មូលនិធិរូបិយវត្ថុអន្ដរជាតិ នឹងបញ្ចេញកញ្ចប់ថវិកាបម្រុងសង្គ្រោះបន្ទាន់ ទំហំ ៦៥០ ពាន់លានដុល្លារ!

 រដ្ឋធានីវ៉ាស៊ីនតោន៖ ឥទ្ធិពលសង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន កំពុងតែបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ពិភពលោក រហូតនាំឲ្យមានវិបត្ដិសុខភាព ស្បៀងអាហារ ថាមពល និង អតិផរណា ហើយនៅពេលនេះ មានការអំពាវនាវ ដល់មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បញ្ចេញកញ្ចប់ទុនបម្រុងសង្គ្រោះបន្ទាន់ ទៅជួយដល់បណ្ដាប្រទេសជាសមាជិក។

សារព័ត៌មាន Anews បានចេញផ្សាយ ពីថ្ងៃសុក្រ ទី៧ ខែតុលា នេះថា ក្រុមអង្គការសង្គមស៊ីវិល ចំនួន ១៤០ បានសរសេរ នៅក្នុងលិខិតមួយច្បាប់ ផ្ញើជូនក្រុមប្រឹក្សាភិបាលរបស់មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) កាលពីថ្ងៃព្រហស្បតិ៍ ដោយបានរៀបរាប់ថា មូលនិធិរូបិយវត្ថុអន្តរជាតិ គួរតែបញ្ចេញទុនបម្រុងគ្រាអាសន្នថ្មី មានទឹកប្រាក់ទំហំ ៦៥០ ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ជួយដល់បណ្ដាប្រទេសសមាជិករបស់ខ្លួន ដើម្បីដោះស្រាយវិបត្តិសុខភាព ស្បៀងអាហារ ថាមពល និង អតិផរណា។

ក្រុមមន្រ្ដី IMF ធ្លាប់បញ្ជាក់ កាលពីខែកក្កដា ថា ការបញ្ចេញទុនបម្រុងសិទ្ធិពិសេសថ្មី (SDR) ជាជម្រើសតែមួយគត់ សម្រាប់ផ្ដល់ជំនួយ ដល់ប្រទេសដែលកំពុងតស៊ូជាមួយនឹងការរីករាលដាល ពីសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ប៉ុន្តែមិនមានការពិភាក្សាយ៉ាងសកម្មលើបញ្ហានេះទេ។

ធនាគារពិភពលោក កាលពីខែមុន បានព្រមាន អំពីហានិភ័យរបស់ពិភពលោក កំពុងតែកើនឡើង ដោសារឥទ្ធិពលសង្គ្រាម។ ធនាគារពិភពលោក កាលពីថ្ងៃពុធ បានបញ្ជាក់ ថា មនុស្សជិត៦០០លាននាក់ នឹងនៅតែរស់នៅក្នុងភាពក្រីក្របំផុត ជាមួយនឹងប្រាក់ចំណូលប្រចាំថ្ងៃ ត្រឹមតែ ២,១៥ ដុល្លារសហរដ្ឋអាមេរិក រហូតដល់ឆ្នាំ២០៣០។

ការអង្វរកររបស់ក្រុមអង្គការសង្គមស៊ីល ទាំង១៤០ សម្រាប់ការបែងចែកទុនបម្រុងសិទ្ធិពិសេស (SDR) រយៈពេលជាង១ឆ្នាំនេះ បានកើតឡើង ដោយសារក្រុមមន្រ្ដីហិរញ្ញវត្ថុរបស់ពិភពលោក រៀបចំជួបគ្នា នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំរបស់ IMF និង ធនាគារពិភពលោក។

ការអំពាវនាវស្រដៀងគ្នានេះ បានលេចចេញពីក្រុមតំណាងរាស្ដ្រ និងក្រុមធុរកិច្ច ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ បើទោះជាអ្នករិះគន់បានអះអាងថា ការបញ្ចេញទុនបម្រុងថ្មីនេះ ក៏នឹងផ្តល់ទ្រព្យសម្បត្តិថ្មី ទៅដល់ប្រទេស រុស្ស៊ី ដែលនៅតែជាសមាជិក IMF ។

ក្រុមអ្នកគាំទ្របានអះអាងថា នៅក្នុងការអនុវត្ដជាក់ស្តែង ប្រទេសរុស្ស៊ី នឹងពិបាកស្វែងរកប្រទេសណាមួយ សម្រាប់ប្តូរ SDR របស់ខ្លួន ទៅជារូបិយប័ណ្ណសុទ្ធ។

លោក ម៉ាក ផ្លែន (Mark Plant) អតីតមន្ត្រី IMF មកពីមជ្ឈមណ្ឌលអភិវឌ្ឍន៍សកលលោកបានបញ្ជាក់ថា វានឹងពិបាក នៅក្នុងការឈ្នះតម្រូវការអនុម័ត ៨៥ ភាគរយ សម្រាប់ការបែងចែកមួយផ្សេងទៀត ដើម្បីបំពេញនូវការខកចិត្តយ៉ាងខ្លាំង ដែលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន G-20 មិនបានបំពេញតាមការប្តេជ្ញាចិត្តរបស់ពួកគេ នៅក្នុងការកែប្រែឡើងវិញនូវទុនបម្រុងសិទ្ធិពិសេស (SDR) របស់ពួកគេ មានទំហំទឹកប្រាក់ ១០០ពាន់លានដុល្លារអាមេរិក។

IMF កាលពីខែសីហា ឆ្នាំ២០២១ បានបង្កើត និងចេញទ្រព្យសកម្ម SDR ចំនួន ៦៥០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដល់ប្រទេសជាសមាជិក ដើម្បីជួយឱ្យប្រទេសទាំងនោះ ងើបឡើងផុតពីជំងឺរាតត្បាត បង្កឡើងដោយកូវីដ-១៩។ ប៉ុន្តែប្រទេសក្រីក្រកំពុងតែទាមទារថវិកាបន្ថែមទៀត ដោយសារតែអតិផរណាកើនឡើងខ្ពស់ និងវិបត្តិបំណុលកំពុងតែកើនឡើង។

លិខិតរបស់ក្រុមអង្គការទាំង ១៤០ នោះ បានបញ្ជាក់ថា  ប្រទេសទាំងនោះ ត្រូវការថវិកាបន្ថែមទៀតចាប់តាំងពីពួកគេកំពុងតែតស៊ូជាមួយជំងឺរាតត្បាត កូវីដ-១៩ ដែលកំពុងបន្តកើនឡើង, ការឡើងថ្លៃតម្លៃម្ហូបអាហារ និង ថាមពល ដោយសារសង្គ្រាម នៅក្នុងអ៊ុយក្រែន, គ្រោះមហន្តរាយអាកាសធាតុ និង កម្រិតបំណុលកើនឡើងខ្ពស់។ ប្រទេសចំនួន ៤២ បានប្ដូរ SDR របស់ពួកគេទៅជារូបិយប័ណ្ណសុទ្ធ មានតម្លៃ១៦ពាន់លានដុល្លារ សហរដ្ឋអាមេរិក។ ចំណែកប្រទេសចំនួន ៦៩ ផ្សេងទៀត បានប្រើប្រាស់ SDR មានតម្លៃ ៨០ ពាន់លានដុល្លារសហរដ្ឋអាមរិក ជាថវិការបស់ពួកគេ ឬសម្រាប់គោលបំណងសារពើពន្ធផ្សេងៗទៀត៕

 

អត្ថបទដែលជាប់ទាក់ទង