អ៊ុយក្រែន អះអាងពីការរំដោះទឹកដីទំហំជាង៤០០គីឡូម៉ែត្រ ពីកម្លាំងទាហានរុស្ស៊ី!
រដ្ឋធានីកៀវ៖ នៅក្នុងសង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងសាហាវ នៅក្នុងតំបន់ឃើរសុន (Kherson) នាភាគខាងត្បូង ប្រទេសអ៊ុយក្រែន ដែលក្រុងមូស្គ បានដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់រុស្ស៊ី នោះ ក្រុងកៀវ បានអះអាង ពីការរំដោះទឹកដីមានទំហំ ជាង៤០០គីឡូម៉ែត្រការ៉េ ត្រឹមតែរយៈពេលមិនដល់១សប្ដាហ៍ នៅក្នុងតំបន់នោះ។
សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ថា អ៊ុយក្រែន បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ថា នៅក្នុងរយៈពេលតិចជាង១សប្ដាហ៍កន្លងទៅនេះ កងទ័ពការពារទឹកដីក្រុងកៀវ បានរំដោះទឹកដី មានទំហំ ជាង៤០០គីឡូម៉ែត្រការ៉េ នៅក្នុងតំបន់ឃើរសុន។
លោកស្រី ណាតាលៀ ហ្គូម៉ែនៀក (Natalia Gumeniuk) អ្នកនាំពាក្យ បញ្ជាការដ្ឋានកងទ័ពអ៊ុយក្រែន តំបន់ភាគខាងត្បូង ប្រទេសអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ថា «កងទ័ពអ៊ុយក្រែន បានរំដោះតំបន់ឃើរសុន មានទំហំជង៤០០គីឡូម៉ែត្រ ចាប់តាំងពីដើមខែតុលាមក»។
ដោយឡែក មន្រ្ដីយោធារុស្ស៊ី បានអះអាង ថា «កម្លាំងសត្រូវ ត្រូវបានវាយបកត្រឡប់មកវិញ នៅតាមខ្សែបន្ទាត់ការពាររបស់រុស្ស៊ី នៅលើសមរភូមិ ភាគខាងត្បូង ប្រទេសនេះ។ ជាមួយគ្នានេះដែរ កងទ័ពអ៊ុយក្រែន បានដាក់ពង្រាយកងវរសេនាតូចយុទ្ធសាស្ត្រ ចំនួន៤ ហើយបានព្យាយាមប៉ុនប៉ងម្តងហើយម្តងទៀត ដើម្បីវាយទម្លុះតំបន់ការពាររបស់យើង នៅជិតឌូដចានី (Dudchany), ស៊ូខាណូវ (Sukhanove), សាដូក (Sadok) និង ប៊្រូស្កីនស្កូ (Bruskinskoe)។
ប្រធនាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy ) កាលពីថ្ងៃពុធ បានប្រកាស ថា កងទ័ពអ៊ុយក្រែន បានរំដោះភូមិណូវ៉ូសក្រែសេនស្កេ (Novovoskresenske), ណូវ៉ូហ្គ្រីហ្គោរីវកា (Novogrygorivka) និង ផេត្រូប៉ាវលីវកា (Petropavlivka) នៅក្នុងតំបន់ជុំវិញឃើរសុន។
ក្រោយប្រកាសរបស់ប្រធានាធិបតីអ៊ុយក្រែន បានកើតឡើង ក្រោយពេលកងទ័ពការពារទឹកដីរបស់ក្រុងកៀវ បានរំដោះតំបន់ខាគីវ នាភាគឦសាន ប្រទេស ស្ទើរតែទាំងស្រុង។ កងទ័ពអ៊ុយក្រែន កាលពីពេលថ្មីៗនេះ បានអះអាង អំពីជ័យជម្នះ នៅលើសមរភូមិ នាភាគខាងកើត និង ភាគខាងត្បូង ប្រទេសរបស់ពួកគេ៕