មន្រ្ដីអ៊ុយក្រែន អួតអាង ពីការផ្ដាច់ជីវិតទាហានរុស្ស៊ី ១ថ្ងៃ៥០០នាក់
រដ្ឋធានីកៀវ៖ ថ្វីបើចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះ រហូតមកកម្លាំងទាហានក្រុងមូស្គូ បានបាញ់មីស៊ីលយ៉ាងសន្ធាប់ទៅលើទីក្រុងនានា របស់អ៊ុយក្រែន យ៉ាងណាក្ដីប៉ុន្តែមន្រ្ដីក្រុងកៀវបានអួតអាងពី ការសម្លាប់ទាហានរុស្ស៊ីនៅលើសមរភូមិ រហូតដល់៥០០នាក់ កាលពីថ្ងៃព្រហស្បតិ៍។
ទីភ្នាក់ងារសារព័ត៌មានជាតិអ៊ុយក្រែន Ukrinform បានចេញផ្សាយកាលពីព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលាថា បើតាមអគ្គសេនាធិការកងទ័ព អ៊ុយក្រែន បានបង្ហោះនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន អះអាងថានៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កងទ័ពការពារទឹកដីរបស់ក្រុងកៀវបានសម្លាប់ទាហានរុស្ស៊ី ចំនួន៥០០នាក់។ ជាមួយចំនួនទាហានស្លាប់ថ្មីនេះ បានធ្វើឲ្យទាហានរុស្ស៊ីបាត់បង់ជីវិត កើនឡើង សរុប ៦៤ ៣០០នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាមនាថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី១៤ ខែតុលា។
ក្រៅពីការបាត់បង់កងទ័ពនោះ រុស្ស៊ី ក៏បានខូចខាតគ្រឿងយុទ្ធោបករណ៍ជាច្រើនបន្ថែមទៀត រួមមាន រថក្រោះ ចំនួន ២ ៥២១គ្រឿង, រថពាសដែក ចំនួន ៥ ១៧២គ្រឿង, ប្រព័ន្ធបាញ់កាំភ្លើងធំ ចំនួន ១ ៥៦៦គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត MLRS ចំនួន៣៦២គ្រឿង, ប្រព័ន្ធការពារប្រឆាំងនឹងយន្ដហោះ ចំនួន ១៨៦គ្រឿង, យន្ដហោះចម្បាំង ២៦៨គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន ២៤០គ្រឿង, គ្រូសមីស៊ីល ចំនួន ៣១៦ដើម, នាវាចម្បាំងតូចធំ ១៦គ្រឿង, យានយន្ដដឹកសាំង ៣ ៩៤៤គ្រឿង និង សម្ភារសឹកផ្សេងៗទៀត។
ទោះជាយ៉ាងណាសេចក្ដីរាយការណ៍នេះ នៅមិនទាន់មានប្រភពឯករាជ្យណាមួយ បញ្ជាក់ជុំវិញការអះអាងរបស់អ៊ុយក្រែន អំពីការសម្លាប់ទាហាន និង កម្ទេចគ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ី នៅឡើយ។ ដោយឡែក ក្រុងមូស្គូ ក៏នៅមិនទាន់មានប្រតិកម្មភ្លាមៗ អំពីការលើកឡើង ពីមន្រ្ដីក្រុងកៀវនោះដែរ៕