យន្ដហោះល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ី ធ្លាក់ណ្ដាលទីក្រុង
រដ្ឋធានីមូស្គូ៖ យន្ដហោះទម្លាក់គ្រាប់បែកមួយគ្រឿងរបស់កងទ័ពជើងទឹករុស្ស៊ី បានធ្លាក់នៅលើតំបន់លំនៅឋាន កណ្ដាលទីក្រុងយេយស្ក៍ (Yeysk) នាភាគខាងត្បូង ប្រទេសរុស្ស៊ី ជិតព្រំដែនអ៊ុយក្រែន បណ្ដាលឲ្យមនុស្ស យ៉ាងតិច៦នាក់បាត់បង់ជីវិត និង ២៥នាក់ផ្សេងទៀត បានរងរបួស។
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៨ ខែតុលា ថា យន្តហោះចម្បាំងល្បឿនលឿនជាងសំឡេងមួយគ្រឿង បានធ្លាក់ចូលទៅលើអគារលំនៅឋានមួយកន្លែង នៅទីក្រុង Yeysk ភាគខាងត្បូង ប្រទេសរុស្ស៊ី ក្បែរព្រំដែនជាប់ជាមួយប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់៦នាក់ ហើយភ្លើងបានឆាបឆេះប្លុកផ្ទះល្វែង នោះ។
អាជ្ញាធរក្នុងតំបន់ បានបញ្ជាក់ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា មនុស្សយ៉ាងតិច៦នាក់ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះ នៅជិតព្រំដែនជាមួយនឹងប្រទេសអ៊ុយក្រែន។ ចំណែកមនុស្ស២៥នាក់ផ្សេងទៀត បានរងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ ថា យន្ដហោះទម្លាក់គ្រាប់បែករបស់កងទ័ពរុស្ស៊ី មួយគ្រឿង ប្រភេទ Su-34 កំពុងតែហោះហ្វឹកហ្វឺន កាលពីល្ងាច ថ្ងៃចន្ទ ស្រាប់តែម៉ាស៊ីនមួយរបស់យន្ដហោះ មានភ្លើងឆាបឆេះឡើង។ ស្ថិតក្នុងហេតុការណ៍ប្រកបដោយគ្រោះថ្នាក់បែបនេះ អាកាសយានិក នៅក្នុងយន្ដហោះនោះ ក៏បានចុតឆត្រលោតចេញ មុនពេលវាធ្លាក់។
បើតាមវីដេអូ បានឃើញជាក់ស្តែង បង្ហាញពីអ្នកស្រុក ព្យាយាមជួយអ្នកបើកយន្តហោះម្នាក់ដែលដេក នៅលើដីក្បែរនោះ ដោយមានទាំងឆត្រយោង នៅពីក្រោយខ្នងរបស់គាត់ ថែមទៀតផង។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា «យោងតាមរបាយការណ៍ ពីអ្នកបើកយន្តហោះ ដែលបានលោត ចេញពីយន្តហោះ អះអាង ថា មូលហេតុ នៃការធ្លាក់យន្ដហោះនេះ មកពីមានភ្លើងឆេះម៉ាស៊ីនមួយ នៅក្នុងអំឡុងពេលហោះហ្វឹកហ្វឺន។ ចំណែកចំណុចដែលយន្ដហោះ Su-34 នោះធ្លាក់ ជាទីធ្លាប្លុកលំនៅឋានរបស់ប្រជាពលរដ្ឋ ហើយប្រេងឥន្ធនៈរបស់យន្ដហោះ ក៏បានបង្កឲ្យមានភ្លើងឆាបឆេះឡើង»។
អ្នកឆ្លើយឆ្លងព័ត៌មាន នៅក្នុងតំបន់ម្នាក់ ស្ថិតក្នុងទីក្រុង Yeysk បានប្រាប់ដល់បណ្ដាញទូរទស្សន៍ Rossiya 24 គ្រប់គ្រងដោយរដ្ឋរុស្ស៊ី ថា ប្លុកអគារចំនួន២ បានរងនូវគ្រោះអគ្គិភ័យ។ ចំណែកកុមារ នៅក្នុងសាលាជិតនោះ ត្រូវបានជម្លៀសចេញ ដោយសុវត្ថិភាព។
ជាមួយគ្នានេះ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានបញ្ជាឲ្យអាជ្ញាធរជាតិ និង តំបន់ ត្រូវតែផ្ដល់ជំនួយចាំបាច់ ជួយដល់ជនរងគ្រោះ ពីគ្រោះអគ្គិភ័យ នៅកណ្ដាលទីក្រុង Yeysk ហើយក្រុមមន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាល ក៏ត្រូវបញ្ជូនទៅជួយសម្របសម្រួល ដល់មជ្ឈមណ្ឌលឆ្លើយតបនឹងវិបត្ដិនេះផងដែរ។
គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានបញ្ជាក់ ថា ខ្លួននឹងបើកការស៊ើបអង្កេត លើករណីព្រហ្មទណ្ឌ និង បានបញ្ជូនក្រុមស៊ើបអង្កេត ទៅកាន់កន្លែងធ្លាក់យន្ដហោះនោះ ដោយមិនបានផ្ដល់ហេតុផលណាមួយនោះឡើយ។
ទីក្រុង Yeysk នៅឈមនឹងដែនដីកាន់កាប់ ដោយរុស្ស៊ី ស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន ដែលខណ្ឌ ដោយសមុទ្រអាហ្សូវ (Azov)។ ទីក្រុងនោះ ត្រូវបានប្រើប្រាស់ ជាមូលដ្ឋានហ្វឹកហ្វឺនដ៏ធំ សម្រាប់កងទ័ពអាកាសរបស់ទាហានជើងទឹករុស្ស៊ី៕