មីយ៉ាន់ម៉ា ដាក់កំហិតលើគណបក្សនយោបាយទាំងអស់ ក្នុងការទាក់ទងជាមួយបរទេស
(បាងកក)៖ របបដឹកនាំយោធាមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះបានសម្រេចដាក់កំហិតលើគណបក្សនយោបាយទាំងអស់នៅក្នុងប្រទេស ក្នុងការជួបជាមួយជនបរទេស ឬក៏អង្គការស្ថាប័នអន្តរជាតិណាមួយឡើយ នៅមុនការបោះឆ្នោតសកលដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ។ នេះបើតាម ការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Bangkok Post នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២។
ការសម្រេចចិត្តខាងលើធ្វើឡើងដោយគណៈកម្មាការជាតិរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ជាមួយការសង្កត់ធ្ងន់ថា គណបក្សទាំង៩២ ដែលបានចុះបញ្ជី នឹងត្រូវសុំការអនុញ្ញាតជាមុនសិន មិននឹងចង់ជួបជាមួយជនបរទេស ឬអង្គការស្ថាប័នអន្តរជាតិណាមួយ។ «គណបក្សនយោបាយទាំងអស់ចាំបាច់ត្រូវតែគោរពច្បាប់។ ប្រសិនបើពួកគេបំពានច្បាប់ នោះគណបក្សរបស់ពួកគេដែលបានចុះបញ្ជីនឹងត្រូវបាន រំលាយចោល»។ នេះជាការបញ្ជាក់របស់គណៈកម្មាការជាតិរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចលនយោបាយ សេដ្ឋកិច្ច និងអំពើហិង្សា ចាប់តាំងពីមានរដ្ឋប្រហារយោធាបណ្ដេញរដ្ឋាភិបាល ស៊ីវិលរបស់លោកស្រី អោងសាន ស៊ូជី ពីអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១៕