ថៃ អំពាវនាវឲ្យរុះរើគណៈរដ្ឋមន្រ្ដី!

រាជធានីបាងកក៖ ការរុះរើគណៈរដ្ឋមន្ត្រីថៃ ត្រូវគេរំពឹងថា អាចនឹងប្រព្រឹត្តទៅ នៅក្នុងពេលឆាប់ៗខាងមុខនេះ ហើយវាអាចពាក់ព័ន្ធនឹងគណបក្ស Palang Pracharath Party (PPRP) ដែលកំពុងតែកាន់អំណាច ក្រោយសមាជិកបក្សមួយចំនួន បានបញ្ចុះបញ្ចូលឱ្យមេដឹកនាំរបស់ពួកគេ គឺលោកឧត្តមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwon) ចូលកាន់តំណែងក្រសួងមហាផ្ទៃ នៅមុនការបោះឆ្នោតសកល។

សារព័ត៌មាន Bangkok Post  បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ថា គណបក្សប្រជាធិបតេយ្យ កំពុងតែស្វះស្វែង ឲ្យមានការរុះរើគណៈរដ្ឋមន្រ្ដី ដើម្បីបំពេញអាសនៈ នៅទំនេរ ដោយសារតែលោក នីផុន ប៊ុនយ៉ាម៉ានេ (Niphon Bunyamanee) បានលាលែង ពីតំណែង ជាអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីតទល់នឹងសំណុំរឿងរបស់តុលាការ ក្រោមការចោទប្រកាន់ ថា គាត់បានប្រព្រឹត្តអំពើពុករលួយ ខណៈធ្វើជាប្រធានរដ្ឋបាលខេត្តសុងក្លា (Songkhla) នៅអំឡុងឆ្នាំ២០១៣។

នៅមុនកិច្ចប្រជុំគណៈរដ្ឋមន្រ្ដីថៃ កាលពីថ្ងៃពុធ មេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក ជូរីន ឡាក់សាណាវីស៊ីត (Jurin Laksanawisit) បានបញ្ជាក់ថា គាត់នឹងលើកឡើង អំពីបញ្ហានេះ ជាមួយនឹងលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ដែលឥឡូវនេះ គាត់បានវិលមកកាន់តំណែង ជានាយករដ្ឋមន្រ្ដីវិញ។ ការលើកឡើងរបស់គណបក្សប្រជាធិបតេយ្យ ជឿថា ទំនងជាបង្កឱ្យមានការរង្គោះរង្គើគណៈរដ្ឋមន្ត្រី សម្រាប់គណបក្ស PPRP ដែលកំពុងតែកាន់អំណាច និង គណបក្សភូមចៃថៃ (Bhumjaithai)។

ក្រុមអ្នកសង្កេតការណ៍នយោបាយថៃ ជឿថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ប្រហែលជាមិនអាចព្រងើយកន្តើយ នឹងការអំពាវនាវ ជំរុញឱ្យមានការរុះរើគណៈរដ្ឋមន្ត្រី នោះទេ ប្រសិនបើគណបក្សចម្រុះទទូច នៅពេលពួកគេចាប់ផ្តើមការរាប់ថយក្រោយ ដល់ការបោះឆ្នោតសកល។ គណបក្ស PPRP ដែលកំពុងកាន់អំណាច ត្រូវគេគិតថា នឹងចាប់យកឱកាស ដើម្បីឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អានុពុង ប៉ាវជិនដា (Anupong Paojinda) ដែលមិនមានប្រជាប្រិយភាព ក្នុងចំណោមសមាជិកបក្ស មកជំនួស ដោយមេដឹកនាំរបស់បក្ស។

ក្រសួងកាន់អំណាចលើស្ថាប័នរដ្ឋបាលមូលដ្ឋាន មានប្រយោជន៍ សម្រាប់ផ្តល់ឱ្យបេក្ខជននូវភាពលេចធ្លោ នៅក្នុងការបោះឆ្នោតសកល ហើយសមាជិក PPRP ចូលចិត្តលោកឧត្តមសេនីយ៍ Prawit ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នេះមិនមែនជាលើកទី១ ដែលសមាជិកបក្ស បានស្នើសុំឱ្យដកលោកឧត្តមសេនីយ៍ Anupong ចេញពីតំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ប៉ុន្តែរហូតមកដល់ពេលនេះ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានគ្រប់គ្រង ដើម្បីទប់ទល់នឹងការអំពាវនាវឱ្យមានការផ្លាស់ប្តូរតំណែងនេះ។ ដោយឡែក សមាជិកសភារបស់បក្សគ្រប់គ្រងអំណាច PPRP ចំនួន៦រូប បានបោះឆ្នោត មិនផ្ដល់សេចក្ដីទុកចិត្ត លើលោកឧត្តមសេនីយ៍ Anupong នៅក្នុងការជជែកដេញដោលចុងក្រោយនេះ។

ដោយឡែក លោកឧត្ដមសេនីយ៍ Anupong បានថ្លែង កាលពីថ្ងៃពុធ ថា បញ្ហាអាស្រ័យលើលោកឧត្តមសេនីយ៍ ប្រាយុទ្ធ នាយករដ្ឋមន្រ្ដីថៃ ជាអ្នកសម្រេច នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រី។ សមាជិក PPRP មួយចំនួន ដែលស្មោះត្រង់នឹងឧត្តមសេនីយ៍ Prawit បានស្នើឲ្យឧត្តមសេនីយ៍ Anupong ទទួលតួនាទីជារដ្ឋមន្ត្រីការពារជាតិ ដែលមុខតំណែង ដឹកនាំដោយលោកឧត្តមសេនីយ៍ ប្រាយុទ្ធ។

បើតាមប្រភពព័ត៌មានពីគណបក្ស PPRP បានអះអាង កាលពីថ្ងៃពុធ ថា លោកឧត្តមសេនីយ៍  ប្រាយុទ្ធ ទំនងជាមិនផ្លាស់ប្តូរគណៈរដ្ឋមន្ត្រី នោះទេ ដោយសារតែអាណត្តិរបស់សភា នឹងបញ្ចប់ នៅក្នុងពេលឆាប់ៗនេះ ហើយការផ្លាស់ប្តូរណាមួយ មិនថា តំណែងតូច ឬធំ ក៏នឹងបង្កឱ្យមានការរំជើបរំជួលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង