កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីក ហោះកាត់ប្រទេសជប៉ុន!

រាជធានីតូក្យូ៖ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ជាបន្ដបន្ទាប់ ចំនួន៤គ្រាប់ ទាំងមុន និង ក្រោយពេលដំណើរទស្សនកិច្ចរបស់ អនុប្រធានាធិបតីសហរដ្ឋអាមេរិក មកកាន់ប្រទេសអាស៊ីបូព៌ា ហើយឥឡូវនេះ ក្រុងព្យុងយ៉ាង បានបន្ដបាញ់មីស៊ីល ចម្ងាយឆ្ងាយមួយគ្រាប់ បន្ថែមទៀត ហោះរំលងពីលើប្រទេសជប៉ុន។

សារព័ត៌មានរបស់ជប៉ុន NHK បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៤ ខែតុលា ថា កូរ៉េខាងជើង កាលពីថ្ងៃអង្គារ បានបាញ់មីស៊ីលបាលិស្ទីក (Ballistic Missile) ជាលើកទី១ នៅក្នុងរយៈពេល៥ឆ្នាំ កន្លងមកនេះ។ សកម្មភាពយោធារបស់កូរ៉េខាងជើង ជំរុញឱ្យមានការព្រមានដល់អ្នកស្រុក នៅក្នុងកិច្ចការពារ និង ការផ្អាកដំណើរការជាបណ្តោះអាសន្ននូវប្រតិបត្តិការរថភ្លើង  នៅភាគខាងជើង ប្រទេសជប៉ុន។

រដ្ឋាភិបាលក្រុងតូក្យូ បានព្រមានដល់ពលរដ្ឋ ឲ្យការពារខ្លួន ខណៈមីស៊ីលមួយគ្រាប់របស់កូរ៉េខាងជើង ទំនងជាបានហោះរំលង ពីលើទឹកដីរបស់ជប៉ុន មុននឹងធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

កូរ៉េខាងជើង បានបាញ់មីស៊ីលបែបនេះ ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧មក ហើយក្រុងតូក្យូ បានបញ្ជាក់ ថា មីស៊ីលរបស់កូរ៉េខាងជើង នាពេលនេះ អាចហោះ នៅក្នុងចម្ងាយ ៤ ៦០០គីឡូម៉ែត្រ។ នេះជាការបាញ់សាកល្បងមីស៊ីលលើកទី៥របស់ក្រុងព្យុងយ៉ាង នៅក្នុងរយៈពេលត្រឹមតែ១០ថ្ងៃ ខណៈសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង ជប៉ុន កំពុងតែធ្វើសមយុទ្ធយោធារួមគ្នា។

សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តទាំង២ប្រទេស នៅតំបន់អាស៊ីបូព៌ា កាលពីសប្ដាហ៍មុន បានធ្វើសមយុទ្ធយោធាត្រីភាគី ប្រឆាំងនឹងនាវាមុជទឹក ដោយមានការចូលរួម ពីនាវាផ្ទុកយន្ដហោះដ៏ទំនើប ដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ចូលរួមផងដែរ។ នាវាផ្ទុកយន្ដហោះ USS Ronald Reagan បានធ្វើនាវាចរណ៍ មកឈប់សំចត នៅក្នុងដែនទឹករបស់ប្រទេសកូរ៉េខាងត្បូង ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧មក។

ក្រុងតូក្យូ បានបញ្ជាក់ ថា ជប៉ុន មិនបានចាត់វិធានការណាមួយ ដើម្បីបាញ់ទម្លាក់កាំជ្រួចនោះទេ។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក យ៉ាស៊ូកាហ្ស៊ូ ហាម៉ាដា (Yasukazu Hamada ) បានសង្កត់ធ្ងន់ ថា ប្រទេសជប៉ុន នឹងមិនទាន់ច្រានចោលជម្រើសណាមួយនោះឡើយ រួមទាំង សមត្ថភាពវាយប្រហារតបត ព្រោះជប៉ុន មើលឃើញពីការពង្រឹងកិច្ចការពាររបស់ខ្លួន នៅចំពោះមុខការបាញ់មីស៊ីលម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង។ កូរ៉េខាងត្បូង ក៏បានបញ្ជាក់ ថា ក្រុងសេអ៊ូល នឹងជំរុញឲ្យយោធារបស់ខ្លួន បង្កើនកិច្ចសហប្រតិបត្តិការជាមួយនឹងសម្ពន្ធមិត្ត។

លោក ហ៊ីរ៉ូកាហ្ស៊ូ ម៉ាតស៊ូណូ (Hirokazu Matsuno) អ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាលជប៉ុន បានប្រាប់ដល់សន្និសីទសារព័ត៌មានមួយ ថា «សកម្មភាពជាបន្តបន្ទាប់របស់កូរ៉េខាងជើង រួមទាំងការបាញ់មីស៊ីលផ្លោងម្តងហើយម្តងទៀត កំពុងតែគំរាមកំហែងដល់សន្តិភាព និង សន្តិសុខរបស់ប្រទេសជប៉ុន តំបន់ និង សហគមន៍អន្តរជាតិ ហើយកំពុងតែបង្កបញ្ហាប្រឈមមុខយ៉ាងធ្ងន់ធ្ងរ ដល់សហគមន៍អន្តរជាតិទាំងមូល រួមទាំងប្រទេសជប៉ុន ផងដែរ»។

កូរ៉េខាងជើង បានបាញ់មីស៊ីលជាបន្ដបន្ទាប់ ទាំងនៅមុន និង ក្រោយដំណើរបំពេញទស្សនកិច្ចរបស់លោកស្រី កាម៉ាឡា ហាររីស (Kamala Harris) អនុប្រធានាធិបតីសហរដ្ឋអាមេរិក មកកាន់ប្រទេសកូរ៉េខាងត្បូង កាលពីប៉ុន្មានថ្ងៃមុននេះ៕

 

អត្ថបទដែលជាប់ទាក់ទង