កូរ៉េខាងជើងបាញ់មីស៊ីល២គ្រាប់ទៀត ចូលសមុទ្រជប៉ុន ឆ្លើយតបកូរ៉េខាងត្បូង និងអាមេរិក!

 

រ៉េខាងជើងៈ ជាការឆ្លើយតប បន្ទាប់ពីកូរ៉េខាងត្បូង និងអាមេរិកបាញ់មីស៊ីលព្រមានរួចមក នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា នេះ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកចំនួន ២ គ្រាប់ បន្ថែមទៀត ចូលទៅក្នុងសមុទ្រ ទិសដៅតម្រង់ឆ្ពោះទៅប្រទេសជប៉ុន។ នេះគឺជាការបាញ់លើកទី៦ហើយ របស់របបព្យុងយ៉ាងក្នុងរយៈពេលត្រឹម ១២ថ្ងៃ។ នេះបើតាមការចេញផ្សាយរបស់ Reuters។

គួររំលឹកផងដែរថាៈ កាលពីថ្ងៃម្សិលមិញនេះ អាមេរិក និងកូរ៉េខាងត្បូងបានបាញ់មីស៊ីដើម្បីឆ្លើយតបទៅនឹងកូរ៉េខាងជើង។ នាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងប្រាប់អ្នកសារព័ត៌មានថា «នេះជាលើកទី៦ហើយក្នុងរយៈពេលដ៏ខ្លី ដោយរាប់ពីការបាញ់នៅចុងខែកញ្ញា! វាពិតជាមិនអាចអត់ឱនអោយបាន»។

ការបា.ញ់មីស៊ីលរបស់របបព្យុងយ៉ាងកើតឡើងតែមួយម៉ោងប៉ុណ្ណោះ ក្រោយពេលរបបផ្តាច់ការនេះបានថ្កោលទោសអាមេរិកដែល កោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នៅក្នុងសេចក្តីប្រកាសចេញដោយក្រសួងការបរទេសកូរ៉េខាងជើង ក៏បានថ្កោលទោសទីក្រុងវ៉ាស៊ីនតោនផងដែរ ដែលបានបញ្ជូននាវាផ្ទុកយន្តហោះមកកាន់ឧបទ្វីបកូរ៉េ ដោយកូរ៉េខាងជើងលើកឡើងថា វាបានគំរាមកំហែងធ្ងន់ធ្ងរដល់ស្ថិរភាពនៃស្ថានភាពក្នុងតំបន់។

នាវាផ្ទុកយន្តហោះអាមេរិក USS Ronald Reagan និងក្រុមវាយប្រហាររបស់ខ្លួនត្រូវបានដាក់ពង្រាយឡើងវិញភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើងរំលងប្រទេសជប៉ុន។

គួរបញ្ជាក់ដែរថាៈ កាលពីថ្ងៃពុធម្សិលមិញនេះ អាមេរិកបានចោទប្រកាន់រុស្ស៊ី និងចិនថា បានរារាំងការប៉ុនប៉ងពង្រឹងការដាក់ទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើទីក្រុងព្យុងយ៉ាង ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់របបនេះ។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yេol ថ្លែងប្រាប់អ្នកសារព័ត៌មានដូច្នេះថា ប្រទេសរបស់លោកនឹងធានាសន្តិសុខរបស់ខ្លួនតាមរយៈសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក និងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន។ លោកគ្រោងនឹងនិយាយគ្នាជាមួយនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា តាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍នេះ។

ក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោក Yoon Suk-yeol បានព្រមានថា កូរ៉េខាងជើងនឹងប្រឈមនឹងការឆ្លើយតបរបស់អន្តរជាតិ ដ៏ខ្លាំងក្លាជុំវិញការបាញ់សាកល្បងមីស៊ីលរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង