កូរ៉េខាងជើង ប្រាប់ឱ្យប្រមុខ UN ប្រយ័ត្នសម្ដី ពាក់ព័ន្ធនឹងការរំសាយអាវុធនុយក្លេអ៊ែរ
សេអ៊ូល ៖ ក្រសួងការបរទេសកូរ៉េខាងជើងនៅថ្ងៃអាទិត្យ បានរិះគន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ចំពោះការគាំទ្រដល់ការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងទាំងស្រុង ហើយបានប្រាប់ឱ្យប្រមុខ UN ប្រយ័ត្នប្រយែងពាក្យសម្ដី នៅចំពោះមុខភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ។
ប្រតិកម្មរបស់ក្រសួងការបរទេសកូរ៉េខាងជើង ដែលធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA កើតមានឡើងបន្ទាប់ពី លោក អាន់ Antonio Guterres កាលពីថ្ងៃសុក្រកន្លងទៅនេះ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងទាំងស្រុង ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យុល (Yoon Suk-yeol)។
សេចក្ដីថ្លែងការណ៍ដដែល ក៏បានចាត់ទុកផងដែរថា ការកត់សម្គាល់របស់ លោក Guterres មានភាពលម្អៀង ដោយសារតែកន្លងមក ទីក្រុងព្យុងយ៉ាង បានបញ្ជាក់ជំហរថា ការរំសាយអាវុធនុយក្លេអ៊ែរ ត្រូវតែធ្វើឡើងនៅទូទាំងតំបន់ ឧបទ្វីបកូរ៉េទាំងមូល ហើយក្នុងនោះរួមមានទាំងការដកកងទ័ព និងសព្វាវុធរបស់សហរដ្ឋអាមេរិកចេញពីតំបន់ផងដែរ មិនមែនប្រើពាក្យរំសាយអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើងតែម្នាក់ឯងនោះទេ។
សូមជម្រាបថា ក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរាប់សិបគ្រាប់ ខណៈក្រុមមន្ត្រីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបាននិយាយថា របបដឹកនាំលោក គីម ជុងអ៊ុន កំពុងត្រៀមខ្លួនធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧មក៕