អ្នកនាំពាក្យ ៖ លោកស្រី Nancy Pelosi មានសិទ្ធិទៅកាន់កោះតៃវ៉ាន់
អាមេរិក ៖ ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានធ្វើដំណើរដល់ទីក្រុង Kuala Lumpur នៅថ្ងៃអង្គារ ទី ២ សីហានេះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី។
ម៉ាឡេស៊ីជាប្រទេសអាស៊ីទី ២ហើយដែលលោកស្រីបានមកដល់ បន្ទាប់ពីប្រទេសសិង្ហបុរី។ ដំណើរទស្សនៈកិច្ចនៅតំបន់អាស៊ី បណ្តាលឲ្យទីក្រុងប៉េកាំងខឹងសម្បារ និងធ្វើការព្រមាន ខណៈប្រភពនិយាយថា លោកស្រីអាចនឹងធ្វើដំណើរទៅកាន់កោះតៃវ៉ាន់។ទីក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន និងបានព្រមានម្តងហើយម្តងទៀតថា ខ្លួននឹងចាត់ទុកការធ្វើដំណើរទស្សនៈកិច្ចនោះជាការបង្កហេតុដ៏ខ្លាំង។
លោកស្រី បានចុះចតនៅមូលដ្ឋានទ័ពអាកាសម៉ាឡេស៊ី មុនពេលមានកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រី និងប្រធានសភាឥណ្ឌូនេស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bernama។
បន្ទាប់ពីសិង្ហបុរី និងម៉ាឡេស៊ី ដំណើរទស្សនៈកិច្ចរបស់ស្ត្រីខ្លាំងដ៏មានឥទ្ធិពលរូបនេះនឹងទៅកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន។
ខណៈដែលរដ្ឋបាលប្រធានាធិបតី Joe Biden ត្រូវបានគេដឹងថាប្រឆាំងនឹងដំណើរទស្សនៈកិច្ចរបស់លោកស្រីទៅកោះតៃវ៉ាន់ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក John Kirby និយាយថា លោកស្រីមានសិទ្ធិទៅកន្លែងណាដែលគាត់ពេញចិត្តចង់ទៅ។
លោកថ្លែងប្រាប់អ្នកសារព័ត៌មានដូច្នេះថា «ប្រធានសភាមានសិទ្ធិទៅកាន់កោះតៃវ៉ាន់»។
«គ្មានហេតុផលសម្រាប់ទីក្រុងប៉េកាំងដើម្បីបង្វែរដំណើរទស្សនៈកិច្ចដ៏មានសក្តានុពលស្របតាមគោលនយោបាយរបស់អាមេរិកទៅជាវិបត្តិនោះទេ»។
លោកបានលើកឡើងពីប្រភពស៊ើបការណ៍សម្ងាត់ថា ចិនកំពុងរៀបចំការបង្កហេតុផ្នែកយោធាដែលអាចរួមមានការបា.ញ់មីស៊ីលនៅច្រកសមុទ្រតៃវ៉ាន់ ការឈ្លានពានទ្រងទ្រាយធំចូលដែនអាកាសតៃវ៉ាន់។
លោកបញ្ជាក់ថា លោកស្រី Pelosi ធ្វើដំណើរតាមយន្តហោះយោធា ហើយខណៈដែលទីក្រុងវ៉ាស៊ីនតោនមិនខ្លាចការវា.យប្រហារដោយផ្ទាល់ វាបង្កើនឲ្យមានការគណនាខុស។ចំណែករដ្ឋាភិបាលតៃវ៉ាន់វិញ នៅរក្សាភាពស្ងៀមស្ងាត់ចំពោះការរំពឹងទុកនៃដំណើរទស្សនៈកិច្ចរបស់លោកស្រី Pelosi។
កាសែតតៃវ៉ាន់បានដកស្រង់ប្រភពថា លោកស្រី នឹងចុះចតនៅកោះតៃវ៉ាន់នៅយប់ថ្ងៃអង្គារ ហើយបន្ទាប់មកនឹងជួបជាមួយប្រធានាធិបតី Tsai Ing-wen នៅថ្ងៃបន្ទាប់ មុនពេលចាកចេញនៅពេលរសៀល៕ (យោងតាមប្រភព៖ AFP)