ព្យុះទីហ្វុង Nanmadol បានបោកបក់លើទីក្រុងមួយរបស់ប្រទេសជប៉ុនបណ្តាលមនុស្សរាប់សិបនាក់ ត្រូវរស់នៅបណ្តោះអាសន្នក្នុងជម្រកសុវត្ថិភាព!
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងថា ព្យុះទីហ្វុង Nanmadol ដែលជាព្យុះទី 14 នៃរដូវវស្សានេះបានបោកបក់នៅជិតទីក្រុង Kagoshima នៅលើកោះ Kyushu ភាគនិរតីនៃប្រទេសជប៉ុន។ ព្យុះទីហ្វុងនេះមានល្បឿនខ្យល់ជាអតិបរមា 45 ម៉ែត្រក្នុងមួយវិនាទី។ នៅវេលាម៉ោង19:30 ព្យុះនេះបានបោកបក់លើ Kagoshima បានធ្វើឲ្យទីក្រុងនេះត្រូវស្វែងរកជម្រកសង្គ្រោះបន្ទាន់ជាង 200 សម្រាប់ការរស់នៅរបស់អ្នកដែលរងផលប៉ះពាល់ជាក់ស្តែង។ នៅឯជម្រកមួយមានក្រុមអ្នកស្រុកបានប្រមូលផ្តុំគ្នាចំពេលដែលមានខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង។ អ្នកស្រុកម្នាក់បាននិយាយថា៖ «ខ្ញុំកំពុងលេងហ្គេមជាមួយមិត្តភក្តិរបស់ខ្ញុំ ស្រាប់ពេលនោះ មានខ្យល់បក់បោកមកយ៉ាងខ្លាំង ខ្ញុំក៏បានងាកទៅមើលឃើញដើមឈើមួយចំនួនដួលសង្កត់មកលើបង្អួចផ្ទះរបស់ខ្ញុំ ប៉ុន្តែវាមិនបណ្តាលឲ្យខ្ញុំមិនមានរបួសអ្វីទេ។ អ្នកស្រុកខ្លះបានជ្រើសរើសទៅជម្រកមុនមួយថ្ងៃដោយសារការព្រួយបារម្ភអំពីអាកាសធាតុ។ អ្នកស្រុកម្នាក់ទៀតដែលស្នាក់នៅក្នុងជម្រកមួយទៀតបាននិយាយថា “នៅទីនេះខ្យល់បក់ខ្លាំង ខ្ញុំភ័យខ្លាចខ្លាំង ខ្ញុំមិនអាចគេងបាននៅពេលយប់ ហើយវាធ្វើឲ្យខ្ញុមខ្លាច រហូតលែងឃ្លានបាយតែម្តង។ ប៉ុន្តែនៅក្នុងជម្រកបណ្តោះអាសន្ននេះខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពជាងនៅទីនោះ នៅពេលដែលមានមនុស្សច្រើនមកកាន់ទីនេះ” ។ បុគ្គលិកនៅទីជម្រកនេះបាននិយាយថាពួកគេបានរៀបចំគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត និងការផ្គត់ផ្គង់បង្ការជំងឺរាតត្បាត ហើយផ្តល់សេវាល្អ 24 ម៉ោងលើ24ម៉ោងសម្រាប់អ្នករស់នៅទីនេះ៕