ឯកឧត្តម ហាន កុសល អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការឆ្លើយតបនឹងការឆ្លងរាលដាលនៃជំងឺអេដស៍ជាមួយអាជ្ញាធរមូលដ្ឋាន និងម្ចាស់អាជីវកម្មកម្សាន្តមកពីស្រុកជើងព្រៃ ស្រុកកំពង់សៀម និងក្រុងកំពង់ចាម
កំពង់ចាម ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការឆ្លើយតបនឹងការឆ្លងរាលដាលនៃជំងឺអេដស៍ជាមួយអាជ្ញាធរមូលដ្ឋាន និងម្ចាស់អាជីវកម្មកម្សាន្តមកពីស្រុកជើងព្រៃ ស្រុកកំពង់សៀម និងក្រុងកំពង់ចាម នៅមន្ទីរសុខាភិបាលខេត្ត។
ឯកឧត្តម ហាន កុសល អភិបាលរងខេត្តបានមានប្រសាសន៌ថា កិច្ចប្រជុំនេះមានគោលបំណងអនុវត្តការងារស្របតាមគោលការណ៍ណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីសម្រេចឲ្យបានគោលដៅ ៩៥ ទី១ (អ្នកផ្ទុកមេរោគអេដស៍បានមកធ្វើតេស្តបាន ៩៥%) ៩៥ ទី២ (អ្នកធ្វើតេស្តបានទទួលសេវាព្យាបាល ៩៥%) និង ៩៥ ទី៣ (អ្នកទទួលបានសេវាព្យាបាល អាចត្រូវបានគ្រប់គ្រងបាន និងព្យាបាលបានជោគជ័យ ៩៥%)។ បច្ចុប្បន្ន ខេត្តកំពង់ចាម សម្រេចបាន ៨៣% ៩៣% ៩៤%។
ឯកឧត្តម បានសម្រេចឲ្យម្ចាស់អាជីវកម្មកម្សាន្ត ចូលរួម និងបង្កលក្ខណៈងាយស្រួលដល់ក្រុមគ្រូពេទ្យសម្រាប់ចុះទៅធ្វើតេស្តដល់ទីតាំងអាជីវកម្ម និងណែនាំឲ្យម្ចាស់អាជីវកម្មណែនាំដល់បុគ្គលិករបស់ខ្លួនឲ្យចូលរួម និងទៅធ្វើតេស្តតាមពេលវេលាកំណត់ជាប្រចាំ ។
ពេលរសៀលថ្ងៃដដែល ឯកឧត្តមបានដឹកនាំកិច្ចប្រជុំស្តីពីការពិភាក្សាជាមួយសហគ្រិនផលិតជីកសិកម្មមកពីស្រុកបាធាយ ដែលមានការចូលរួមពីលោកនាយកទីចាត់ការផែនការ និងវិនិយោគ ប្រធានមន្ទីរកសិកម្ម ប្រធានមន្ទីរឧស្សាហកម្ម និងអនុប្រធានមន្ទីរផែនការ។
ក្នុងកិច្ចពិភាក្សាបានឲ្យដឹងថា សហគ្រាសនេះ មានកម្រិតតូច បានចុះបញ្ជីនៅមន្ទីរឧស្សាហកម្មខេត្តរួចហើយ តែមិនទាន់ចុះបញ្ជីបញ្ជាក់គុណភាពនៅក្រសួងកសិកម្មនៅឡើយទេ រីឯតម្លៃក៏ប្រហាក់ប្រហែលនឹងទីផ្សារបច្ចុប្បន្នដែរ។ ឯកឧត្តមបានណែនាំឲ្យម្ចាស់សហគ្រាសបន្តសុំសិទ្ធិ និងអាជ្ញាប័ណ្ណស្របច្បាប់ពីក្រសួងពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានក្នុងការធ្វើការងារបន្តទៀតនៅពេលអនាគត។