លីទុយអានី អះអាងថា បស្ចិមលោកត្រូវបង្កើនសមត្ថភាពឲ្យខ្លាំងក្លា ទើបរុស្ស៊ីមិនហ៊ានប៉ះ!
រដ្ឋធានីប្រាក (Prague)៖ ដោយសារតែសង្គ្រាមរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន បានអូសបន្លាយ អស់រយៈពេល២២៦ គិតត្រឹម ថ្ងៃទី៧ ខែតុលា នៅតែរកទីបញ្ចប់មិនទាន់ឃើញ ហើយការវាយប្រយុទ្ធគ្នា កាន់តែសាហាវ កំពុងតែបន្ដនោះ ទើបប្រធានាធិបតី នៃប្រទេសធ្លាប់ជារដ្ឋមួយ រួមរស់នៅក្រោមដំបូលអតីតសហភាពសូវៀត បានជំរុញឲ្យបស្ចិមលោក ត្រូវតែកសាងរបាំងដ៏រឹងមាំ ទើបទល់នឹងការពង្រីកសង្គ្រាមរបស់រុស្ស៊ី។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី៧ ខែតុលា ថា លោក ហ្គីតណា នោសេដា (Gitanas Nauseda) ប្រធានាធិបតីលីទុយអានី បានបញ្ជាក់ ថា លោកខាងលិច ត្រូវតែកសាងនូវរបាំងដ៏រឹងមាំមួយ គាំទ្រដល់ប្រទេសអ៊ុយក្រែន ដើម្បីធ្វើឲ្យប្រាកដ ថា រុស្ស៊ី មិនអាចបង្កនូវហានិភ័យ ពង្រីកសង្គ្រាមបន្ថែមទៀតនោះឡើយ។
លោកប្រធានាធិបតីលីទុយអានី បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅឯកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប នៅក្នុងរដ្ឋធានីប្រាក (Prague) ប្រទេសឆែក ថា «យើងត្រូវបង្កើតរបាំងដ៏គួរឱ្យទុកចិត្តមួយ ដើម្បីធ្វើឲ្យប្រាកដ ថា របបរបស់វិមានក្រឹមឡាំង មិនចង់សាកល្បងនឹងសមត្ថភាពរបស់យើង នៅក្នុងការឆ្លើយតប។ យើងត្រូវតែរឹងមាំ និង មិនអនុញ្ញាតឱ្យបណ្ដាប្រទេសរបស់ពួកយើង ត្រូវបានប្រើប្រាស់ ដោយគិតថា របបវិមានក្រឹមឡាំង ល្អណាស់នោះឡើយ»។
កិច្ចប្រជុំកំពូលក្រៅផ្លូវរបស់សហភាពអឺរ៉ុប នៅក្នុងរដ្ឋធានីក្រុងប្រាក ត្រូវបានរៀបចំឡើង ដើម្បីពិភាក្សា អំពីវិធីសាស្រ្ដដោះស្រាយវិបត្តិថាមពល កាន់តែធ្លាក់ធ្ងន់ធ្ងរឡើង ដោយសារការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។
ដោយឡែក ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានអនុម័តយ៉ាងរលូន សម្រាប់ការតែងតាំងអ្នកជំនាញឯករាជ្យថ្មី ស្តីពីការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសរុស្ស៊ី ដោយចោទប្រកាន់រដ្ឋាភិបាលក្រុងម៉ូស្គូ ថា បានបង្កើត«បរិយាកាសបំភិតភ័យ» តាមរយៈការគាបសង្កត់ និង អំពើហិង្សា។
សមាជិកស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រ ចំនួន១៧សំឡេង និង ប្រឆាំងចំនួន៦សំឡេង ហើយអនុបវាទ ចំនួន២៤សំឡេង។ នេះជាលើកទីមួយហើយ ដែលក្រុមប្រឹក្សាសិទ្ធិមនុស្ស មានអាយុ១៦ឆ្នាំ បានបង្កើតអ្នករាយការណ៍ពិសេសមួយ ដើម្បីពិនិត្យមើលកំណត់ត្រាសិទ្ធិរបស់ប្រទេសជាសមាជិក ដែលហៅថា «P5» កាន់កាប់អាសនៈអចិន្ត្រៃយ៍ នៅក្នុងក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។
លោក ស៊ីម៉ុន ម៉ានឡេ (Simon Manley) ឯកអគ្គរាជទូត ចក្រភពអង់គ្លេស ប្រចាំនៅអង្គការសហប្រជាជាតិ នាទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ភ្លាមៗ ក្រោយការបោះឆ្នោត ថា «យើងចង់ឱ្យវាមានភាពច្បាស់លាស់ នៅថ្ងៃនេះ ហើយថា យើងមិនភ្លេចអ្នកតស៊ូ ដើម្បីសេរីភាព នៅក្នុងប្រទេស ខណៈប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) គាបសង្កត់ដល់ប្រជាជនរុស្ស៊ី និង ធ្វើសកម្មភាពគាបសង្កត់ នៅក្រៅប្រទេសថែមទៀតផង»៕