មហាសន្ដិបាតអង្គការសហប្រជាជាតិ ស្ដីបន្ទោសធ្ងន់ៗ ដល់រុស្ស៊ី
បុរីញូវយ៉ក៖ នៅទីបំផុត មហាសន្និបាត អង្គការសហប្រជាជាតិ (UN) បានឆ្នោតថ្កោលទោសយ៉ាងខ្លាំង ដល់ប្រទេសរុស្ស៊ី ជុំវិញការសម្រេចចិត្តរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ពាក់ព័ន្ធការលើកកងទ័ពឈ្លានពាន និង កាត់យកទឹកដីរបស់អ៊ុយក្រែន ចំនួន៤តំបន់ មកធ្វើជាទឹកដីរបស់ខ្លួន។
សារព័ត៌មាន US News បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១២ ខែតុលា ថា មហាសន្និបាត អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ជុំវិញការប៉ុនប៉ងបញ្ចូលដោយខុសច្បាប់នូវតំបន់ចំនួន៤របស់ប្រទេសអ៊ុយក្រែន ដែលកាន់កាប់ដោយកម្លាំងទាហានរុស្ស៊ី ទៅជាទឹកដីរបស់ខ្លួន។ ក្រៅពីការថ្កោលទោសនោះ មហាសន្និបាតនេះ ក៏ជំរុញឱ្យប្រទេសទាំងអស់ មិនទទួលស្គាល់ការផ្លាស់ប្តូរនេះ ដោយពង្រឹងភាពឯកោជាអន្តរជាតិ ខាងការទូត សម្រាប់ក្រុងមូស្គូ ចាប់តាំងពីរុស្ស៊ី បានឈ្លានពានប្រទេសជិតខាងរបស់ខ្លួន រហូតមក។
មហាសន្និបាតអង្គការសហប្រជាតិ កាលពីថ្ងៃពុធ បានអនុម័តលើដំណោះស្រាយមួយ ដោយមានសំឡេងគាំទ្រ ចំនួន១៤៣ ទល់នឹងប្រឆាំង ចំនួន៥ ខណៈប្រទេសចំនួន៣៥ផ្សេងទៀត បានបោះឆ្នោតអនុបវាទ ហើយក្នុងនោះ រួមមាន ចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង និង ប៉ាគីស្ថាន…ជាដើម។ មហាសន្និបាតនេះ បានបោះឆ្នោតថ្កោលទោស ដល់ការប៉ុនប៉ងដាក់បញ្ចូល ជាឧបសម្ព័ន្ធដោយខុសច្បាប់របស់រុស្ស៊ី ទៅលើតំបន់ចំនួន៤ ដែលកាន់កាប់ដោយកម្លាំងទាហានក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន និង បានជំរុញឲ្យប្រទេសនានា កុំទទួលស្គាល់នូវសកម្មភាពទាំងនេះ។
នៅក្នុងការបោះឆ្នោត កាលពីថ្ងៃពុធ មានចំនួន៣ភាគ៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលមានសមាជិក ចំនួន១៩៣ប្រទេសនោះ គឺមានប្រទេសចំនួន១៤៣ បានបោះឆ្នោតគាំទ្រ ដល់ដំណោះស្រាយមួយ ដោយបានអះអាងជាថ្មី ចំពោះការគោរពនូវអធិបតេយ្យភាព ឯករាជភាព ឯកភាព និង បូរណភាពទឹកដីរបស់អ៊ុយក្រែន នៅក្នុងព្រំដែនរបស់ប្រទេសនេះ ដែលត្រូវបានទទួលស្គាល់ ជាលក្ខណៈអន្ដរជាតិ។
លោក ស៊ើរហ្គីយ គីស្លីតស្យ៉ា (Sergiy Kyslytsya) ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅអង្គការសហប្រជាជាតិ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ក្រោយការបោះឆ្នោត ខណៈគាត់ឈរ នៅក្បែរឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី លីដា ថូម៉ាស-ហ្គ្រីនហ្វៀល (Linda Thomas-Greenfield) ដែល បាននិយាយ ថា លទ្ធផលបង្ហាញ ថា រុស្ស៊ី មិនអាចបំភិតបំភ័យពិភពលោក បានបន្ដទៅទៀតឡើយ។
ដោយឡែក ប្រទេសចំនួន៤ បានចូលរួមជាមួយនឹងរុស្ស៊ី នៅក្នុងការបោះឆ្នោត ប្រឆាំងនឹងដំណោះស្រាយនេះ រួមមាន បេឡារុស (Belarus), នីការ៉ាហ្គ័រ (Nicaragua), កូរ៉េខាងជើង (North Korea) និង ស៊ីរី (Syria)។ ចំណែកប្រទេស ចំនួន៣៥ផ្សេងទៀត បានបោះឆ្នោតអនុបវាទ រួមមាន ចិន, ឥណ្ឌា, ប៉ាគីស្ថាន និង អាហ្វ្រិកខាងត្បូង ដោយពួកគេ មិនបានបោះឆ្នោតនោះឡើយ។
ក្រុងមូស្គូ កាលពីខែកញ្ញា បានប្រកាសដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន នូវតំបន់ចំនួន៤ ដែលបានវាយដណ្ដើមកាន់កាប់ពីអ៊ុយក្រែន រួមមាន ដូណែតស្ក៍ (Donetsk), លូហានស្ក៍ (Luhansk), ឃើរសុន (Kherson) និង ហ្សាប៉ូរីសហ្សា (Zaporizhia)។ ចំណែកការប្រកាសរបស់រុស្ស៊ី បានកើតឡើង តាមអ្វីដែលក្រុងមូស្គូ បានហៅថា ជាបោះឆ្នោតប្រជាមតិ។ ប៉ុន្ដែទោះជាយ៉ាងណា អ៊ុយក្រែន និង សម្ពន្ធមិត្តរបស់ខ្លួន បានច្រានចោលនូវការបោះឆ្នោតនេះ ដោយចាត់ទុកជាទង្វើខុសច្បាប់ និង មានការបង្ខិតបង្ខំ។
ការបោះឆ្នោតរបស់មហាសន្និបាត អង្គការសហប្រជាជាតិ បានធ្វើឡើង ក្រោយពេលរុស្ស៊ីបានវេតូ កាលពីខែមុន ជុំវិញដំណោះស្រាយស្រដៀងគ្នានេះ នៅក្នុងក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ ដែលមានសមាជិក ចំនួន១៥ប្រទេស។ ចំណែកលទ្ធផល នៃការបោះឆ្នោត ១៤៣ ទល់នឹង ៥នេះ ក៏ជាការស្តីបន្ទោសយ៉ាងខ្លាំងបំផុតចំពោះរុស្ស៊ីពីមហាសន្និបាត ជុំវិញដំណោះស្រាយចំនួនបួនដែលបានអនុម័ត ចាប់តាំងពីកងទ័ពរុស្ស៊ី បានចូលឈ្លានពាននៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមក៕