មន្រ្ដីក្រុងកៀវ អះអាងពីទាហានរុស្ស៊ី ជាង៦៣០០០នាក់ស្លា.ប់ នៅលើសមរភូមិអ៊ុយក្រែន

រដ្ឋធានីកៀវ៖ នៅក្នុងសង្គ្រាមវាយប្រហារគ្នាយ៉ាងសាហាវ អស់រយៈពេល២៣០ថ្ងៃ គិតត្រឹម ថ្ងៃទី១១ ខែតុលា ថ្វីបើគេមិនទាន់ទទួលបានព័ត៌មាន ពីក្រុងមូស្គូ ជុំវិញការបាត់បង់កងទ័ពរបស់ខ្លួនយ៉ាងណាក្ដី ប៉ុន្ដែក្រុងកៀវ បានអះអាងថា ទាហានរុស្ស៊ី ជាង ៦៣ ០០០នាក់ បានបាត់បង់ជីវិត នៅលើសមរភូមិ នៅក្នុងប្រទេសអ៊ុយក្រែន។

សារព័ត៌មាន Ukrinfom បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១១ ខែតុលា ថា បើតាមអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហោះ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន អះអាង ថា ការប្រយុទ្ធជាមួយនឹងកងទ័ពការពារទឹកដីរបស់ក្រុងកៀវ នៅលើសមរភូមិប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើឲ្យរុស្ស៊ី បាត់បង់ទាហាន សរុប ៦៣ ១១០នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាម នាថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី១១ ខែតុលា ដោយរួមទាំងការស្លាប់ ចំនួន២៤០នាក់ នៅក្នុងរយៈពេល១ថ្ងៃកន្លងទៅនេះផងដែរ។ ប៉ុន្ដែអ៊ុយក្រែន មិនបានបញ្ជាក់ ពីការបាត់បង់កងទ័ពរបស់ខ្លួននោះទេ។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រៅពីការបាត់បង់កងទ័ពនេះ រុស្ស៊ី ក៏បានខូចខាតគ្រឿងយុទ្ធោបករណ៍ជាច្រើនបន្ថែមទៀត រួមមាន រថក្រោះ ចំនួន ២ ៥០៤គ្រឿង, រថពាសដែក ចំនួន ៥ ១៦២គ្រឿង, ប្រព័ន្ធបាញ់កាំភ្លើងធំ ចំនួន ១ ៤៩៦គ្រឿង,  ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត MLRS ចំនួន៣៥៣គ្រឿង, ប្រព័ន្ធការពារប្រឆាំងនឹងយន្ដហោះ ចំនួន ១៨១គ្រឿង, យន្ដហោះចម្បាំង ២៦៨គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន ២៣៥គ្រឿង, គ្រូសមីស៊ីល ចំនួន ២៩៤ដើម, នាវាចម្បាំងតូចធំ ១៥គ្រឿង, យានយន្ដដឹកសាំង ៣ ៩១៦គ្រឿង និង សម្ភារសឹកផ្សេងៗទៀត។

ទោះជាយ៉ាងណា ការអះអាងរបស់អ៊ុយក្រែន អំពីការសម្លាប់ទាហាន និង កម្ទេចគ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ី មិនទាន់មានប្រភពឯករាជ្យណាមួយ បញ្ជាក់ ហើយក៏មិនទាន់មានប្រតិកម្មភ្លាមៗ ពីមន្រ្ដីក្រុងមូស្គូ នៅឡើយដែរ៕

 

អត្ថបទដែលជាប់ទាក់ទង