ភាពក្លាហានរបស់មហាសេដ្ឋីអ៊ុយក្រែន ធ្វើឲ្យកំពូលអ្នកមានតៃវ៉ាន់ចំណាយលុយបង្រៀនជំនាញទ័ព ដល់ជនស៊ីវិល ត្រៀមទប់ទល់ចិន
ទីក្រុងតៃប៉ិ៖ ជាមួយនឹងប្រទេសកំពុងតែកើនកលិយុគ ដោយសារសង្គ្រាមឈ្លានពានរបស់រុស្ស៊ី បានបង្កការបំផ្លិចបំផ្លាញ នៅក្នុងប្រទេសអ៊ុយក្រែន រឹតតែធ្វើមហាសេដ្ឋី លោក ផេត្រូ ប៉ូរ៉ូសែនកូ (Petro Poroshenko) កាន់តែមានចិត្តក្លាហានឡើង ចូលធ្វើជាទាហាន តទល់នឹងទាហានរុស្ស៊ី ហើយសកម្មភាពនេះ កំពុងតែលើកទឹកចិត្តមហាសេដ្ឋី ផ្នែកបច្ចេកវិទ្យាម្នាក់ សុខចិត្ត បោះបង់ចោលសញ្ជាតិសិង្ហបុរី បែរមកចាប់យកតែសញ្ជាតិតៃវ៉ាន់មួយគត់ ជាមួយនឹងការប្ដេជ្ញា ផ្ដល់លុយ រហូតដល់ជាង៣០លានដុល្លារ សម្រាប់បណ្ដុះបណ្ដាលជំនាញទ័ព ដល់ជនស៊ីវិល ចំនួន៣លាននាក់ សម្រាប់ត្រៀមខ្លួនជាសម្រេច ដើម្បីធ្វើសង្គ្រាម ទប់ទល់នឹងការវាយលុករបស់ចិន។
បណ្ដញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ថា មហាសេដ្ឋី ផ្នែកបច្ចេកវិទ្យាចូលនិវត្តន៍ម្នាក់ រស់នៅទីក្រុងតៃប៉ិ មានសក់ស និងពាក់វ៉ែនតា បានហៅប្រព័ន្ធផ្សព្វផ្សាយរបស់កោះតៃវ៉ាន់ ទៅសន្និសីទសារព័ត៌មានមួយ ដើម្បីប្រាប់ពួកគេ ថា គាត់សន្យាផ្ដល់លុយ ចំនួន១ពាន់លានដុល្លារតៃវ៉ាន់ ឬស្មើនឹង៣២លានដុល្លារសហរដ្ឋអាមេរិក សម្រាប់បង្កើតកងទ័ពស៊ីវិល។ គាត់ នឹងទាក់ទាញជនស៊ីវិល រស់នៅតៃវ៉ាន់ រហូតដល់ន៣លាននាក់ ចូលហ្វឹកហ្វឺនជំនាញកងទ័ព ហើយមានក្តីសង្ឃឹម ថា កងទ័ពស៊ីវិលទាំងនោះ នឹងអាចចូលរួម ទប់ទល់នឹងកម្លាំងទាហានចិន។
ជាមួយនឹងការបង្ហាញអត្ដសញ្ញាណប័ណ្ណថ្មីរបស់តៃវ៉ាន់ នោះ លោក រ៉ូប៊ឺត សាវ (Robert Tsao) ក៏ បានប្រកាស អំពីការងារប្រកបដោយមហិច្ឆតាខ្ពស់ ក្រោយពេលគាត់បានបោះបង់ចោលលិខិតឆ្លងដែនរបស់សិង្ហបុរី។
មហាសេដ្ឋីចូលនិវត្ដ៍ លោក Tsao បានបញ្ជាក់ ថា គាត់មានគោលបំណង បណ្ដុះបណ្ដាលជំនាញទាហាន ដល់ជនជាតិតៃវ៉ាន់ ចំនួន៧ភាគរយ នៃប្រជាជន សរុប ប្រហែល ជា ២៣,៥លាននាក់ នៅក្នុងរយៈពេល៣ឆ្នាំ រួមទាំងអ្នកបាញ់កាំភ្លើង ចំនួន ៣០០ ០០០នាក់។
លោកមហាសេដ្ឋី រ៉ូប៊ឺ សាវ បានកើត នៅក្នុងប្រទេសចិន ហើយធំដឹងក្ដី នៅតៃវ៉ាន់ និង បានរកស៊ីមានបាន តាមរយៈក្រុមហ៊ុនផ្ទាល់ខ្លួនគាត់ គឺ United Microelectronics Corp Semiconductor Company។ ឥឡូវនេះ គាត់ក៏ស្ថិតក្នុងចំណោមប្រជាជនតៃវ៉ាន់ ដែលមានការព្រួយបារម្ភ អំពីការឈ្លានពានរបស់ចិន។ ប៉ុន្ដែជាមួយនឹងផ្នែកមួយ នៃចំនួនទឹកប្រាក់ទាំងនោះ លោកមហាសេដ្ឋី នឹងសន្យា ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រព័ន្ធការពារយន្តហោះគ្មានមនុស្សបើកយោធាដ៏សំខាន់។
បណ្ដាញទូរទស្សន៍ BBC បានដកស្រង់សម្ដីរបស់លោកមហាសេដ្ឋី មានលុយរាប់ពាន់លានរូបនេះ យកមកផ្សាយ ថា «បច្ចុប្បន្ន សង្គ្រាមវាយប្រយុទ្ធគ្នា ដូចអ្វីដែលយើងឃើញ នៅក្នុងប្រទេសអ៊ុយក្រែន មិនមែន ជាការប្រៀបធៀប ចំនួនទាហាន ឬ ចំនួនរថក្រោះនោះឡើយ។ ប៉ុន្ដែវាជាសង្គ្រាម ត្រូវបានសម្រេចចិត្ត ដោយបញ្ញា»។
ចិន បានធ្វើសមយុទ្ធយោធា នៅជុំវិញកោះតៃវ៉ាន់ កាលពីខែសីហា ដើម្បីបង្ហាញ អំពីការខឹងសម្បារបស់ខ្លួន ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី មកកាន់ទីក្រុងតៃប៉ិ កាលពីថ្ងៃទី២ ខែសីហា។ ចាប់តាំងពីពេលនោះមក ក្រុងប៉េកាំង នៅតែបន្ដសកម្មភាពយោធារ បើទោះជាមានកម្រិតថយចុះយ៉ាងណាក្ដី។
តៃវ៉ាន់ កំពុងតែពង្រឹងកិច្ចការការពាររបស់ខ្លួន សម្រាប់ប្រឈមមុខជាមួយនឹងសកម្មភាពរបស់ចិន ដែលកំពុងតែកើនឡើង ហើយមេបញ្ជាការកងទ័ពជើងទឹកតៃវ៉ាន់ លោក ឈៀង ចេងគួ (Chiang Cheng-kuo) បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ថា ដោយបូកបញ្ចូលនឹងនាវាពិឃាតជំនាន់ថ្មី អាចធ្វើឲ្យកងនាវាចម្បាំងដ៏ខ្លាំងរបស់តៃវ៉ាន់ កើនដល់ចំនួន២៦គ្រឿង។
លោកមេបញ្ជាការកងទ័ពជើងទឹកតៃវ៉ាន់ បានបញ្ជាក់ ថា ការគំរាមកំហែងផ្នែកយោធារបស់ចិន បានបង្កើននូវការគាំទ្ររបស់សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន មកលើកោះតៃវ៉ាន់ ដើម្បីធានាថា អ្វីដែលបានកើតឡើង ចំពោះអ៊ុយក្រែន នឹងមិនកើតមានឡើងម្តងទៀត នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ នោះឡើយ។
ក្រុងប៉េកាំង តែងតែអះអាង ថា តៃវ៉ាន់ ដែលគ្រប់គ្រង ដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិបតេយ្យ គឺជាផ្នែកមួយ នៃទឹកដីចិន។ ប៉ុន្ដែក្រុងតៃប៉ិ បានច្រានចោល ចំពោះការអះអាង អំពីអធិបតេយ្យភាពរបស់ចិន ហើយថែមទាំងបញ្ជាក់យ៉ាងច្បាស់ ថា មានតែប្រជាជនដែនកោះតៃវ៉ាន់ តែមួយគត់ ទើបអាចសម្រេច លើជោគវាសនាអនាគតរបស់ពួកគេបាន។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ចិន ក៏មិនដែលបោះបង់ចោលនូវការប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្ដើម កាន់កាប់កោះតៃវ៉ាន់ មកដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ក្រុងប៉េកាំង នោះឡើយ។ នៅក្នុងអំឡុងឆ្នាំ២០០៥ ក្រុងប៉េកាំង បានអនុម័តនូវច្បាប់មួយ ដោយអនុញ្ញាត ឲ្យប្រទេសចិន មានមូលដ្ឋានផ្លូវច្បាប់ សម្រាប់ប្រើប្រាស់សកម្មភាពយោធា ប្រឆាំងនឹងតៃវ៉ាន់ ប្រសិនបើក្រុងប៉េកាំង ចង់ដណ្ដើមយកដែនកោះនេះ។
ដោយឡែក រដ្ឋាភិបាលតៃវ៉ាន់ បញ្ជាក់ ថា ដោយសារតែដែនកោះមួយនេះ មិនធ្លាប់ស្ថិតនៅក្រោមគ្រប់គ្រងរបស់សាធារណរដ្ឋប្រជាមានិតចិន ដូច្នេះការទាមទារអធិបតេយ្យភាពរបស់ ក្រុងប៉េកាំង ត្រូវទុកជាមោឃៈ។
លោក ផេត្រូ ប៉ូរ៉ូសែនកូ (Petro Poroshenko) ជាមហាសេដ្ឋីមួយរូបរបស់អ៊ុយក្រែន មានលុយរហូតដល់ ១,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។ គាត់ បានជាប់ឆ្នោត ក្លាយជាប្រធានាធិបតីទី៥របស់អ៊ុយក្រែន ដោយកាន់អំណាច ចន្លោះពីឆ្នាំ២០១៤ ដល់២០១៩ មុនពេលលោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី កាន់តំណែងជាប្រធានាធិបតី៕