លោក ពូទីន តែងតាំងមេទ័ពថ្មី ក្រោយក្រុងកៀវវាយរំដោះទឹកដី កាន់តែច្រើនឡើង
រដ្ឋធានីមូស្គូ៖ ក្រោយពេលកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន បាន និង កំពុងតែបន្ដ វាយរុលចូលទៅមុខយ៉ាងលឿន ដើម្បីរំដោះទឹកដីរបស់ពួកគេ យកត្រឡប់មកវិញ កាន់តែច្រើនឡើងនោះ មេដឹកនាំរុស្ស៊ី បានតែងតាំងមេទ័ពកំពូលថ្មី សម្រាប់ដឹកនាំប្រតិបត្ដិការសឹកនេះ។
សារព័ត៌មាន Euro News បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៩ ខែតុលា ថា រុស្ស៉ី បានតែងតាំងមេបញ្ជាការថ្មីម្នាក់ សម្រាប់ការដឹកនាំធ្វើសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន។ ការតាំងតាំងមេទ័ពកំពូលថ្មីរបស់ក្រុងមូស្គូ កាលពីថ្ងៃសៅរ៍ នេះ បានកើតឡើង ក្រោយពេលកម្លាំងទាហានរុស្ស៊ី បានទទួលបរាជ័យ ជាបន្តបន្ទាប់ នៅក្នុងការវាយបកយ៉ាងលឿនរហ័ស ពីកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ទាំងនៅក្នុងតំបន់ភាគខាងត្បូង និង ភាគខាងកើត ប្រទេសអឺរ៉ុបមួយនេះ។
លោកឧត្ដមសេនីយ៍ ស៊ើហ្គេ ស៊ូរ៉ូវីគីន (Sergey Surovikin) អាយុ៥៥ឆ្នាំ កើតនៅក្នុងតំបន់ណូវ៉ូស៊ីបឺស (Novosibirsk) តំបន់ស៊ីបេរី។ លោកឧត្ដមសេនីយ៍ ធ្លាប់ដឹកនាំកងទ័ពអាកាសស៊ីរី និងអវកាសរុស្ស៉ី ចាប់តាំងពីឆ្នាំ២០១៧មក។ មេទ័ពកំពូលរូបនេះ ក៏ធ្លាប់ចូលរួមប្រយុទ្ធ នៅក្នុងសង្រ្គាមជាច្រើនកន្លែង ចាប់តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ មក រួមមាន នៅក្នុងប្រទេសតាហ្ស៉ីគីស្ថាន និង តំបន់ឆេឆេន ព្រមទាំង នៅប្រទេសស៊ីរី ជាកន្លែង ដែលគាត់បានរងនូវការចោទប្រកាន់ អំពីការប្រើប្រាស់យុទ្ធសាស្រ្ដយោធាដ៏ឃោរឃៅ និង ចម្រូងចម្រាស ដោយការទម្លាក់គ្រាប់បែកមុនរើសកន្លែង ដល់ទីតាំងដ៏រឹងមាំរបស់ក្រុមចលនាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក បាសា អាល់អាសាដ (Bashar al-Assad)។ នេះជាលើកទី១ ដែលរុស្ស៊ី ដាក់ឈ្មោះមេបញ្ជាការរួមតែមួយ សម្រាប់ប្រតិបត្ដិការយោធាពិសេសរបស់ខ្លួន នៅអ៊ុយក្រែន។
បើតាមក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹង ថា រហូតមកដល់ពេលនេះ លោកឧត្ដមសេនីយ៍ Surovikin បានដឹកនាំកម្លាំងទាហានរុស្ស៊ី នៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន។ ចំណែកការផ្លាស់ប្ដូរតំណែងមេទ័ពកំពូលនេះ បានធ្វើឡើង ក្រោយមានសេចក្ដីរាយការណ៍ ជុំវិញការបណ្ដេញចេញមេបញ្ជាការ ចំនួន២រូប នៅដើមសប្ដាហ៍នេះ។
ការវាយលុករបស់កងទ័ពក្រុងកៀវ បានរុញច្រានកម្លាំងទាហានរុស្ស៊ី ឲ្យដកថយ នៅតាមកន្លែងជាច្រើនទៀត នៅទូទាំងតំបន់ភាគខាងត្បូង និង ភាគខាងកើត ប្រទេសអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ ដោយបានបន្ថែមដុំពពកខ្មៅ កាន់តែអាប់អួរឡើងបន្ថែមទៀត នៅក្នុងសង្គ្រាមរបស់រុស្ស៊ី។ ចំណែកក្ដីសង្ឃឹម អំពីជ័យជម្នះរបស់ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ក៏កាន់តែរសាត់ឆ្ងាយទៅផងដែរ។
លោកឧត្ដមសេនីយ៍ Surovikin បានលេចមុខមាត់ ទទួលបានភាពល្បីល្បាញ ជាលើកដំបូង នៅក្នុងឋានន្ដរស័ក្ដិ ជាឧត្តមសេនីយ៍ ក្រោយពេលគាត់បានបញ្ជាឱ្យកងទ័ពរបស់គាត់ បាញ់ប្រហារទៅលើក្រុមអ្នកតវ៉ា គាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងទសវត្សរ៍ ឆ្នាំ១៩៩០។ ចំណែកតួនាទីថ្មីរបស់គាត់ ពាក់ព័ន្ធនឹងការពង្រឹងឡើងវិញនូវការវាយលុករបស់រុស្សី ក្រោយការបាត់បង់កងទ័ព បរិក្ខារយោធា និង ទឹកដីយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយរាប់បញ្ចូលជាមួយផ្នែកខ្លះ ដែលត្រូវបានបញ្ចូលជាឧបសម្ព័ន្ធរបស់រុស្ស៊ី កាលពីចុងខែកញ្ញាកន្លងទៅនេះផងដែរ៕