ក្រុមហ៊ុនបច្ចេវិទ្យាដ៏ល្បីនៅលើពិភពលោករបស់អាមេរិក ចាប់ផ្ដើមងាកចេញពីចិន ទៅផលិតទូរស័ព្ទទំនើប នៅឥណ្ឌា!
រដ្ឋធានីញូវដេលី៖ ដោយសារតែមានភាពតានតឹងខាងពាណិជ្ជកម្ម កាន់តែខ្លាំងឡើង រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង និងគោលនយោបាយដ៏តឹងរឹងរបស់ចិន «កូវីដ-សូន្យ» ធ្វើឲ្យក្រុមហ៊ុនលំដាប់ពិភពលោកជាច្រើន ងាកទិសដៅចេញពីប្រទេសមហាយក្សអាស៊ី ខណៈក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិសាសន៍របស់សហរដ្ឋអាមេរិក បានប្រកាស ពីគម្រោងរបស់ខ្លួន ត្រូវផលិតទូរស័ព្ទ នៅក្នុងប្រទេសអាស៊ីខាងត្បូង។
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ថា កាលពីសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុន Apple បានប្រកាសពីគម្រោងជាច្រើន ដើម្បីផលិតទូរស័ព្ទម៉ូដែនចុងក្រោយរបស់ខ្លួន iPhone 14 នៅក្នុងប្រទេសឥណ្ឌា។ នេះជាព្រឹត្ដិការណ៍ដ៏សំខាន់បំផុតមួយ នៅក្នុងយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន នៅក្នុងការធ្វើពិពិធកម្មការផលិត នៅខាងក្រៅប្រទេសចិន។ ទូរស័ព្ទម៉ូដែល iPhone 14 ប្រហែល៥ភាគរយ នឹងត្រូវគេរំពឹងថា នឹងត្រូវផលិត នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ នៅឆ្នាំ២០២២ ដោយលឿនជាងអ្វីដែលអ្នកវិភាគ បានរំពឹងទុកទៅទៀត។
លោក អូស្ការ ដេ ប៊ុក (Oscar De Bok) នាយកប្រតិបត្តិ ក្រុមហ៊ុនដឹកជញ្ជូនអាជីវកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ DHL បានប្រាប់បណ្ដាញទូរទស្សន៍ BBC ថា «ក្រុមហ៊ុនលំដាប់ពិភពលោកនានា លែងមានឆន្ទៈអង្គុយរង់ចាំនូវការផ្លាស់ប្តូរគោលនយោបាយ នៅក្នុងប្រទេសចិន បន្ដទៀតហើយ។ ក្រុមហ៊ុនទាំងនោះ ចង់ធ្វើឱ្យប្រាកដថា ពួកគេមានជម្រើស ២ ឬ៣ ហើយមាននិន្នាការឆ្ពោះទៅរកប្រភពថ្មី ដែលមានអ្នកទទួលផលច្បាស់លាស់ នៅក្នុងប្រទេសនានា ដូចជា ឥណ្ឌា វៀតណាម និង ម៉ិកស៊ិក ជាដើម។ ជាលទ្ធផល ក្រុមហ៊ុនលំដាប់ពិភពលោក ជាច្រើន កំពុងតែបង្កើននូវជម្រើសយុទ្ធសាស្រ្ដបូកមួយ ឬបញ្ចៀសនូវការវិនិយោគ នៅក្នុងប្រទេសចិនតែមួយ ដើម្បីតម្រង់ទិសខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេឡើងវិញ»។
ក្រុមអ្នកវិភាគ នៃធនាគារវិនិយោគ JP Morgan បានអះអាង ថា នៅឆ្នាំ២០២៥ ទូរស័ព្ទ iPhone គ្រប់ម៉ូដែលទាំងអស់ ប្រហែល ១ភាគ៤ នឹងត្រូវផលិត នៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិសាសន៍របស់សហរដ្ឋអាមេរិក Apple កំពុងតែផលិត iPhone ជាច្រើនម៉ូដែល នៅក្នុងរដ្ឋទមិឡណាឌូ (Tamil Nadu) នាភាគខាងត្បូង ប្រទេសឥណ្ឌា ចាប់តាំងពីឆ្នាំ២០១៧ រហូតមក។ ប៉ុន្តែការសម្រេចចិត្តបង្កើតគំរូស្មាតហ្វូនរបស់ពួកគេ នៅក្នុងប្រទេសឥណ្ឌា ក៏ជាការបោះជំហានថ្មីមួយ គួរឱ្យកត់សម្គាល់មួយ ខណៈមានភាពតានតឹងខាងពាណិជ្ជកម្ម រវាងរដ្ឋាភិបាលក្រុងប៉េកាំង និង ក្រុងវ៉ាស៊ីនតោន មិនបានបង្ហាញសញ្ញាថយចុះ៕