វៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់កាហ្វេដ៏បំផុតលំដាប់លេខ៣ នៅសហរដ្ឋអាមេរិក

រដ្ឋធានីហាណូយ៖ រហូតមកដល់ពេលនេះ វៀតណាម បាន និង កំពុងតែសម្លឹងមើលទីផ្សារ នៅតាមបណ្ដាប្រទេសបស្ចិមលោក និង នៅទ្វីអាស៊ី ក៏ដូចជាទ្វីបផ្សេងៗទៀត ហើយបច្ចុប្បន្ន បានក្លាយជាអ្នកផ្គត់ផ្គង់កាហ្វេដ៏ធំបំផុតលំដាប់លេខ៣ នៅសហរដ្ឋអាមេរិក។

សារព័ត៌មាន Vietnam Net បានចេញផ្សាយ កាលពីថ្ងៃទី១៤ ខែតុលា ថា បើតាមអគ្គនាយកដ្ឋានគយវៀតណាម បានរាយការណ៍ ថា វៀតណាម ក្លាយជាប្រទេសផ្គត់ផ្គង់កាហ្វេដ៏ធំបំផុតលំដាប់លេខ៣ ទៅកាន់សហរដ្ឋអាមេរិក ជាលើកដំបូង នៅក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២២នេះ។

ប្រជាជាតិអាស៊ានមួយនេះ បាននាំចេញកាហ្វេ ចំនួន ៩៦ ៥៣០តោន ទៅកាន់សហរដ្ឋអាមេរិក នៅក្នុងរយៈពេល៨ខែកន្លងមកនេះ ដោយរកប្រាក់ចំណូលបាន ចំនួន២២៧,៤៦លានដុល្លារ កើនឡើង៥,២ភាគ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំកន្លងទៅ កើនដល់៣៥,៩ភាគរយ។

ទីភ្នាក់ងារគយ បានរាយការណ៍ ថា ទីផ្សារកាហ្វេរបស់វៀតណាម រួមចំណែក នៅសហរដ្ឋអាមេរិក កើនពី៦,២៧ភាគរយ ទៅ៦,៤៥ភាគរយ។ នៅក្នុងអំឡុងពីខែមករា ដល់ ខែកញ្ញា វៀតណាម រកប្រាក់ចំណូល ចំនួន ៣,០៦ពាន់លានដុល្លារ ពីការនាំចេញកាហ្វេ ចំនួន១,៣៤លានតោន។ តួលេខនាំចេញកាហ្វេនេះ បានកើនឡើង រហូតដល់ ១៣,១ភាគរយ ហើយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំកន្លងទៅ កើនដល់៣៧ភាគរយ។

បច្ចុប្បន្ន វៀតណាម បានដឹកជញ្ជូនកាហ្វេរបស់ខ្លួន ទៅកាន់ប្រទេស និង ដែនដី ជាង៨០ រហូតធ្វើឲ្យប្រទេសអាស៊ានមួយនេះ ក្លាយជាអ្នកនាំចេញកាហ្វេដ៏ធំបំផុតលំដាប់លេខ២ នៅលើពិភពលោក ជាមួយនឹងចំណែកទីផ្សាររបស់ពិភពលោក ស្មើនឹង១៤,២ភាគរយ។ ទីផ្សារកាហ្វេដ៏ធំបំផុតរបស់វៀតណាម រួមមាន អឺរ៉ុប សហរដ្ឋអាមេរិក រុស្ស៊ី ជប៉ុន និង ចក្រភពអង់គ្លេស។ ដោយឡែក នៅតំបន់អឺរ៉ុបវិញ វៀតណាម ក្លាយជាប្រទេសផ្គត់ផ្គត់កាហ្វេដ៏ធំបំផុតលំដាប់លេខ២ ជាមួយនឹងចំណែកទីផ្សារ ១៦,១ភាគរយ បន្ទាប់ពីប្រេស៊ីល។ បច្ចុប្បន្ននេះ ប្រទេសវៀតណាម មានរោងចក្រកែច្នៃគ្រាប់កាហ្វេ ចំនួន៩៧ ដោយមានសមត្ថភាពផលិតបាន រហូតដល់ ១,៥ លានតោន ក្នុងមួយឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង