ជនសង្ស័យ ៦នាក់ ត្រូវចោទប្រកាន់ និងមន្ត្រីប៉ូលិស ៣៦នាក់ ត្រូវបានបណ្តេញចេញ ផ្អាកពីការងារ និងសួរចម្លើយ ជុំវិញហេតុការណ៍ រត់ជាន់គ្នាស្លាប់ជាង ១០០ នាក់ នៅឥណ្ឌូនេស៊ី!
ឥណ្ឌូនេស៊ីៈ មន្ត្រីប៉ូលីសជាន់ខ្ពស់ឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ម្សិលមិញនេះថា មនុស្សចំនួន ៦នាក់ ត្រូវបានចោទប្រកាន់ជុំវិញគ្រោះមហន្តរាយពហុកីឡដ្ឋានបាល់ទាត់ដែលបានសម្លាប់មនុស្សយ៉ាងតិច ១៣១នាក់ កាលពីចុងសប្តាហ៍កន្លងទៅនេះ ទន្ទឹមនឹងការបណ្តេញមេប៉ូលិស ផ្អាកការងារ និងសួរចម្លើយមន្ត្រី ៣៦នាក់ ផ្សេងទៀត។
មេប៉ូលីសជាតិលោក លីសត្យូ ស៊ីហ្គីន ប្រាបូវ៉ូ (Listyo Sigit Prabowo) បានថ្លែងប្រាប់សន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា «ផ្អែកលើការស៊ើបអង្កេត និងភស្ថុតាងគ្រប់គ្រាន់ យើងបានកំណត់ជនសង្ស័យចំនួន ៦នាក់»។ ដោយអ្នកទាំង៦នាក់នោះ ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែលបណ្តាលឱ្យមានការស្លាប់ រួមមានមន្ត្រីប៉ូលីស ៣នាក់ និង ៣នាក់ទៀត ជាអ្នកដែលទទួលខុសត្រូវចំពោះការប្រកួត និងសន្តិសុខនៅពហុកីឡដ្ឋាន។
លោកបញ្ជាក់ទៀតថា មន្ត្រីប៉ូលីសចំនួន ២នាក់ ដែលស្ថិតក្រោមការស៊ើបអង្កេត បានបញ្ជាឱ្យសហការីរបស់ខ្លួន បាញ់ឧស្ម័នបង្ហូរទឹកភ្នែក។ ទាំងមន្ត្រីប៉ូលិសដែលស្ថិតក្រោមការស៊ើបអង្កេតទាំងនោះ បានដឹងពីបទប្បញ្ញតិ្តសុវត្ថិភាពរបស់ FIFA ដែលហាមប្រាមការប្រើប្រាសឧស្ម័នគ្រប់គ្រងហ្វូងមនុស្សនៅទីលាន ប៉ុន្តែមិនបានបង្ការសហការីរបស់ខ្លួនពីការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក។ ជនសង្ស័យទាំងអស់ប្រឈមនឹងការផ្តន្ទាទោសឱ្យជាប់គុករយៈពេល ៥ឆ្នាំ ប្រិសិនបើរកឃើញថាមានកំហុស។
សូមបញ្ជាក់ថា សមាគមនបាល់ទាត់ឥណ្ឌូនេស៊ី បានហាមប្រាមប្រធានគណៈកម្មាធិការរៀបចំការបាល់ទាត់ និង មន្ត្រីសន្តិសុខម្នាក់នៃក្រុមបាល់ទាត់ Arema FC មិនឱ្យចូលរួមគ្រប់សកម្មភាពបាល់ទាត់អស់មួយជីវិត។ ការប្រកាសនោះកើតឡើង ខណៈដែលមានការខឹងសម្បារយ៉ាងខ្លាំងចំពោះប៉ូលីស ដែលបានធ្វើការឆ្លើយតបចំពោះការលុកលុយចូលទីលាន។
ក្រុមមន្ត្រីបានធ្វើការឆ្លើយតបដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចូលក្នុងកន្លែងហ្វូងមនុស្ស ខណៈដែលអ្នកគាំទ្ររបស់ក្លឹប Arema FC ព្យាយាមចូលទៅជិតកីឡាករ បន្ទាប់ពីបរាជ័យដ៏អាម៉ាស់ទល់នឹងក្លឹប Persebaya Surabaya កាលពីថ្ងៃសៅរ៍ពេលល្ងាច។ មនុស្សរាប់រយនាក់បានភៀសខ្លួនចេញតាមច្រកតូចៗ បណ្តាលឱ្យមានហេតុការណ៍ជាន់គ្នា និងថប់ដង្ហើមស្លា.ប់៕ (យោងតាមប្រភព៖ AFP)