អង្គការណាតូ គាំទ្រខែលមីស៊ីលអាល្លឺម៉ង់ ការពារតំបន់អឺរ៉ុប ទប់ទល់រុស្ស៊ី
រាជធានីប៊្រុចសែលស៍ (Brussels)៖ ជាមួយនឹងសង្គ្រាម កំពុងតែបន្ដវាយប្រយុទ្ធយ៉ាងសាហាវ ដោយការប្រើប្រាស់មីស៊ីលទំនើបៗ បាញ់ស្រោចមកលើអ៊ុយក្រែន ទើបធ្វើឲ្យបណ្ដាសមាជិករបស់អង្គការណាតូ គាំទ្រដល់ខែលការពារមីស៊ីលរបស់អាល្លឺង់ សម្រាប់យកមកដាក់ពង្រាយការពារទឹកដីរបស់ពួកគេ ត្រៀមខ្លួនជាមុន ដើម្បីទប់ទល់នឹងការវាយប្រហារជាយថាហេតុ ពីរុស្ស៊ី។
សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រហស្បតិ៍ ទី១៣ ខែតុលា ថា រហូតមកដល់ពេលនេះ ប្រទេស ជាសម្ពន្ធមិត្តរបស់អង្គការណាតូ យ៉ាងតិច ចំនួន១៥ រួមទាំង ចក្រភពអង់គ្លេស និង ហូឡង់ដ៍ បានចុះហត្ថលេខា លើលិខិតមួយ ចូលរួមគម្រោង រយៈពេលវែងរបស់អាល្លឺម៉ង់ ដើម្បីបង្កើតខែល ប្រឆាំងមីស៊ីល សម្រាប់តំបន់អឺរ៉ុប ដែលនឹងជំរុញឲ្យមានកិច្ចការពារ ភាគច្រើន សម្រាប់ទ្វីបនេះ។
ប្រព័ន្ធការពារដែនអាកាសនេះ នឹងមានស្រទាប់ជាច្រើន សម្រាប់ស្ទាក់ចាប់មីស៊ីល ប្រភេទផ្សេងៗគ្នា ពីកម្ពស់ខុសៗគ្នា ដែលអាចភ្ជាប់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល Arrow 3 ក៏ដូចជា Patriots ផលិត ដោយសហរដ្ឋអាមេរិក និង IRIS-Ts របស់អាល្លឺម៉ង់ ហើយនឹងត្រូវបានដាក់ពង្រាយ តាមរយៈអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ។
លោកស្រី គ្រីស្ទីន ឡាមប៊្រេច (Chrinstine Lambrecht) រដ្ឋមន្រ្ដីក្រសួងការពារជាតិអាល្លឺម៉ង់ បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីក្រសួងការពារជាតិ នៅក្នុងទីក្រុងប៊្រុចសែលស៍ ប្រទេសប៊ែលហ្ស៊ិក ថា បណ្ដាប្រទេសជាច្រើន រួមមាន រដ្ឋនានានៅតំបន់បាល់ទិក អាល្លឺម៉ង់ ហ្វាំងឡង់ដ៍ ន័រវ៉េស និង ប្រទេសផ្សេងៗទៀត ចង់រួមគ្នាដោះស្រាយកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដើម្បីបិទចន្លោះប្រហោង នៅក្នុងវិស័យការពារដែនអាកាស។ បញ្ហានេះ បាននិយាយ អំពីការអាចធ្វើអន្តរកម្មបាន ហើយវាមានលទ្ធភាព អាចកំណត់តម្លៃ និង និយាយអំពីការអាចជួយគ្នាទៅវិញទៅមក។ ដូច្នេះកិច្ចខិតខំប្រឹងប្រែងទាំងនេះ ជាស្ថានភាពឈ្នះឈ្នះ សម្រាប់ប្រទេសទាំងអស់ ដែលជាផ្នែក នៃខែលការពារនេះ។
បើតាមមន្រ្ដីបស្ចិមលោក ដែលដឹងអំពីបញ្ហានេះ បានឲ្យដឹង ថា ហុងហ្គារី (Hungary), ប៊ុលហ្គារី (Bulgaria), រ៉ូម៉ានី (Romania), ស្លូវ៉ាគី (Slovakia), សាធារណរដ្ឋឆែក ក៏ដូច ស្លូវ៉ានី (Slovenia) និង ប៊ែលហ្ស៊ិក ក៏នឹងចុះហត្ថលេខា នៅលើគម្រោងនេះផងដែរ។
លោកស្រី រដ្ឋមន្រ្ដីក្រសួងការពារជាតិអាល្លឺម៉ង់ បានគូសបញ្ជាក់ ដល់ហានិភ័យសន្ដិសុខកំពុងតែកើនឡើង ក្រោយការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន និង ការគំរាមកំហែងពាក់ព័ន្ធ បង្កឡើង ដោយប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin)៕