ប្រធានាធិបតីរុស្ស៊ី ចោទប្រកាន់អ៊ុយក្រែន ជាអ្នករៀបចំបំផ្ទុះស្ពានគ្រីមៀ
រដ្ឋធានីមូស្គូ៖ រហូតមកដល់ពេលនេះ ថ្វីបើមិនទាន់មានអ្នកចេញមុខ មកទទួលខុសត្រូវ ជុំវិញការបំផ្ទុះស្ពានយុទ្ធសាស្រ្ដដ៏សំខាន់ សម្រាប់បម្រើដល់ការដឹកជញ្ជូនកងទ័ព និង សម្ភារសឹក នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះក្ដី ប៉ុន្ដែប្រធានាធិបតីរុស្ស៊ី បានចាត់ទុកការបំផ្ទុះស្ពានគ្រីមៀ នេះ ជាសកម្មភាពភេរវកម្ម និង បានចោទប្រកាន់ ដល់ប្រទេសអ៊ុយក្រែន ជាអ្នកនៅពីក្រោយសកម្មភាពទាំងនេះ។
សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៩ ខែតុលា ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់អ៊ុយក្រែន ពីការរៀបចំការបំផ្ទុះដ៏មានកម្លាំងខ្លាំង ដោយបានបំផ្លាញស្ពានគ្រីមៀ តភ្ជាប់ពីដីគោក នៃប្រទេសរុស្ស៊ី ទៅកាន់ឧបទ្វីបគ្រីមៀ ដែលក្រុងមូស្គូ បានរឹបអូស ពីប្រទេសជិតខាងមួយនេះ កាលពីឆ្នាំ២០១៤។ លោក ពូទីន បានចាត់ទុកសកម្មភាពបំផ្ទុះនេះ ជា«អំពើភេរវកម្ម»។
ប្រធានាធិបតិរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាក់ នៅក្នុងវីដេអូ នៅលើឆែនណែលតេឡេក្រាមរបស់វិមានក្រឹមឡាំង ថា «“គ្មានអ្វីត្រូវសង័្សយទៀតទេ ព្រោះវាជាសកម្មភាព អំពើភេរវកម្ម ដោយមានគោលបំណង បំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដ៏សំខាន់នេះ។ ការបំផ្ទុះនេះ ត្រូវបានរៀបចំ អនុវត្ដ និង ចេញបញ្ជា ដោយទីភា្នក់ងារពិសេសរបស់អ៊ុយក្រែន»។
មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន កំពុងតែជួយជាមួយនឹងលោក អាឡេក្សានដឺរ បាស្ទ្រីគីន (Alexander Bastrykin) ជាប្រធានគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី ដែលកំពុងតែបង្ហាញការរកឃើញការស៊ើបអង្កេត លើការបំផ្ទុះ និង ភ្លើងឆេះស្ពាន កាលពីថ្ងៃសៅរ៍។ ការបំផ្ទុះស្ពាន ឆ្លងកាត់ច្រកសមុទ្រឃើច (Kerch) ជាផ្លូវផ្គត់ផ្គង់ដ៏សំខាន់ សម្រាប់កម្លាំងទាហានរបស់ក្រុងមូស្គូ នៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន បានជំរុញឱ្យមានសារដ៏រីករាយ ចេញពីមន្ត្រីអ៊ុយក្រែន កាលពីថ្ងៃសៅរ៍។ ប៉ុន្តែមន្រ្ដីក្រុងកៀវ មិនបានអះអាង ពីការទទួលខុសត្រូវ ជុំវិញការបំផ្ទុះនេះនៅឡើយ។
ស្ពានគ្រីមៀ តភា្ជប់ពីដីគោករបស់ប្រទេសរុស្ស៊ី ទៅកាន់ឧបទ្វីបគ្រីមៀនេះ ក៏ជាសរសៃឈាមដ៏សំខាន់បំផុតមួយ សម្រាប់កំពង់ផែសេវ៉ាស្ដូប៉ូល (Sevastopol) ជាមូលដ្ឋានកងនាវារបស់រុស្ស៊ី ឈរជើងនៅតំបន់សមុទ្រខ្មៅ។ ការបំផ្លិចបំផ្លាញស្ពាន ដែលជានិមិត្តរូបដ៏រឹងមាំ សម្រាប់ការដាក់ការបញ្ចូលឧបទ្វីបគ្រីមៀ (Crmea) របស់អ៊ុយក្រែន ទៅជាឧបសម្ព័ន្ធរបស់រុស្ស៊ី បានកើតឡើង ចំពេលបរាជ័យរបស់កម្លាំងទាហានក្រុងមូស្គូ នៅលើសមរភូមិ ហើយសកម្មភាពនេះ នឹងអាចគំរាមកំហែងបន្ថែមទៀត ដល់វិមានក្រឹមឡាំង ជុំវិញការធានាថា ជម្លោះនេះ នឹងប្រព្រឹត្ដ តាមការគ្រោងទុក។
ដោយឡែក សេវាផ្លូវដែក និង ចរាចរណ៍ផ្លូវគោក បានបន្តឡើងវិញ គឺមួយថ្ងៃ ក្រោយការបំផ្ទុះស្ពាននេះ។ ចំណែករូបភាព បានបង្ហាញថា ពាក់កណ្តាលនៃផ្នែកមួយរបស់ស្ពាន ត្រូវបានបំផ្ទុះចេញ ដោយពាក់កណ្តាលទៀត នៅតែជាប់នឹងស្ពាននោះដដែល។ រុស្ស៊ី បានរឹបអូសយកឧបទ្វីបគ្រីមៀ ពីប្រទេសអ៊ុយក្រែន នៅក្នុងឆ្នាំ២០១៤ ហើយស្ពានមានប្រវែង១៩គីឡូម៉ែត្រ ដែលតភ្ជា ប់ទៅកាន់បណ្ដាញដឹកជញ្ជូនរបស់រុស្ស៊ី ត្រូវបានបើកដំណើរការ ក្រោយការសាងសង់ តាមបញ្ជារបស់លោក ពូទីន ។
បើតាមបណ្ដាញផ្សព្វផ្សាយ ក្នុងស្រុក បានរាយការណ៍ ថា លោក ម៉ារ៉ាត ឃូសនូលលីន (Marat Khusnullin) ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី បានបញ្ជាក់ ថា ក្រុមអ្នកមុជទឹក បានចាប់ផ្តើមធ្វើការ នៅថ្ងៃអាទិត្យ ដើម្បីពិនិត្យមើល អំពីការខូចខាតរបស់ស្ពានគ្រីមៀ (Crimea) ដោយមានការស្ទង់មើលយ៉ាងល្អិតល្អន់បន្ថែមទៀត ពីលើខ្សែទឹក៕