ​ការ​វាយតម្លៃ​របស់ WHO បង្ហាញ​ថា ហានិភ័យ​នៃ​ជំងឺ​អ៊ុត​ស្វា​មាន​កម្រិត​មធ្យម​នៅ​ទូ​ទាំង​ពិភពលោក និង​គ្រប់​តំបន់​ទាំងអស់​។ លើកលែងតែ​នៅ​ក្នុង​តំបន់​អឺរ៉ុប ដែល​ត្រូវ​បាន​វាយតម្លៃ​ហានិភ័យ​ថា «​កម្រិត​ខ្ពស់​»​។

លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា សេចក្តី​ប្រកាស​នេះ នឹង​ជួយ​ព​ន្លឿ​ន​ការ​អភិវឌ្ឍន៍​វ៉ាក់សាំង និង​ការ​អនុវត្ត​វិធានការ ដើម្បី​កំណត់​ការ​រីក​រាលដាល​។ WHO ក៏​កំពុង​ចេញ​អនុសាសន៍​ដែល​ខ្លួន​សង្ឃឹមថានឹង​ជំរុញ​ឱ្យ​បណ្តា​ប្រទេស​នានា​ចាត់វិធានការ ដើម្បី​បញ្ឈប់​ការ​ចម្លង និង​ការពារ​អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​បំផុត​។ ដោយ​បុរស​វ័យ​៥៧​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា នេះ​គឺជា​ការ​ផ្ទុះ​ឡើង​ដែល​អាច​បញ្ឈប់​បាន​ជាមួយនឹង​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ នៅ​ក្នុង​ក្រុម​ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ត្រឹមត្រូវ​៕ (​ប្រភព​ពី BBC)

អត្ថបទដែលជាប់ទាក់ទង