ខុទ្ធកាល័យនាយករដ្ឋមន្រ្តីជប៉ុនបានប្រកាសលុបចោលដំណើរទស្សនកិច្ច និង ជំនួបប្រជុំដោយផ្ទាល់នានារបស់លោក Fumio Kishida ក្រោយពីទទួលបានលទ្ធផលធ្វើតេស្ត៍វិជ្ជមានវីរុស COVID-19
ជប៉ុនៈ នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida បានធ្វើតេស្ត៍ដោយទទួលបានលទ្ធផលមានមេរោគកូវីដ១៩ ហើយលោកក៏បានលុបចោលការធ្វើដំណើរនានាដែលបានគ្រោងទុកខណៈដែលលោកកំពុងសម្រាកព្យាបាលដែរ។ សារព័ត៌មានជប៉ុនបាននិយាយថាលោក Kishida មានអាការៈគ្រុនក្តៅ និងក្អកចាប់ពីថ្ងៃសៅរ៍ ហើយបានធ្វើតេស្តឃើញវិជ្ជមានវីរុស COVID-19 នៅថ្ងៃអាទិត្យម្សិលមិញ។ ការិយា ល័យនាយករដ្ឋមន្ត្រីមិនអាចផ្តល់ការ អត្ថាធិប្បាយភ្លាមៗទេចំពោះបញ្ហានេះ។ សូមបញ្ជាក់ថានាយករដ្ឋមន្ត្រីវ័យ 65 ឆ្នាំរូបនេះបានឈប់សម្រាកវិស្សមកាលរដូវក្តៅកាលពីសប្តាហ៍មុន ហើយគ្រោងត្រឡប់ទៅធ្វើការធម្មតាវិញនៅថ្ងៃច័ន្ទនេះ។ មិនទាន់មានការបញ្ជាក់ថាលោកបានឆ្លងនៅកន្លែងណា ឬដោយរបៀបណាទេ។ លោក Kishida នឹងមិនទៅចូលរួមក្នុងសន្និសិទស្តីពីការអភិវឌ្ឍន៍អាហ្វ្រិកនៅចុងខែនេះទេក្នុងប្រទេសទុយនេស៊ីទេ ប៉ុន្តែលោកនឹងចូលរួមតាមប្រព័ន្ធអ៊ីនធឺណិត ហើយលោកបានពន្យារពេលធ្វើដំណើរ ទៅកាន់តំបន់មជ្ឈិមបូព៌ា នេះបើយោងតាមការផ្សាយជាសាធារណៈរបស់ NHK ។ សូមបញ្ជាក់ថាករណីឆ្លងវីរុសកូវីដ១៩បាននិងកំពុងងើបឡើងវិញនិងផ្ទុះឡើងថ្មីៗនៅក្នុងប្រទេសជប៉ុន ទោះបីជាមនុស្សភាគច្រើន – រួមទាំងលោក Kishida នាយករដ្ឋមន្រ្តីជប៉ុនបានទទួលវ៉ាក់សាំងការពារគ្រប់ដូសក៏ដោយ សូម្បីតែមេដឹកនាំពិភពលោកផ្សេងទៀត រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិកដែរ លោក Joe Biden ត្រូវបានគេគេធ្វើតេស្ត៍រកឃើញមានវីរុស COVID-19 ដែរហើយទើបតែបានព្យាបាលជាសះស្បើយ ឡើងវិញ នា ពេលថ្មីៗនេះ៕