ទីភ្នាក់ងារសន្ដិសុខរុស្ស៊ី ចាប់ឃាត់ខ្លួនជនសង័្សយចំនួន៨នាក់ នៅក្នុងករណីការបំផ្ទុះស្ពានគ្រីមៀ!

 

រដ្ឋធានីមូស្គូ៖ រហូតមកដល់ពេលនេះ ទីភ្នាក់ងារសន្ដិសុខសហព័ន្ធន៍រុស្ស៊ី (FSC) បានចាប់ឃាត់ខ្លួនសួរនាំជនសង័្សយ ចំនួន៨នាក់ ពាក់ព័ន្ធនឹងការបំផ្ទុះស្ពានយុទ្ធសាស្រ្ដគ្រីមៀ (Crimea) កាលពីថ្ងៃសៅរ៍មុន។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១២ ខែតុលា ថា ទីភ្នាក់ងារសន្តិសុខសហព័ន្ធន៍របស់រុស្ស៊ី (FSB) បានអះអាង ថា ការបំផ្ទុះស្ពាននេះ ត្រូវបានរៀបចំឡើង ដោយនាយកដ្ឋានស៊ើបការណ៍កំពូល នៃក្រសួងការពារជាតិអ៊ុយក្រែន និង លោក គីរីឡូ ប៊ូដាណូវ (Kyrylo Budanov) ប្រធាននាយកដ្ឋានរបស់ក្រសួងនេះ។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax បានរាយការណ៍ ថា ទីភ្នាក់ងារសន្ដិសុខសហព័ន្ធន៍រុស្ស៊ី (FSB) បានបញ្ជាក់ កាលពីថ្ងៃពុធ ថា FSB បានឃាត់ខ្លួនសួរនាំជនសង័្សយ ចំនួន៨នាក់ ពាក់ព័ន្ធនឹងករណីបំផ្ទុះ បំផ្លិចបំផ្លាញស្ពានគ្រីមៀ (Crimea) កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ។ ជនសង័្សយទាំង៨នាក់នោះ រួមមាន ជនជាតិរុស្ស៊ី ចំនួន៥នាក់ ហើយ៣នាក់ផ្សេងទៀត ជាប្រជាជនអ៊ុយក្រែន និង អាមេនី។ ប៉ុន្ដែទោះជាយ៉ាងណា FSB មិនបានបង្ហាញ ពីអត្ដសញ្ញាណរបស់ជនសង័្សយទាំងនោះឡើយ។

FSB បានសង្កត់ធ្ងន់ ថា ការបំផ្ទុះនេះ ត្រូវបានរៀបចំឡើង ដោយនាយកដ្ឋានស៊ើបការណ៍សម្ងាត់ នៃក្រសួងការពារជាតិអ៊ុយក្រែន និង លោក Kyrylo Budanov ប្រធាននាយកដ្ឋាននេះ។

ថ្វីបើមានការចោទប្រកាន់ ពីមេដឹកនាំវិមានក្រឹមឡាំង និង ទីភ្នាក់ងារសន្ដិសុខរបស់រុស្ស៊ី យ៉ាងណាក្ដី ប៉ុន្ដែរហូតមកដល់ពេលនេះ អ៊ុយក្រែន នៅមិនទាន់បានអះអាងជាផ្លូវការ អំពីការជាប់ពាក់ព័ន្ធរបស់ខ្លួន នៅក្នុងហេតុការណ៍បំផ្ទុះនេះនៅឡើយ។ ជាមួយគ្នានេះ មន្រ្ដីអ៊ុយក្រែន មួយចំនួន បានសាទរនឹងការបំផ្ទុះ បំផ្លិចបំផ្លាញស្ពាននេះ។

ស្ពានយុទ្ធសាស្រ្ដគ្រីមៀនេះ តភ្ជាប់ពីដីគោករបស់ប្រទេសរុស្ស៊ី ទៅកាន់ឧបទ្វីបគ្រីមៀ (Crimea) ដែលក្រុងមូស្គូ បានដាក់បញ្ចូលជាផ្នែកមួយ នៃទឹកដីរបស់រុស្ស៊ី កាលពីអំឡុងឆ្នាំ២០១៤។ ស្ពាននេះ ក៏ជាគម្រោងមួយ ប្រកបដោយកិត្យានុភាព ត្រូវបានបើកសម្ពោធ ដោយផ្ទាល់ ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងឆ្នាំ២០១៨។ ស្ពានគ្រីមៀ ដើរតួនាទីយ៉ាងសំខាន់ជាយុទ្ធសាស្រ្ដដ៏សំខាន់ សម្រាប់យោធារបស់ ពូទីន ជាមួយនឹងការផ្គត់ផ្គង់សម្ភារសឹក និង ភស្ដុភារ ដល់កងទ័ពរុស្ស៊ី ដែលកំពុងប្រយុទ្ធ នៅក្នុងសមរភូមិ នាភាគខាងត្បូង ប្រទេសអ៊ុយក្រែន។

ការបំផ្ទុះស្ពានគ្រីមៀ កាលពីថ្ងៃសៅរ៍ មុន បានជំរុញឲ្យប្រធានាធិបតី លោក ពូទីន  បញ្ជាឲ្យបាញ់មីស៊ីល ស្រោចទៅលើប្រទេសអ៊ុយក្រែន ហើយបានសម្លាប់មនុស្សជិត២០នាក់ និង ជាង៩០នាក់ផ្សេងទៀត រងរបួស។ នៅក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្ដិសុខរុស្ស៊ី កាលពីថ្ងៃចន្ទ ហើយត្រូវបានចាក់ផ្សាយតាមកញ្ចកទូរទស្សន៍នោះ ប្រធានាធិបតី ពូទីន បានបញ្ជាក់ ថា ការវាយប្រហារនេះ ជាការសងសឹក ចំពោះការបំផ្ទុះស្ពានយុទ្ធសាស្រ្ដគ្រីមៀ។  លោក ពូទីន បានចោទប្រកាន់ ថា ការបំផ្ទុះស្ពាននេះ ត្រូវបានរៀបចំឡើង ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសអ៊ុយក្រែន៕

 

អត្ថបទដែលជាប់ទាក់ទង