បុរសដើមកំណើតឥណ្ឌា នឹងឈរឈ្មោះប្រជែងតំណែងនាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស
បុរសដើមកំណើតឥណ្ឌា នឹងឈរឈ្មោះប្រជែងតំណែងនាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស
រាជធានីឡុងដ៍៖ អតីតរដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុ និង ជាគូប្រជែងយ៉ាងស្វិតស្វាញជាមួយនឹងលោកស្រី លីស ត្រាស់ នៅក្នុងការដណ្ដើមតំណែងនាយករដ្ឋមន្រ្ដី ហើយនៅពេលនេះ គាត់នឹងឈរឈ្មោះសាជាថ្មី ដើម្បីប្រកួតយកតំណែងកំពូលមួយនេះ។
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៣ ខែតុលា ថា លោក បូរីស ចនសុន (Boris Johnson) អតីតនាយករដ្ឋមន្រ្ដី និង លោក រីស៊ី ស៊ុនណាក់ (Rishi Sunak) អតីតរដ្ឋមន្រ្ដក្រសួងហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេស បានជួបពិភាក្សាគ្នា ខណៈពួកគេខិតកាន់តែជិតដល់ថ្ងៃកំណត់ សម្រាប់ការតែងតាំង នៅក្នុងការប្រកួតប្រជែង ដើម្បីជំនួសតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី លីស ត្រាស (Liz Truss) ដែលបានប្រកាសលាលែង ពីតំណែង កាលពីសប្ដាហ៍មុន ដោយសារតែវិបត្ដិនយោបាយ និង សេដ្ឋកិច្ច។
ប្រភពចំនួន២ផ្សេងគ្នា បានប្រាប់ដល់បណ្ដាញទូរទស្សន៍ BBC ថា មានកិច្ចប្រជុំមួយ បានកើតឡើង ប៉ុន្តែគេមិនបានបង្ហាញ អំពីអ្វីដែលពួកគេបានពិភាក្សាគ្នានោះឡើយ។ លោក Rishi Sunak បានកើត នៅសៅហាមតុន (Southampton) ចក្រភពអង់គ្លេស មានឪពុកម្តាយ ជាជនជាតិឥណ្ឌា ដែលបានធ្វើចំណាកស្រុក ចេញពីអាហ្វ្រិកខាងកើត ទៅកាន់ចក្រភពអង់គ្លេស នាក្នុងអំឡុងទសវត្សរ៍ ឆ្នាំ១៩៦០ ធ្លាប់ចូលរួមប្រកួតប្រជែងយ៉ាងស្វិតស្វាញ ជាមួយនឹងលោកស្រី លី ត្រាស់ (Liz Truss) ដើម្បីកាន់កាប់តំណែង ជានាយករដ្ឋមន្រ្ដីរបស់ប្រទេសមហាអំណាចបស្ចិមលោកមួយនេះ ឥឡូវនឹងចូលខ្លួន មកប្រកួតសាជាថ្មី។ ឥឡូវគាត់នឹងបន្តសកម្មភាព ឆ្ពោះទៅរកការប្រកួតប្រជែងតំណែងនាយករដ្ឋមន្រ្ដីជាថ្មី ដោយប្រមូលការគាំទ្រ ពីសមាជិកសភា ចំនួន១២៨នាក់ មកពីគ្រប់សមាជិកបក្សរបស់គាត់ រួមទាំង អតីតសម្ពន្ធមិត្តរបស់លោក បូរីស ចនសុន ផងដែរ។
បុរសអង់គ្លេស មានដើមកំណើតឥណ្ឌា Rishi Sunak បានបញ្ជាក់ថា គាត់នឹងឈរឈ្មោះ ជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ស្នងតំណែងពីលោកស្រី លីស ត្រាស់។
លោក Rishi Sunak បានសរសេរ នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter កាលពីថ្ងៃអាទិត្យ ថា «ចក្រភពអង់គ្លេស ជាប្រទេសដ៏អស្ចារ្យមួយ ប៉ុន្តែយើងកំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត។ នេះជាមូលហេតុ ដែលខ្ញុំនឹងឈរឈ្មោះ សម្រាប់តំណែងជាមេដឹកនាំគណបក្សអភិរក្សនិយម និង ជានាយករដ្ឋមន្ត្រី ស្នងតំណែងពីលោកស្រី លីស ត្រាស់»។
បុរសអង់គ្លេស មានឪពុកម្ដាយជាជនជាតិឥណ្ឌា រូបនេះ កាលពីប៉ុន្មានខែកន្លងទៅថ្មីៗនេះ បានចូលរួមប្រកួតប្រជែងតំណែងនាយករដ្ឋមន្រ្ដី ជាមួយនឹងលោកស្រី លីស ត្រាស់ ដើម្បីស្នងតំណែង បន្ដដឹកនាំចក្រភពអង់គ្លេស ពីលោក បូរីស ចនសុន ដែលបានប្រកាសលាលែងពីតំណែង។ ប៉ុន្ដែការប្រកួតដល់ដំណាក់កាលចុងក្រោយ គាត់បានចាញ់លោកស្រី លីស ត្រាស់។
ដោយឡែក លោកស្រី លីស ត្រាស់ គ្រាន់តែបានទទួលជ័យជម្នះ នៅក្នុងការកាន់កាប់តំណែងនាយករដ្ឋមន្រ្ដីរបស់ចក្រភពអង់គ្លេស ភ្លាម ក៏បានធ្វើកំណែងទម្រង់យ៉ាងខ្លាំងក្លាបំផុត ដោយបានកាត់បន្ថយពន្ធ។ ប៉ុន្ដែគោលនយោបាយរបស់លោកស្រី បាននាំឲ្យមានភាពវឹកវរ ទាំងនយោបាយ និង សេដ្ឋកិច្ច នៅក្នុងប្រទេសមហាអំណាចបស្ចិមលោកមួយនេះ ទើបលោកស្រី បានប្រកាសលាលែងពីតំណែង ក្រោយពេលក្លាយជានាយករដ្ឋមន្រ្ដី បានត្រឹមតែរយៈពេល៤៥ថ្ងៃប៉ុណ្ណោះ៕