ណាតូ និងសម្ពន្ធមិត្ត រៀបចំពិភាក្សា ផ្ដល់ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន ទប់ទល់មីស៊ីលរបស់រុស្ស៊ី

ទីក្រុងប៊្រុចសែលស៍ (Brussels) ៖ នៅក្នុងរយៈពេល២ថ្ងៃ ចាប់តាំងពីថ្ងៃពុធ រហូតដល់ថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្ដីក្រសួងការពារជាតិ ចំនួន៣០ប្រទេស ដែលជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជាងជើង ហៅកាត់ ណាតូ ឬ អូតង់ និង ប្រទេសជាសម្ពន្ធមិត្តជាង៥០ បានមកជួបប្រជុំគ្នាដ៏ធំបំផុត ជាលើកដំបូង នៅក្នុងទីក្រុងប៊្រុចសែលស៍ ប្រទេសប៊ែលហ្ស៊ិក ដើម្បីពិភាក្សាគ្នា អំពីលទ្ធភាពផ្គត់ផ្គង់នូវប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុតរបស់លោកខាងលិច ជួយដល់ប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់នឹងមីស៊ីល ឬគ្រាប់រ៉ុក្កែតរបស់ទាហានរុស្ស៊ី។

សារព័ត៌មាន RFERL បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១២ ខែតុលា ថា  រដ្ឋមន្រ្ដីក្រសួងការពារជាតិទាំង៣០ប្រទេស ជាសមាជិករបស់អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោក បានជួបប្រជុំគ្នា រយៈពេល២ថ្ងៃ នៅក្នុងប្រទេសប៊ែលហ្ស៊ិក ដោយផ្ដោតលើការពិភាក្សាយ៉ាងសំខាន់បំផុត លើការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសយ៉ាងច្រើន សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន ដើម្បីការពារទប់ទល់នឹងការវាយប្រហារ ដោយមីស៊ីល មិនរើសមុខ ពីកម្លាំងទាហានរុស្ស៊ី នៅទូទាំងប្រទេសនេះ។

ស្របគ្នានេះដែរ តំណាងប្រទេសជាង៥០ កាលពីថ្ងៃពុធ ក៏បានមកប្រមូលផ្តុំគ្នា នៅខាងក្រៅកិច្ចប្រជុំរបស់អង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុចសែលស៍ ដើម្បីពិភាក្សា អំពីការពង្រឹងកិច្ចការពារដែនអាកាសរបស់អ៊ុយក្រែន។ សកម្មភាពរបស់ប្រទេសជាដៃគូទាំងនេះ បានកើតឡើង ក្រោយពេលកម្លាំងទាហានរុស្ស៊ី បានវាយប្រហារ ដោយមីស៊ីល នៅក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នា បាញ់ស្រោច ទៅលើរដ្ឋធានីកៀវ និង ទីក្រុងផ្សេងៗទៀត នៅទូទាំង ប្រទេសអ៊ុយក្រែន។

នៅក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នា កន្លងមកនេះ រុស្ស៊ី បានបើកការវាយប្រហារ ដោយមីស៊ីល តាមផ្លូវអាកាស ផ្លូវគោក និង ផ្លូវទឹក ទៅលើទីក្រុងជាច្រើន នៅទូទាំង ប្រទេសអ៊ុយក្រែន តាមអ្វីដែលប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានចាត់ទុក ជាការវាយប្រហារសងសឹក ចំពោះការបំផ្ទុះស្ពានឃើច (Kerch) ឬស្ពានគ្រីមៀ (Crimea) កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ដោយបានបំផ្លាញស្ពានតែមួយគត់ តភ្ជាប់ពីដីគោករបស់ប្រទេសរុស្ស៊ី ទៅកាន់ឧបទ្វីបគ្រីមៀ ដែលក្រុងមូស្គូ បានរឹបអូសយក កាលពីឆ្នាំ២០១៤។

