អាជ្ញាធររុស្ស៊ី កាន់កាប់តំបន់ឃើរសុន ជំរុញឲ្យពលរដ្ឋរត់ភៀសខ្លួនចេញជាបន្ទាន់
អាជ្ញាធររុស្ស៊ី កាន់កាប់តំបន់ឃើរសុន ជំរុញឲ្យពលរដ្ឋរត់ភៀសខ្លួនចេញជាបន្ទាន់
រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ អាជ្ញាធរនៅតំបន់ឃើរសុន (Kherson) លើកបន្ដុប ដោយរុស្ស៊ី បានជំរុញឲ្យប្រជាជនរស់នៅក្នុងតំបន់នេះ ត្រូវរត់ភៀសខ្លួន ចេញជាបន្ទាន់ ដោយសារពួកគេរំពឹងទុក ពីការវាយប្រហាររុលទៅមុខយ៉ាងលឿន ពីកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៣ ខែតុលា ថា អាជ្ញាធរ គាំទ្រ ដោយរុស្ស៉ី ដែលបានគ្រប់គ្រង នៅក្នុងតំបន់ឃើរសុន ស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន បានជំរុញឲ្យប្រជាជន ចាកចេញជាបន្ទាន់ ខណៈពួកគេរំពឹងទុកថា កងទ័ពអ៊ុយក្រែន នឹងវាយលុក មកកាន់តំបន់នេះយ៉ាងលឿន។
ការប្រកាសរបស់អាជ្ញាធរ គាំទ្រដោយរុស្ស៊ី បានកើតឡើង ចំពេលលោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី បានអះអាង ថា រុស្ស៉ីបានបាញ់ផ្លោងគ្រាប់រ៉ុក្កែត ចំនួន៣៦គ្រាប់ មកលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន បណ្ដាលឱ្យដាច់ចរន្តអគ្គិសនី នៅទូទាំងប្រទេស កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍មុននេះ។
អាជ្ញាធរគាំទ្រដោយក្រុងមូស្គូ បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ថា «ដោយសារស្ថានការណ៍ នៅលើសមរភូមិ កំពុងតែប្រឈមមុខនឹងភាពតានតឹងខ្លាំងឡើង ហើយការបាញ់ផ្លោងមកលើទីក្រុង កំពុងតែកើនខ្លាំង ធ្វើឲ្យការគំរាមកំហែង ពីការវាយប្រហារភេរវកម្ម លើជនស៊ីវិល កាន់តែធ្ងន់ធ្ងរទៅ។ ដូច្នេះ អាជ្ញាធរ ត្រូវតែជំរុញឲ្យពលរដ្ឋចាកចេញពីទីក្រុងនេះ ជាបន្ទាន់ ដោយត្រូវឆ្លងទៅច្រាំងខាងឆ្វេង នៃទន្លេឌីនីប្រូ»។
ក្រោយពេលមានការប្រកាសបែបនេះ រុស្ស៉ី បានជម្លៀស ប្រជាជនចេញពីតំបន់ឃើរសុន ជាបន្តបន្ទាប់ ប្រមាណ ២៥ ០០០នាក់ បានឆ្លងទន្លេ ឌីនីប្រូ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុននេះ ៕