ពលរដ្ឋ១៨នាក់បានស្លាប់ក្នុងហេតុការឆេះរថយន្តក្រុង ខណៈពួកគេធ្វើដំណើរទៅកាន់ភូមិស្ថាន ដែលជំនន់ទឹកភ្លៀងបានស្រកចុះបន្តិច នៅប្រទេសប៉ាគីស្ថាន!
មន្ត្រីប៉ាគីស្ថានបាននិយាយថា អ្នកដំណើរ១៨នាក់បានស្លាប់ បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងបានឆាបឆេះនៅតាមផ្លូវទៅកាន់តំបន់ទឹកជំនន់ដ៏អាក្រក់ Khair pur Nathan shah ក្នុងខេត្ត Sindh ។ លោកQurban Ali អ្នកដំណើរម្នាក់ដែលបានបាត់បង់សមាជិកគ្រួសារនៅក្នុងឧបទ្ទវហេតុបានប្រាប់អ្នកថតរូប A P ថាពួកគេកំពុងធ្វើដំណើរត្រឡប់ទៅភូមិរបស់ពួកគេវិញបន្ទាប់ពីទឹកជំនន់បានស្រកចុះបន្តិច ប៉ុន្តែពួកគេបែរជួបគ្រោះដ៏អាក្រក់នេះទៅវិញ។ យោងតាមមន្រ្តីបានឲ្យដឹងថា៖រថយន្តក្រុងបានឆេះដោយសារតែផ្ទុះឆេះសៀគ្វីតភ្ជាប់នៅជិតតំបន់ Nooriabad ក្នុងសង្កាត់ Jamshoro ភ្លាមៗក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុនោះ ហើយចាប់ផ្តើមជម្លៀសអ្នកដំណើរចេញ ប៉ុន្តែអ្នកដំណើរមួយចំនួនដែលភាគច្រើនជាកុមារបានជាប់នៅខាងក្នុង ហើយមិនអាចសង្រ្គោះបានទេ ក្នុងនោះអ្នកដំណើរ៧នាក់ក៏រងរបួសដែរ។ គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវបែបនេះ តែងតែកើតមាននៅក្នុងប្រទេសប៉ាគីស្ថាន ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មិនល្អ និងការមិនគោរពច្បាប់ចរាចរណ៍ ក៏ដូចជាយានយន្តដែលថែទាំមិនបានល្អ។ សូមបញ្ជាក់ថាកាលពីខែកក្កដាឆ្នាំមុន រថយន្តក្រុងដឹកកម្មករភាគច្រើនបានធ្វើដំណើរទៅផ្ទះរបស់ពួកគេសម្រាប់ថ្ងៃឈប់ដ៏សំខាន់របស់ជនជាតិឥស្លាមក៏បានបុកគ្នាជាមួយ នឹងរថយន្តកុងតឺន័រនៅលើផ្លូវហាយវេមួយនៅកណ្តាលប្រទេសប៉ាគីស្ថានដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 33 នាក់ផងដែរ៕