លោក ហ្សង់ស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការ អង្គការណាតូ (NATO) បានគូសបញ្ជាក់ អំពីការសម្រេចចិត្តសំខាន់ៗ ដែលរដ្ឋមន្ត្រីការពារជាតិសម្ពន្ធមិត្ត នឹងធ្វើ នៅក្នុងកិច្ចប្រជុំរបស់ពួកគេ នៅទីក្រុងប្រ៊ុចសែលស៍ នៅថ្ងៃនេះ និង ថ្ងៃស្អែក (១២-១៣តុលា ២០២២) ដោយបានហៅកិច្ចប្រជុំនេះ ថា ជា «ពេលវេលាដ៏សំខាន់ សម្រាប់សន្តិសុខរបស់យើង»។

លោកប្រមុខអង្គការណាតូ បានបញ្ជាក់ ថា កិច្ចប្រជុំប្រមុខការពារជាតិរបស់អង្គការសម្ពន្ធមិត្តយោធាកំពូល នៅលើពិភពលោកនេះ ក៏មានការចូលរួម ពីលោក អូឡែកស៊ីយ រ៉េស្នីកូវ (Oleksiy Reznikov) រដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន ដោយផ្ដោតលើអាទិភាពកំពូល សម្រាប់ប្រព័ន្ធការពារដែនអាកាស។ ក្រោយពេល ក្រុងកៀវ ទទួលបានប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបែបនេះ អាចនឹងបញ្ឈប់រាល់ការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត ឬមីស៊ីល ពីរុស្ស៊ី មកលើប្រទេសអ៊ុយក្រែន បន្ដទៀតហើយ។

លោកឧត្ដមសេនីយ៍ ម៉ាក មីលឡេ (Mark Milley) នាយអគ្គសេនាធិការចម្រុះ កងទ័ពសហរដ្ឋអាមេរិក បានបញ្ជាក់ ថា  អ៊ុយក្រែន ចង់បានប្រព័ន្ធការពារដែនអាកាសខ្លាំង សម្រាប់ការពារ ទប់ទល់នឹងការវាយប្រហារតាមអាកាស ពីរុស្ស៊ី។

លោកនាយអគ្គសេនាធិការចម្រុះ កងទ័ពសហរដ្ឋអាមេរិក រូបនេះ បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន ថា «អ្វីដែលអ៊ុយក្រែនកំពុងតែស្នើសុំ ហើយអ្វីដែលយើងកំពុងតែគិត ថា អាចនឹងផ្តល់ឱ្យនោះ ជាប្រព័ន្ធការពារដែនអាកាស រួមបញ្ចូលទាំងមីស៊ីលផងដែរ។ ដូច្នេះប្រព័ន្ធការពារ ដែលត្រូវបានផុ្ដល់ឲ្យទាំងនោះ នឹងមិនអាចគ្រប់គ្រងដែនអាកាសទាំងស្រុង នៅទូទាំងប្រទេសអ៊ុយក្រែន បាននោះឡើយ។ ប៉ុន្តែក្រុងកៀវ អាចរៀបចំឡើង ដើម្បីគ្រប់គ្រង នៅលើគោលដៅអាទិភាព ដែលអ៊ុយក្រែន ត្រូវការការពារ ជាចាំបាច់បំផុត»។

ការជួបប្រជុំដ៏ធំរបស់តំណាងប្រទេសជាង៥០ និង ប្រមុខការពារជាតិរបស់អង្គការណាតូ បានកើតឡើង ក្រោយពេលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានស្នើដល់មេដឹកនាំ G-7 កាលពីថ្ងៃទី១១ ខែតុលា សម្រាប់សមត្ថភាពការពារដែនអាកាស ដើម្បីរារាំង ពីការវាយប្រហារតាមអាកាស ពីកម្លាំងទាហានរុស្ស៊ី៕

អត្ថបទដែលជាប់ទាក់ទង