រុស្ស៊ី វាយប្រហារមីស៊ីលលើអ៊ុយក្រែនភ្លាម សហរដ្ឋអាមេរិកផ្ដល់ប្រព័ន្ធការពារភ្លែត!

 

រដ្ឋធានីកៀវ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងទៅកាន់សមភាគីអ៊ុយក្រែន អំពីការផ្ដល់ប្រព័ន្ធការពារអាកាសដល់ក្រុងកៀវ ក្រោយពេលរុស្ស៊ីបាញ់ស្រោចមីស៊ីល ទៅលើទីក្រុងនានា នៅទូទាំងប្រទេសអ៊ុយក្រែន ដើម្បីជាការសងសឹកនឹងការបំផ្ទុះស្ពានយុទ្ធសាស្រ្ដគ្រីមៀ កាលពីថ្ងៃសៅរ៍ កន្លងទៅថ្មីៗនេះ។

សារព័ត៌មាន Alarabiya News បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១១ ខែតុលា ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ ថា គាត់បានបញ្ជាឲ្យបាញ់មីស៊ីល ចម្ងាយឆ្ងាយ ក្រោយការចោទប្រកាន់អ៊ុយក្រែន អំពីការវាយប្រហារទៅលើស្ពានតែមួយគត់ តភ្ជាប់ពីដែនគោករបស់រុស្ស៊ី ទៅកាន់ឧបទ្វីបគ្រីមៀ កាលពីថ្ងៃសៅរ៍ កន្លងទៅថ្មីៗនេះ។ ប៉ុន្ដែសហរដ្ឋអាមេរិក បានចាត់ទុកការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី ជាការគ្រោងទុក មកជាយូរហើយ។

បើតាមប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹង ថា ការវាយប្រហាររបស់រុស្ស៊ី កាលពីថ្ងៃចន្ទ បានសម្លាប់មនុស្ស សរុប ១៤នាក់ និង ៩៧នាក់ផ្សេងទៀត រងរបួស។

មន្រ្ដីក្រុងកៀវ បានអះអាង ថា រុស្ស៊ី បានវាយប្រហារ ដោយមីស៊ីល ទៅលើទីក្រុងជាច្រើន នៅទូទាំងប្រទេសអ៊ុយក្រែន រួមមាន រដ្ឋធានីកៀវ ទីក្រុងល្វីវ (Lviv), ទីក្រុងធើរណូភីល (Ternopil) និង ទីក្រុងហ្សីតូមៀរ (Zhytomyr) ស្ថិតនៅភាគខាងលិច ប្រទេសអ៊ុយក្រែន ហើយទីក្រុងឌីនីប្រូ (Dnipro) និង ទីក្រុងក្រែមែនជុក (Kremenchuk) ស្ថិតនៅតំបន់ភាគកណ្ដាល ព្រមទាំងទីក្រុងហ្សាប៉ូរីសហ្សា (Zaporizhzhia) ស្ថិតនៅភាគខាងត្បូង ប្រទេស និង ទីក្រុងខាគីវ (Kharkiv) ស្ថិតនៅភាគខាងកើត ប្រទេសអ៊ុយក្រែន។ គ្រាប់មីស៊ីល រាប់សិបគ្រាប់ បានបាញ់ចេញពីលើអាកាស ចេញពីលើដី និង ចេញពីសមុទ្រ ហើយក៏ជាការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំបំផុត ចាប់តាំងពីការផ្ទុះសង្រ្គាម ដំបូង កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃចន្ទ ប្រាប់ដល់សមភាគីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និង សរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា ការការពារដែនអាកាស ជា«អាទិភាពទី១ នៅក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរបស់យើង។ យើងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីពង្រឹងកម្លាំងការពារទឹកដីរបស់យើង ហើយយើងនឹងធ្វើឲ្យសត្រូវ រងនូវការឈឺចាប់ នៅលើសមរភូមិប្រយុទ្ធ»។

ស្របគ្នានេះដែរ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់ដល់សមភាគីអ៊ុយក្រែន ថា ក្រុងវ៉ាស៊ីនតោន នឹងផ្ដល់ប្រព័ន្ធការពារដែនអាកាសដ៏ទំនើបជាច្រើនគ្រឿង មកឲ្យក្រុងកៀវ។ មន្ទីរបញ្ចកោណរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក ធ្លាប់បញ្ជាក់ កាលពីថ្ងៃទី២៧ ខែកញ្ញា ថា សហរដ្ឋអាមេរិក នឹងចាប់ផ្ដើមបញ្ចេញប្រព័ន្ធមីស៊ីលការពារដែនអាកាស បាញ់ពីលើដីទៅអាកាសដ៏ទំនើបរបស់ជាតិ នៅក្នុងរយៈពេល២ខែខាងមុខនេះ៕

 

អត្ថបទដែលជាប់ទាក់ទង